Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បញ្ចប់​សិក្ខាសាលា ស្ដីពី​ការអភិរក្ស​កីឡា​ប្រពៃណី​អាស៊ាន​

Views: 3

​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ បន្ទាប់ពី​ដំណើរការ ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី ៨ – ៩ ខែសីហា ឆ្នាំ​២០២២ មក​នោះ សិក្ខាសាលា ស្តីពី​ការអភិរក្ស​កីឡា​ប្រពៃណី​អាស៊ាន និង​ហ្គេម នៅ​សណ្ឋាគារ​សុខា ភ្នំពេញ ក្រោម​ការរៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ចប់ ដោយ​ជោគជ័យ​។​

​ថ្លែង​ក្នុងឱកាស​បិទ នៅ​ល្ងាច​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថាៈ ក្នុងនាម​ជា អ្នករៀបចំ​សិក្ខាសាលា លោក​បាន​សម្តែង​ក្តី​រីករាយ ចំពោះ​វាគ្មិន និង​អ្នកចូលរួម​ទាំងអស់ ដែល​មកពី​ប្រទេស​ផ្សេងៗ ឬ AMS សម្រាប់​គំនិត ធាតុ​ចូល ការពិភាក្សា និង​កិច្ចសហប្រតិបត្តិការ របស់​សមាជិក ដែល​បាន​អនុញ្ញាតឱ្យ​យើង ធ្វើ​សិក្ខាសាលា ប្រកបដោយ​ផ្លែផ្កា ស្តីពី​ការអភិរក្ស​កីឡា​ប្រពៃណី​អាស៊ាន និង​ហ្គេម​។​

​រយៈពេល​ពីរ​ថ្ងៃនេះ អង្គសិក្ខាសាលា​ទាំងមូល បាន​និង​ពិភាក្សា​លើ​ការអភិរក្ស​កីឡា​ប្រពៃណី និង​ហ្គេម​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ការធ្វើឱ្យ​ចម្រើន​ឡើងវិញ នូវ​កីឡា​ប្រពៃណី និង​ហ្គេម ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​អត្តសញ្ញាណ​អាស៊ាន នៅក្នុង​ផែនការ ការងារ​អាស៊ាន ស្តីពី​កីឡា​ឆ្នាំ ២០២១-២០២៥​។​

​អាទិភាព​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ការអភិរក្ស កីឡា​ប្រពៃណី និង​ហ្គេម ការអភិរក្ស​កីឡា​ប្រពៃណី និង​ហ្គេម នៅក្នុង​ប្រទេស​សមាជិក អាស៊ាន និង​បញ្ហា​ប្រឈម ដើម្បី​បង្កើន​ការមើលឃើញ​ស្ថានភាព នៃ​ការអភិរក្ស​កីឡា ប្រពៃណី និង​ហ្គេម នៅ​អាស៊ីអាគ្នេយ៍ និង​ការការពារ​។ ក្នុងនោះ​ក៏មាន​ការពិភាក្សា​លម្អិត អំពី​ការអភិរក្ស​កីឡា និង​ល្បែង​ប្រពៃណី តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​ធ្វើ សេចក្តីព្រាង សេចក្តីប្រកាស​រួម​អាស៊ាន ស្តីពី​ការលើកកម្ពស់​អត្តសញ្ញាណ​អាស៊ាន តាមរយៈ​ការការពារ​កីឡា និង​ល្បែង​ប្រពៃណី​ជាដើម​។​

​លោក ប៊ូ ជុំ​សេរី បាន​បន្ថែមថាៈ «​ការដាក់បញ្ចូល ASEAN TSG ទៅក្នុង​កម្មវិធីសិក្សា របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន ជាមួយនឹង​សកម្មភាព ដែល​បាន​រៀបរាប់​នេះ ខ្ញុំ​ជឿជាក់ថា យើង​ជា​សមាជិក​អាស៊ាន នឹង​អាច​ការពារ​បេតិកភណ្ឌ កីឡា​ប្រពៃណី និង​ល្បែង​កម្សាន្ត របស់​យើង ពី​ការ​ផុត​ពូជ​។ ខ្ញុំ​សង្ឃឹមថា កូនចៅ​ជំនាន់​ក្រោយ​របស់​យើង នឹង​រីករាយ ជាមួយនឹង​អ្វី ដែល​យើង​កំពុង​ធ្វើ​សព្វថ្ងៃនេះ​»​។​

​ក្នុងនាម​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមប្រឹក្សា​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន លោក​សូម​អរគុណ​វាគ្មិន អ្នកចូលរួម អ្នករៀបចំ ជាពិសេស​លេខាធិការដ្ឋាន​អាស៊ាន ដែល​បានធ្វើឱ្យ​សិក្ខាសាលា​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង លើ​ការអភិរក្ស​បេតិកភណ្ឌ​កីឡា និង​ល្បែង​ប្រជាប្រិយ​របស់​យើង​។ យើង​នឹង​បន្ត​រៀបចំ សិក្ខាសាលា​មួយ​បន្ថែមទៀត ស្តីពី​ការអភិវឌ្ឍ​តំបន់​កីឡា និង​តំបន់​កម្សាន្ត ក្នុង​តំបន់​អាស៊ាន រយៈពេល ២ ថ្ងៃ​ទៀត នា​ថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ​២០២២ ។​

​លោក អ៊ុក ឌី​វ៉ង់ អគ្គនាយករង អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ដែរថាៈ ក្នុងនាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​ក៏បាន​ធ្វើ​បទ​បង្ហាញ ពី​ការអភិរក្ស និង​អភិវឌ្ឍន៍​ប្រភេទ​កីឡា​ប្រពៃណី​របស់ខ្លួន​ផងដែរ​។ គោលបំណង​ចម្បង គឺ​ការលើកកម្ពស់ អត្តសញ្ញាណ​អាស៊ាន តាមរយៈ​ការដាក់បញ្ចូល​នូវ ប្រភេទ​កីឡា​ប្រពៃណី រៀងៗ​ខ្លួន​។​
​គោលដៅ​របស់​អាស៊ាន នាពេលនេះ គឺ​រួមគ្នា​ដើម្បី​អភិរក្ស​នូវ ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិ ដែល​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ មាន​ពីមុនមក ហើយ​រួមគ្នា​អភិវឌ្ឍន៍ ឱ្យក្លាយ​ទៅជា ប្រភេទ​កីឡា​ទំនើប ដើម្បី​ត្រៀម​ដាក់បញ្ចូល ការប្រកួត​ព្រឹត្តិការណ៍​ធំៗ ដូចជា ស៊ី​ហ្គេម និង​ការប្រកួត​ផ្សេងៗ​ទៀត​៕/V​

Post navigation