Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បន្ទាយមានជ័យ ត្រៀមលក្ខណៈជាស្រេច ក្នុងដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២២ និងទទួលយកអ្នកសង្កេតការណ៍ ពីអង្គភាពប្រឆាំងអំពើពុករលួយ

Views: 2

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ដូចជា រាជធានី ខេត្ត ដទៃទៀតដែរ ខេត្តបន្ទាយមានជ័យ ក៏បានត្រៀមលក្ខណៈជាស្រេច ក្នុងការប្រព្រឹត្តទៅ នៃមណ្ឌលសំណេរ ក្នុងដំណើរការប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (ឬ បាក់ឌុប) ឆ្នាំ២០២២ និងក៏ទទួលយក ហើយសហការ ដ៏ពេញបន្ទុក ជាមួយអ្នកសង្កេតការណ៍ ពីអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព. ACU) ក្នុងចំនួនដែលច្រើនឡើងវិញ។

នេះបើតាមកិច្ចប្រជុំដាច់ដោយឡែកពីគ្នា បន្តបន្ទាប់ រវាងរដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរ-អង្គភាព សមត្ថកិច្ចកងកម្លាំងនគរបាល កងរាជអាវុធហត្ថ សហភាពសហព័ន្ធអយុវជនកម្ពុជា (ស.ស.យ.ក.) ដែលដឹកនាំដោយលោក ឃ្លោក នួយ អភិបាលរង ខេត្តបន្ទាយមានជ័យ ជាមួយក្រុមការងារ អង្គភាព អ.ប.ព. ដឹកនាំដោយលោក ទិត្យ សុវណ្ណ អនុប្រធានក្រុមប្រចាំមណ្ឌលប្រឡង នៅខេត្តនេះ កន្លងមក។

កិច្ចប្រជុំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយអភិបាលរដ្ឋបាលខេត្ត រាជធានី ដើម្បីត្រៀម រៀបចំយន្តការ សម្របសម្របសម្រួល ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៥ ខែ ធ្នូ ឆ្នាំ២០២២ ខាងមុខ តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

អនុប្រធានក្រុមអង្គភាព អ.ប.ព. ប្រចាំខេត្ត បានឱ្យដឹងថាៈ ក្រោយវិបត្តិសាកល នៃការរីករាល ដាល ជំងឺកូវីដ-១៩ នាសម័យឆ្នាំ២០២២ នេះ មានដំណើរការមណ្ឌល (សំណេរ) ប្រឡងបាក់ឌុប ឡើងវិញ ។ ក្នុងកិច្ចសហការ អង្គភាព អ.ប.ព. នឹងពង្រាយអ្នកសង្កេតការណ៍ ក្នុងបរិមាណច្រើនឡើងវិញ ដូចក្នុងអំឡុងឆ្នាំដំបូងៗ ដែលរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ឱ្យអង្គភាពនេះពង្រាយ។

ទោះយ៉ាងណា លោកបាននិយាយបន្ធូរអារម្មណ៍ថាៈ ការពង្រាយអ្នកសង្កេតការណ៍ឡើងវិញ ក្នុងបរិមាណច្រើននាក់នេះ នៅគ្រប់មណ្ឌលសំណេរ នៅទូទាំង ២៥ រាជធានី ខេត្ត នៃប្រទេសនេះ មិនមានន័យថា យើងព្រួយបារម្ភ ឬមិនទុកចិត្ត គណ:មេប្រយោគ ការប្រឡងរបស់ក្រសួងអប់រំឡើយ។ ផ្ទុយទៅវិញ វាជាការពង្រឹងលទ្ធផលការងារប្រឡង ដែលល្អប្រសើរស្រាប់ហើយ ឱ្យកាន់តែល្អដដែល ឬល្អឡើងបន្ថែមទៀត។

លោក ថោង ច័ន្ទរឹទ្ធី នាយករងរដ្ឋបាល សាលាខេត្តបន្ទាយមានជ័យ បានអានសេចក្តីណែនាំ ស្តីពីការងារសង្កេតការណ៍ ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ របស់អង្គភាព អ.ប.ព. នៃស្ថាប័នប្រឆាំងអំពើពុករលួយ លេខ០០៧/២២ សជណ អបព ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោក ទេសរដ្ឋមន្ត្រី កិត្តិនិតិកោសល្យ បណ្ឌិត ឱម យិនទៀង ប្រធានអង្គភាព ដែលបង្ហាញពីបុព្វហេតុ នៃការសង្កេតការណ៍ ភារកិច្ច សិទ្ធិ កាតព្វកិច្ច កម្រិតវិន័យ សម្រាប់អ្នកសង្កេតការណ៍ ជាដើម។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានលើកឡើង ពីការត្រៀមរៀបចំយន្តការ សម្របសម្របសម្រួល ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយ ភូមិ សម័យប្រឡង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ របស់ខេត្តបន្ទាយមានជ័យ។ ក្នុងនោះ មានចំនួន ៧ មណ្ឌល នៅកណ្តាលក្រុងសិរីសោភ័ណ ឬទីប្រជុំជនខេត្ត ។ បេក្ខជនចូលប្រឡង មានចំនួន ៥.៨០២ នាក់ /​ ស្រី៣.១៧៦ នាក់ ។ ក្នុងនោះ ១/ បេក្ខជនចំណេះទូទៅ មានចំនួន ៤.៧៥៥ នាក់ / ស្រីចំនួន ២.៧០៩ នាក់ ។ ២/ បេក្ខជនស្វៃរិន ចំណេះទូទៅ មានចំនួន ៧៥៧ នាក់ / ស្រី ៣៩៣ នាក់ និង ៣/ បេក្ខជន បំពេញវិជ្ជា មានចំនួន ២៩០ នាក់ / ស្រីមានចំនួន ៧០ នាក់។

