Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បញ្ចុះបឋមសិលា កសាងអគារស្នាក់ការ សមាគមអតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ

Views: 1

ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ ថ្មីៗនេះ បានប្រារព្ធពិធី បញ្ចុះបឋមសិលាកសាងអគារស្នាក់ការ សមាគមអតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ ដែលជាស្នាក់ការខេត្ត រាជធានីទី១ ប្រកបដោយស្តង់ដារ និងនៅដាច់ដោយឡែក ពីអង្គភាពយោធា ឬ នគរបាល ឬ អង្គភាពរដ្ឋផ្សេងទៀត ស្ថិតនៅតាមផ្លូវលំ ក្នុងចំណែកដី ស្ថានីយ៍ព្រៃឈើ រដ្ឋបាលព្រៃឈើ ខ័ណ្ឌបន្ទាយមានជ័យ នាភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសសមាគមនេះ ប្រចាំខេត្ត បានស្វាគមន៍ ហើយថា អគារស្នាក់ការនេះ សង់ពីបេតុង ប្រក់ក្បឿង ទំហំ២១ ម. គុណនឹង ២៨ ម. ស្ថិតលើទីតាំងដីទំហំ ៤ ហិកតា ដែលកាត់យកពីដីទំហំ ២៦ ហិកតា នៃស្ថានីយ៍ ដាំព្រៃឈើ ខ័ណ្ឌរដ្ឋបាលព្រៃឈើ បន្ទាយមានជ័យ។ ក្នុងគម្រោងសាងសង់ ទីស្នាក់ការ សមាគមអតីតយុទ្ធជន ចំនួន ១ ខ្នង ឃ្លាំងសម្ភារៈចំនួន ២ កន្លែង អគារបណ្ដុះបណ្ដាល វិជ្ជាជីវៈ អាគារស្នាក់នៅ កន្លែងធ្វើជើង ឬ ដៃសិប្បនិម្មិត និងស្រះចិញ្ចឹមត្រី ។

ស្នាក់ការនេះ មានការឧបត្ថម្ភគាំទ្រ ពីសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងកសាងដោយលោក ឧកញ៉ា បណ្ឌិត ម៉ម វណ្ណឌី ក្នុងតម្លៃ ១២ ម៉ឺនដុល្លារអាម៉េរិក
និងក្រោមការជ្រោមជ្រែង ការចាក់ដីបំពេញទីធ្លា សម្រាប់សាងសង់ពីសំណាក់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំ សប្បុរសជនក្នុងខេត្ត ។

លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថាៈ អគារស្នាក់ការសមាគមអតីតយុទ្ធជន ខេត្តបន្ទាយមានជ័យនេះ ជាស្នាក់ការខេត្ត រាជធានីទី១ ដែលមានស្តង់ដារ និងនៅដាច់ដោយឡែក ពីអង្គភាពយោធា ឬ នគរបាល ឬ អង្គភាពរដ្ឋផ្សេងទៀត ។ ហេតុនេះ លោកបានស្នើសុំឱ្យអភិបាលខេត្ត រាជធានី ថ្នាក់ដឹកនាំសមាគមឯទៀត ត្រូវខិតខំកសាងទីស្នាក់ការសមាគម ដូចគ្នានេះដែរ ។

លោកមានកិត្តិយសក្រៃលែង ដែលទទួលបានការផ្ដល់កិត្តិយស ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ នាឱកាសនេះ។

លោកកិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី បានររំលឹកពីការឈ្មុសឈ្មុល ខ្លាំងណាស់ មុនបានដី ទីតាំងកសាងស្នាក់ការនេះ ហើយលោកក៏បានលើកឡើងពីការអញ្ជើញរបស់លោក មកចូល រួមពិធីបញ្ចុះបឋមសិលា កសាងអគារទីស្នាក់ការសមាគមនេះថាៈ ទី១-ដើម្បីមកអរគុណមន្ត្រី អ្នកទាំងឡាយ ដើម្បីបានដីសង់ទីស្នាក់ការនេះ ។ ទី២-ពាំនាំបណ្តាំសាកសួរសុខទុក្ខពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រធានសមាគម មកជូនបងប្អូន អតីតយុទ្ធជន ក្រុមគ្រួសារ ។ ទី៣-ផ្តាំផ្ញើឱ្យមន្ត្រី អ្នកពាក់ព័ន្ធ បន្តបីបាច់ថែរក្សា គាំពារបងប្អូនអតីតយុទ្ធជន ហើយបងប្អូន ត្រូវបន្តថែទាំសុខភាព បន្តទទួលការចាក់វ៉ាក់សាំងដូសជំរុញ ការពារជំងឺកូវីដ ១៩ ជាដើម ។ពោលគឺ ឋានៈជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែងតែ យកចិត្តទុកដាក់ ដល់បងប្អូនសាម៉ីខ្លួន និងគ្រួសារអតីតយុទ្ធជនកម្ពុជា ជារៀងរហូតមក ដូចជាផ្តល់ទាំងគ្រឿងឧបភោគ និងបរិភោគ ថ្នាំសង្កូវ ថវិកា ជួយសាងសង់ផ្ទះ ផ្តល់ដីសង់ លំនៅឋាន ដីបង្កបង្កើនផល។ នោះមកពីសំអាងថា អតីតយុទ្ធជន ជាកម្លាំងប្រយុទ្ធ យ៉ាងសកម្ម ដែលកន្លងមក បានហ៊ានពលីជីវិត បូជាសាច់ស្រស់​ឈាមស្រស់ និងការលំបាក នឿយហត់ ក្នុងការពារទឹកដី ជួនជាតិមាតុភូមិ នាំឱ្យប្រទេស មានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍។

ចុងបញ្ចប់ពិធីនោះ ក្រុមមន្ត្រីបានចែកអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដល់អតីតយុទ្ធជន ជិត ១០០ នាក់ ដោយម្នាក់ៗទទួលបានអង្ករ ២០ គីឡូក្រាម មី១កេស ត្រីខ១យួរ និងទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ៕/V

Post navigation