Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៦៤៥ ក្បាលដី ត្រូវបានអាជ្ញាធរស្រុកមណ្ឌលសីមា នាំយកទៅប្រគល់ជូនពលរដ្ឋភូមិកោះប៉ោ

Views: 3

ដោយៈ សុផានីតា / កោះកុង៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីធ្លី ចំនួន ៦៤៥ ក្បាលដី ត្រូវបានអាជ្ញាធរស្រុកមណ្ឌលសីមា សហការជាមួយការិយាល័យជំនាញ និងមេឃុំប៉ាក់ខ្លង យកទៅប្រគល់ជូនប្រជាពលរដ្ឋ រស់នៅលើភូមិកោះប៉ោ ក្រោយវាស់វែងរួចរាល់ តាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានលើកឡើងថាៈ បណ្ណកម្មសិទ្ធិដីធ្លី ដែលចែកជូនពលរដ្ឋ ធ្វើឡើងតបនឹងបទបញ្ជាលេខ០១របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយមានក្រុមនិស្សិត ចូលវាស់វែង​អំឡុងឆ្នាំ២០១៤ មកម៉្លេះ។

លោកអភិបាលស្រុកមណ្ឌលសីមា បានរម្លឹកក្នងពិធីសំណេះសំណាល និងប្រគល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់តំណាងប្រជាពលរដ្ឋ ៥៥ នាក់ នៅវត្តគង្គារាម ថាៈ ដំណើរការចេញបណ្ណកម្មសិទ្ធិ ដល់ពលរដ្ឋ ត្រូវបានអាក់ខាន ដោយសារតែ កាលនោះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ៨០ បង្កើនតដែនជម្រកសត្វព្រៃតាតៃ ហើយបានគ្រប់ដណ្តប់ ទៅលើភូមិកោះប៉ោទាំងមូល។

លោក សុខ ភិរម្យ បានបន្តថាៈ ពោលគឺ ទើបតែកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល បានសម្រេចចេញ អនុក្រឹត្យលេខ៣០​ ធ្វើអនុប្បយោគផ្ទៃដី​ទំហំ ១២៦.៩២៨.៣៩ ហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន៨ ក្នុងភូមិសាស្រ្តខេត្តកោះកុង ដើម្បីប្រទានកម្មសិទ្ធិ ជូនប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង និងមួយចំណែកទុកជាកម្មសិទ្ធិឯកជន របស់រដ្ឋ កាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង។

លោកបានបន្តទៀតថាៈ ការផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋភូមិកោះប៉ោ នៅពេលនេះ ធ្វើឡើងតបនឹងវិធានការពង្រឹង និងបង្កើន ប្រសិទ្ធភាព នៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ក្នុងគោលបំណងលើយុទ្ធនាការ ចុះវាស់វែងផ្តល់បណ្ណកម្មសិទ្ធិ ជូនពលរដ្ឋដែលរស់នៅលើដីរដ្ឋ និងដីព្រៃសម្បទាន សង្គមកិច្ច ជាច្រើនឆ្នាំមកហើយ។

លោកអភិបាលស្រុកមណ្ឌលសីមា និងអាជ្ញាធរមូលដ្ឋាន ជឿជាក់ថាៈ ពលរដ្ឋ នឹងកាន់តែ មានភាពកក់ក្តៅ ចំពោះការរស់នៅអាស្រ័យផល ដោយស្របច្បាប់ និងទាំងបានស្នើុ ដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាបណ្ណកម្មសិទ្ធិដីធ្លីនេះ ឱ្យបានល្អត្រឹមត្រូវ ចៀសវាងបាត់ រហែក ឬយកទៅធ្វើអ្វីដែលខុសគោលដៅ ដែលនាំឱ្យជួបបញ្ហា សម្រាប់ជីវភាពរស់នៅ ប្រចាំថ្ងៃ។

ទន្ទឹមនឹងនេះ លោក សុខ ភិរម្យ ក៏ផ្តល់ការវាស់កាត់សម្លៀកបំពាក់ សម្រាប់ប្រជាការពារ ភូមិ ចំនួន៩នាក់ ដោយឥតគិតថ្លៃ និងសន្យាផ្តល់ជាអំពូលសូឡា ដើរថាមពលព្រះអាទិត្យ ចំនួន ២០ គ្រឿង ដល់អ្នកភូមិកោះប៉ោ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព បានល្អប្រសើរ តាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពល្អ។

ក្រៅពីការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋចំនួន ៦៤៥ ក្បាលដី ក៏មានក្បាលដីចំនួន ១១ ក្បាលដី ពុំមានទិន្នន័យគ្រប់គ្រាន់ នឹងចេញប្លង់បាននោះទេ និងក្បាលដី ចំនួន ១២៨ ក្បាលដី ជាប់បណ្តឹងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមិនអាចសម្របសម្រួល បាន។

លោក អ៊ុំ សឿ សារ៉ាន លោក អ៉ីង សាវ៉េត និងអ្នកស្រី សោម ខន ជាប្រជាពលរដ្ឋរស់នៅ ភូមិកោះប៉ោ បានបង្ហាញក្តីសប្បាយរីករាយជាខ្លាំង នៅពេលបានទទួលវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ យកទៅរក្សា ដោយបានល្អប្រសើរ។ ពួកគាត់ បានបន្ថែមថាៈ នេះជាការរង់ចាំរបស់ពួកគាត់ ជាយូរឆ្នាំណាស់មកហើយ ទំរាំបានថ្ងៃនេះ ហើយក៏ដោយសារ តែការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្រសួងជំនាញ អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ខិតខំដោះស្រាយ ជូនពលរដ្ឋ ភូមិកោះប៉ោ។ ពេលមិនទាន់បានប្លង់ ពួកគាត់មានក្តីបារម្ភ ភ័យខ្លាចរងការរំលោភ បំពានណាមួយ ធ្វើឱ្យបានបង់ផ្ទះសម្បែង និងដីធ្លីដែលតស៊ូ អាស្រ័យផល មកទល់បច្ចុប្បន្ន៕/V

Post navigation