ឯមណ្ឌលប្រឡង (មណ្ឌលសំណេរ) ចែកចេញជាមណ្ឌលវិទ្យាសាស្ត្រ (ពិត) ៣ មណ្ឌល មានៈ ១-មណ្ឌលវិទ្យាល័យសម្តេចឪ មាន ៣២ បន្ទប់ បេក្ខជនចំនួន ៨០០ នាក់ ។ ២-មណ្ឌលសាលាបឋមសិក្សា ហ៊ុន សែន សូភី មាន ៣០ បន្ទប់ មានបេក្ខជន ៧៥០ នាក់ និង ៣-មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្លាកូន មាន ២៥ បន្ទប់ មានបេក្ខជន ៦១៨ នាក់។

មណ្ឌលវិទ្យាសាស្ត្រសង្គម (ថ្នាក់សង្គម បំពេញវិជ្ជា និងស្វ័យរិន) មាន ៤ មណ្ឌលៈ ១-មណ្ឌលវិទ្យាល័យសិរីសោភ័ណ មាន ៤១ បន្ទប់ បេក្ខជន ១.០២៥ នាក់ ។ ២-មណ្ឌលសាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច សាខាខេត្តបន្ទាយមានជ័យ (UME) មាន ៤១ បន្ទប់ បេក្ខជន ១.០២៥ នាក់។ ៣-មណ្ឌលវិទ្យាល័យសកពនរ អូរអំបិល មាន ៤១ បន្ទប់ បេក្ខជន ១.០២៥ នាក់ និង ៤-មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ (NMU) មាន ២៣ បន្ទប់ បេក្ខជន ៥៥៩ នាក់។

លោក បានបន្តថាៈ គ្រប់មណ្ឌល មានហេដ្ឋារចនាសម្ព័ន្ធ ទីធ្លា បរិស្ថានស្តង់ដារ ដូចជា អគារ បន្ទប់ ទ្វារ បង្អូច របង ខ្លោងទ្វារ បណ្តាញទឹក ភ្លើង បន្ទប់ទឹក បង្គន់…​ ត្រៀមកម្លាំងការពារ (នគរបាល ៤ មណ្ឌល កងរាជធាវុធហត្ថ ៣​ មណ្ឌល) មានក្រុមគ្រូពេទ្យ រថយន្តគិលាន សង្គ្រោះប្រចាំការ។

ចំណែកការងារខាងក្រៅ មានការណែនាំ បិទកន្លែងហ្វូតូកូពី ការបង្ការការតម្លើងថ្លៃបន្ទប់ ស្នាក់ នៃបន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ ។ ការផ្តល់ការដឹកជញ្ជូន តាមម៉ូតូកង់បី (Pass Up) ដោយឥតគិតថ្លៃ ការផ្តល់ជូនទឹកបរិសុទ្ធពិសា ដោយឥតគិតថ្លៃ , ការផ្ញើកង់ ម៉ូតូ ដោយ ឥតគិតថ្លៃ , ឥតគិតថ្លៃចង្ហាន់បេក្ខជន ជាព្រះសង្ឃ ជាដើម។

លោក ឈូ ប៊ុនរឿង បានបញ្ជាក់ឲ្យដឹងថាៈ បេក្ខជនប្រឡងទាំងអស់ ត្រូវគោរពតាម គោលការណ៍ប្រឡងបាក់ឌុបរបស់ ក្រសួងអប់រំ យុវជននិងកីឡា ព្រោះឆ្នាំនេះ ក៏ដូចឆ្នាំមុនៗ មានវិន័យដ៏តឹងរ៉ឹង ដើម្បីធានាថា ការប្រឡងនេះ មានស្តង់ដារ គុណភាពខ្ពស់ ។​ ដូច្នេះ បេក្ខជន បេក្ខនារី ប្រឡង ត្រូវគោរពម៉ោងពេល វិន័យប្រឡង ហាមយកសំណៅឯកសារ ចម្លើយ ក៏ដូចជាឧបករណ៍ អេឡិចត្រូនិក ពោលគឺ ត្រូវគោរពតាមបទបញ្ជា បទបញ្ញត្តិ ដែលក្រសួង បានដាក់ចេញ ការរឹតបន្តឹងនេះ នឹងបន្តធានាថា ” អ្នកចេះ គឺជាប់ “។

ក្នុងករណីរកឃើញថា បេក្ខជន និងបេក្ខនារី បានប្រព្រឹត្តសកម្មភាព ផ្ទុយនឹងបទបញ្ញត្តិ និងកម្រិតវិន័យ បេក្ខជន និងបេក្ខនារីនោះ ត្រូវបានកំណត់ឲ្យធ្លាក់ ជាស្វ័យប្រវត្តិ។

លោក ឈូ ប៊ុនរឿង បានឲ្យដឹងបន្តទៀតថាៈ បេក្ខជន បេក្ខនារីទាំងអស់ ត្រូវមកពិនិត្យឈ្មោះ នៅតាមមណ្ឌលប្រឡង រៀងៗខ្លួន លើកទី១ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
និងលើកទី២ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ។ បេក្ខជន បេក្ខនារីទាំងអស់ ត្រូវមកពិនិត្យឈ្មោះ ឬបន្ទប់ និងលេខតុ នៅតាមមណ្ឌល ឲ្យបានត្រឹមត្រូវ។ ក្នុងនោះ បេក្ខជនទាំងអស់ ត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងបាក់ឌុបនេះ ត្រូវរក្សាគម្លាត សុវត្ថិភាព និងពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ ជាប្រចាំនៅក្នុងមណ្ឌលប្រឡង រហូតដល់បញ្ចប់ការប្រឡង នៃមណ្ឌលសំណេរ៕/V-PC

Post navigation