Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បណ្ឌិត្យសភាជាតិ អាជា្ញកណ្តាល អាមេរិក ស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ លើការដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលាការ នៅកម្ពុជា

Views: 1

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋអាមេរិក (National Academy for Arbitrators) បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ លើវិស័យការងារ ជាពិសេស យន្តការក្នុងការដោះស្រាយ វិវាទការងារក្រៅប្រព័ន្ធតុលាការ ក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងចំណុចសំខាន់ៗ មួយចំនួនដូចជា ការបញ្ចូនសំណុំរឿង ទៅក្រុមប្រឹក្សា អាជ្ញាកណ្តាល ការពង្រីកសេវាកម្ម នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នីតិវិធីដោះស្រាយវិវាទ ការងារ នៅកម្ពុជា។

ក្នុងជំនួបពិភាក្សានេះបានធ្វើឡើងនារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ការងារ រវាង លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវវិជ្ជាជីវៈ ជាមួយនិង លោក Alan Symonette ប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋអាមេរិក។

ក្រសួងការងារ បានឱ្យដឹងថាៈ ក្រៅពីសិក្សាស្វែងយល់ ពីការដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលាការ នៅកម្ពុជាហើយ ក្រុមបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋ អាមេរិក ក៏បានពិនិត្យលើលទ្ធភាព ក្នុងការកសាង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង ភាពជាដៃគូ រវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាផងដែរ។

ក្នុងពិធីនេះ គេឃើញលោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានចែករំលែកព័ត៌មាន ពីការវិវត្តន៍ និងការរីកចំរើន លើវិស័យការងារ នៅកម្ពុជា ដែលបានចាប់ផ្តើមឡើង តាំងពីដំណាក់ដែលប្រទេសកម្ពុជា ទើបទទួលបានការរីកចម្រើន ជាបណ្តើរៗនូវ វិស័យឧស្សាហកម្ម បន្ទាប់ពីកម្ពុជា ទទួលបានសន្តិភាពពេញលេញ ហើយកម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយផ្សាភ្ជាប់បទដ្ឋាន ការងារអន្តរជាតិ​ជាមួយ សហរដ្ឋអាមេរិក។ ក្នុងការគ្រប់គ្រងវិស័យការងារ កម្ពុជា បានបន្តខិតខំអនុវត្តច្បាប់ ស្តីពីការងារ ដែលបានអនុម័ត កាលពីឆ្នាំ១៩៩៧ ហើយបានបញ្ជូលនូវខ្លឹមសារ អនុសញ្ញាអង្គការអន្តរជាតិ ខាងការងារ ទាំង ១៣ ដែលកម្ពុជា បានផ្តល់សច្ចាប័ន ក្នុងនោះមាន ទាំងអនុសញ្ញាស្នូល៨ ផងដែរ ដោយនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ របស់ រាជរដ្ឋាភិបាលក្នុងការពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងភាគីកម្មករនិយោជិត និងនិយោជក។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ឱ្យដឹងដែរថាៈ កាលពីការចាប់ផ្តើមដំបូង កម្ពុជាពិតជា ជួបនូវបញ្ហាប្រឈម យ៉ាងធ្ងន់ធ្ងន់ ដោយសារបញ្ហា ការមិនយល់ពីច្បាប់ ស្តីពីការងារ នាំឱ្យទំនាក់ទំនងវិជ្ជាជីវៈ មានការប្រឈម បង្កទៅជាកូដកម្ម បាតុកម្មតវ៉ាទាមទារ សិទ្ធិ និងអត្ថប្រយោជន៍ មានចំនួនច្រើននៅតាមរោងចក្រ សហគ្រាស។ ប៉ុន្តែតាមរយ: ការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងការដាក់ចេញនូវច្បាប់ និងលិខិតបទដ្ឋានថ្មីៗ ការរៀបចំឱ្យមាន យន្តការសន្ទនាសង្គម ជាលក្ខណៈត្រីភាគី ជាយន្តការរួម ទាំងការពង្រឹងសមត្ថភាព មន្រ្តីអធិការកិច្ចការងារ និងមន្រ្តីផ្សះផ្សារវិវាទការងារ ហើយ នៅឆ្នាំ២០០៤ ក្រសួងបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថាប័នឯករាជ្យ ក្នុងការដោះស្រាយវិវាទការងារ ប្រកបដោយតម្លាភាព ធ្វើឱ្យចំនួននៃវិវាទការងារ កាន់តែបន្តធ្លាក់ចុះ ហើយចំនួន នៃការធ្វើកូដកម្ម បាតុកម្មតវ៉ា ក៏ធ្លាក់យ៉ាងខ្លាំងដែរ។ ដើម្បីបន្តការងារដោះស្រាយវិវាទ កាន់មានវិសាលភាព ធំទូលាយថែមទៀត​ក្រសួង ក៏បានស្នើសុំធ្វើវិសោធន៍កម្មច្បាប់ ស្តីពីការងាររួចហើយ ដែលអនុញ្ញាតឱ្យ ក្រុមប្រឹក្សាអាជ្ញាកណ្តាល អាចដោះស្រាយវិវាទការងារបុគ្គលបាន។

ក្នុងពិធីនេះដែរ លោក Alan Symonette បានចែករំលែកពីបទពិសោធន៍ បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមវិវត្តន៍រីកចំរើន ចាប់តាំងពីការបង្កើតឡើង នៅឆ្នាំ១៩៤០ ដែលបច្ចុប្បន្ន មានសមាជិកប្រមាណ ៦០០ នាក់ ហើយដែលទទួលស្គាល់ថា ជាស្ថាប័នឯករាជ្យមួយ ដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលារ នៅសហរដ្ឋអាមេរិក និង កាណាដា​ ដែលទទួលការជឿទុកចិត្ត ពីភាគីកម្មករ និយោជិត និងនិយោជក ។ ជាមួយគ្នានេះ លោកបានលើកពីកត្តាជោគជ័យ ផ្តើមចេញពីការជឿទុកចិត្ត ពីភាគីពាក់ព័ន្ធទាំងអស់ ទៅលើប្រសិទ្ធភាព និងតម្លាភាពនៃ ស្ថាប័នរបស់លោក។

តាមការស្នើសុំរបស់លោក រដ្ឋមន្រ្តី លោកក៏បានសន្យាថា នឹងបន្តកិច្ចសហការជាមួយ ក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ហើយក៏នឹងសិក្សាលើកិច្ចសហប្រតិបត្តិការ ជាមួយ វិទ្យាស្ថានជាតិការងារផងដែរ ដោយសារបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក មានសាស្រ្តាចារ្យ មានបទពិសោធន៍ខ្ពស់ ដែលអាចចែករំលែកនូវ​ចំណេះដឹងលើច្រើនមុខវិជ្ជា៕ V / N

Post navigation