Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បណ្ឌិត ហ៊ុន ម៉ាណែតៈ ដោយសារកត្តាសន្តិភាព និងសេរីភាព គ្រិស្តសាសនិកជន នៅកម្ពុជា មានឱកាសពេញលេញ ក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន

Views: 9

ដោយៈ មុនីរត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ ដោយសារកត្តា សន្តិភាព និងសេរីភាព គ្រិស្តសាសនិកជន នៅកម្ពុជា មានឱកាសពេញលេញ ក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន ហើយអាចបន្តចែករំលែក សេចក្តីស្រឡាញ់ និងមេត្រីភាព ដល់អ្នកប្រតិបត្តិជំនឿដូចគ្នា និងដល់សង្គមជាតិទាំងមូល ព្រមទាំងបានរួមចំណែក ក្នុងការលើកស្ទួយសុខដុមនីយកម្ម សាសនានៅកម្ពុជា តាមរយៈការទប់ស្កាត់ ការកាត់បន្ថយ និងការលុបបំបាត់ រាល់អំពើខុសច្បាប់ និងអំពើអកុសលទាំងពួង ដើម្បីរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពដ៏ពេញលេញ ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវស្មារតី ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ជាផលប្រយោជន៍រួម ប្រកបដោយភាពសុខដុមរមនា ជាដរាបតទៅ។

ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរមរតកដំណឹងល្អ ១០០ ឆ្នាំ (១៩២៣-២០២៣) កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

លោកបណ្ឌិត ហ៊ុន ម៉ាណែត​បានចូលរួមអបអរសាទរ ចំពោះការប្រារព្ធពិធីមរតក ដំណឹងល្អ ខួប ១០០ ឆ្នាំ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ របស់គ្រិស្ទសាសនិកជន នៅកម្ពុជា ដើម្បីសម្ដែងនូវការរំឭក និងការអរព្រះគុណ ដល់ព្រះយេស៊ូគ្រិស្ទ និងដើម្បីសម្ដែងនូវការដឹងគុណ ចំពោះបេសកជន មកពីនិកាយផ្សេងៗ និងប្រទេសនានា ដែលបាននំាសេចក្តីស្រឡាញ់ មេត្រីភាព និងដំណឹងល្អ ជូនប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ ១៩២៣ រហូតមកដល់ពេលបច្ចុប្បន្ន ដោយបានវិវត្តខ្លួន ស្របតាមកាលៈទេសៈជាច្រើន ដែលប្រទេសកម្ពុជា បានឆ្លងកាត់ នាពេលកន្លងមក។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ សុខដុមនីយកម្ម ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការទទួលបាន នូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ និងសន្តិភាព ផ្លូវចិត្ត។ ក្នុងបរិបទនេះ សុខដុមនីយកម្មសាសនា អាចកើតមានទ្បើងទៅបាន គឺអាស្រ័យ លើកត្តាចម្បងពីរយ៉ាង ជាអាទិ៍៖ ចំណុចទី១ គឺការបើកចំហរ នៃសហគមន៍សាសនា នីមួយៗ ដោយទាំងថ្នាក់ដឹក និងសាសនិកជនទាំងអស់ ប្រកាន់នូវគោលជំហរទន់ភ្លន់ មិនចង្អៀតចង្អល់ ព្រមទាំងប្រតិបត្តិខ្ជាប់ខ្ជាប់ នូវការបង្រៀនរបស់ព្រះ តាមរយៈព្រះគម្ពី ជាអាទិភាពចម្បងបំផុត នៅក្នុងរបៀបរបបរស់នៅប្រចាំថ្ងៃ ជាពិសេសការចែកចាយ សេចក្តីស្រលាញ់ និងការប្រតិបត្តិនូវអំពើជាកុសលល្អ ដល់ជនទាំងទ្បាយទាំងពួង។
ហើយចំណុច ទី២ គឺការផ្តល់សិទ្ធិស្មើភាពគ្នារបស់រាជរដ្ឋាភិបាល ទៅដល់គ្រប់សាសនា ទាំងអស់ ដែលមានវត្តមាន នៅក្នុងប្រទេសខ្លួន ដែលជាកត្តាចម្បង ក្នុងការនាំមកនូវភាព ជឿទុកចិត្ត ការគោរពស្រលាញ់ និងការយោគយល់អធ្យាស្រ័យគ្នា ដោយបង្កើតបានជា បរិស្ថាន សុខដុមរមនា នៅក្នុងសង្គមជាតិទាំងមូល។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តការផ្តល់សិទ្ធិសេរីភាព ពេញលេញ ក្នុងការគោរពប្រតិបត្តិ​ជំនឿសាសនាទាំងអស់ ដែលមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីប្រជាជនបន្តរស់នៅ ប្រកបដោយសុខសន្តិភាព គ្រប់ជ្រុងជ្រោយ យូរអង្វែង តរៀងទៅ។

បណ្ឌិត ហ៊ុន ម៉ាណែត​ បានបញ្ជាក់ថាៈ​ គណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាង ប្រទេសជាតិ ដោយចេញពីបាតដៃទទេ ក្រោមគំនរផេះផង់ រហូតមានការអភិវឌ្ឍរីកចម្រើន ដូចពេលបច្ចុប្បន្ន គឺដោយសារកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងសមាជិក -សមាជិកាបក្ស គ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមចំណែកមិនអាចខ្វះបាន ពីសំណាក់ប្រជាពលរដ្ឋ គ្រប់ស្រទាប់។ ក្នុងន័យនេះ ​បេក្ខភាពបន្តវេនរបស់គណបក្ស គ្រប់ជំនាន់ ត្រូវបេ្តជ្ញាបន្តអនុវត្ត នូវមាគ៌ាដ៏ប្រពៃនេះ ព្រមទាំងប្រកាន់យកគោលការណ៍ នីតិរដ្ឋជាគោល ដើម្បីកាន់តែទទួលបាន នូវការគោរពស្រលាញ់ និងជំនឿទុកចិត្តពី សំណាក់មជ្ឈដ្ឋានប្រជាពលរដ្ឋគ្រប់ជំនាន់៕ V / N

Post navigation