Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បន្ថយទឹកហូរចេញពីអាងរក្សា ដើម្បីសម្រាលការលិច នៅកំពង់ធំ

Views: 1

ដោយៈ ប.ខុន / ភ្នំពេញៈ ទឹកស្ទឹងសែន នៅក្រុងព្រះវិហារ ឡើងដល់ ១៤,៥៦ ម៉ែត្រ ធ្វើឱ្យមានការជន់លិច តំបន់ទំនាបមួយចំនួន នៅក្នុងក្រុង  ឯទឹកនៅអាងរក្សា មានកម្ពស់ ៤៦,៩២ ម៉ែត្រ និងបន្តកើនឡើង បន្ទាប់ទម្លាក់ទ្វារទឹក ឱ្យហូរចុះតិច ដើម្បីបន្ថយការលិចលង់ នៅក្រុងកំពង់ធំ ដែលទឹកបានឡើងដល់កម្ពស់ ១៤,០៨ ម៉ែត្រ នៅថ្ងៃទី៦ ខែតុលា ហើយបើនៅបន្តជន់ឡើង ដល់កម្ពស់ ១៤,៣០ ម៉ែត្រនោះ ត្រូវប្រកាសអាសន្ន គ្រាចុងក្រោយ សម្រាប់ក្រុងកំពង់ធំហើយ។

លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ បានប្រាប់ឱ្យរស្មីកម្ពុជា ដឹង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ថាៈ តំបន់ទំនាបមួយចំនួន នៅក្នុងក្រុងព្រះវិហារ ត្រូវបានលិច ដោយទឹកភ្លៀង និងទឹកស្ទឹង បន្ទាប់ពីទឹកស្ទឹងសែននៅក្រុងនេះ បានឡើងដល់ កម្ពស់ ១៤,៥៦ ម៉ែត្រ ស្មើនឹងកម្ពស់ទឹក ថ្ងៃទី៥ តុលា។

ប្រធានមន្ទីរខាងលើ បាននិយាយឱ្យដឹងទៀតថាៈ អាងទឹករក្សា នៅពេលនេះ ត្រូវបានទម្លាក់ ទ្វារឱ្យទឹកហូរចុះ នៅសល់កម្រិតតិច ធ្វើឱ្យទឹកនៅក្នុងអាង កើនឡើង ហើយការធ្វើបែបនេះ គឺដើម្បីសម្រាលដល់ការលិចលង់ នៅក្នុងខេត្តកំពង់ធំ។ នៅពេលទឹកស្ទឹងសែន​ នៅក្រុងកំពង់ធំ ស្រកហើយ ទើបបង្ហើបទ្វារទឹករក្សា ឱ្យខ្ពស់ឡើងវិញ។

ទឹកស្ទឹងសែន នៅក្រុងព្រះវិហារ ថ្ងៃទី៦ ខែតុលា មានកម្ពស់ ១៤,៥៦ ម៉ែត្រ កម្ពស់ទឹកដែល ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន ១១,៥០ ម៉ែត្រ។ នៅអាងទឹករក្សា មានកម្ពស់ ៤៦,៩២ ម៉ែត្រ។

ទឹកស្ទឹងសែន នៅក្រុងកំពង់ធំ មានកម្ពស់ ១៤,០៨ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៥ ខែតុលា ០,០៤ ម៉ែត្រ  កម្ពស់ទឹកត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន នៅក្រុងកំពង់ធំ ១៣,៥០ ម៉ែត្រ និង កម្ពស់ទឹកត្រូវប្រកាសអាសន្ន គ្រាចុងក្រោយ នៅកម្ពស់ ១៤,៣០ ម៉ែត្រ ថ្ងៃនេះ ទឹកបានឡើង ដល់កម្ពស់ ១៤,០៨ ម៉ែត្រ ហើយស្ថានភាពទឹកស្ទឹងសែន នាភាគខាងលើ នៅមានបរិមាណ ច្រើន កំពុងហូរធ្លាក់ចុះមកថែមទៀត៕ V / N

Post navigation