Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រធានាធិបតី ៖ ស្រីលង្កា​នឹង​បញ្ចប់​ស្ថានភាព​អាសន្ន​

Views: 11

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការិយាល័យ​ប្រធានាធិបតី​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​ថា ស្រីលង្កា​នឹង​មិន​បន្ត​ស្ថានភាព​អាសន្ន​ដើម្បី​គ្រប់គ្រង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នោះ​ទេ ខណៈ​ស្ថានការណ៍​នៅក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ “​មាន​ស្ថិរភាព​”​។​

​លោក​ប្រធានាធិបតី រ៉ានី​ល វី​កក្រេ​មេ​ស៊ីង (Ranil Wickremesinghe) បាន​យកមកប្រើ​នូវ​ច្បាប់​តឹងតែង​នេះ​នៅ​បួន​ថ្ងៃ​បន្ទាប់ពី​អ្នក​កាន់​តំណែង​មុន​របស់​គាត់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​​ហើយ​លាលែង​ពី​តំណែង​នៅ​ថ្ងៃទី ១៤ ខែកក្កដា បន្ទាប់​ពី​ការតវ៉ា​ជា​ច្រើន​ខែ​ជុំវិញ​ការខ្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ​យ៉ាង​រ៉ាំរ៉ៃ​។​

​ស្ថានភាព​អាសន្ន​ដែល​ដាក់ចេញ​ដោយ​លោក​វី​កក្រេ​មេ​ស៊ីង​នឹង​ត្រូវ​លុប​ចោល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​សីហា ហើយ​គាត់​មាន​អំណាច​ដើម្បី​បន្ត​វា​រៀងរាល់​ខែ​បន្ទាប់​ពី​នោះ​។​

​ការិយាល័យ​របស់​លោក​វី​កក្រេ​មេ​ស៊ី​ង​បាន​ដកស្រង់​សម្តី​គាត់​ដោយ​និយាយថា “​ស្ថានការណ៍​នៅក្នុង​ប្រទេស​មាន​ស្ថិរភាព មិនចាំបាច់​ដាក់​ស្ថានភាព​អាសន្ន​ឡើងវិញ​ទេ​នៅ​ពេល​ដែល​វា​បញ្ចប់​ក្នុង​សប្តាហ៍​​នេះ​”​។​

​បទ​ប្បញ្ញត្តិ​ស្តីពី​ស្ថានភាព​អាសន្ន​អនុញ្ញាតឱ្យ​កងទ័ព​និង​ប៉ូលិស​ចាប់ខ្លួន​និង​ឃុំខ្លួន​ជនសង្ស័យ​រយៈពេល​យូរ​។​

​ស្ថានភាព​អាសន្ន​នេះ​ត្រូវ​បាន​រិះគន់​យ៉ាង​ទូលំទូលាយ​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ថា​ជា​ជំហាន​ដ៏​ឃោរឃៅ ដែល​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​បង្កើត​បទ​ប្បញ្ញត្តិ​និង​រឹត​ត្បិត​សេរីភាព​របស់​ពលរដ្ឋ​ដោយ​មិន​ចាំបាច់​​មាន​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។​

​លោក ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា (Gotabaya Rajapaksa) ជា​អ្នក​កាន់​តំណែង​មុន​របស់​លោក វី​កក្រេ​មេ​ស៊ីង ត្រូវបាន​បង្ខំ​ឱ្យ​ភៀសខ្លួន​ចេញពី​ប្រទេស ហើយ​បាន​លាលែង​ពី​តំណែង​នៅ​ពេល​​ដែល​ក្រុមបាតុករ​រាប់​ម៉ឺន​នាក់​បាន​សម្រុកចូល​លំនៅដ្ឋាន​ផ្លូវការ​របស់​គាត់​។​

​ប្រជាជន​ចំនួន ២២ លាន​នាក់​របស់​ប្រទេស​នេះ​បាននិងកំពុង​ស៊ូទ្រាំ​នឹង​ការខ្វះខាត​យ៉ាង​សម្ភារៈ​និង​ទំនិញ​ចាំបាច់​សំខាន់ៗ​យ៉ាងធ្ងន់ធ្ងរ​ចាប់តាំងពី​ចុងឆ្នាំ​មុន បន្ទាប់​ពី​ប្រទេស​នេះ​បាន​អស់​ទុនបំរុង​​បរទេស​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​សូម្បី​តែ​ការនាំ​ចូល​ទំនិញ​សំខាន់ៗ​បំផុត​។​

​ប្រទេស​នេះ​អស់​លទ្ធភាព​សងបំណុល​បរទេស​ចំនួន ៥១ ពាន់​លាន​ដុល្លារ​របស់​ខ្លួន​កាលពី​ពាក់កណ្តាល​ខែ​មេសា​ហើយ​កំពុង​ពិភាក្សា​ជាមួយ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​សម្រាប់​លទ្ធភាព​ថវិកា​​សង្គ្រោះ​។​

​ស្រីលង្កា​បច្ចុប្បន្នកំពុង​ប្រឈម​មុខ​នឹង​អតិផរណា​ខ្ពស់​ជាមួយនឹង​អត្រា​សរុប​គឺ ៦០,៨ ភាគរយ ខណៈ​អតិផរណា​ម្ហូបអាហារ​មាន​កម្រិត​ខ្ពស់ជាង ៩០ ភាគរយ​កាលពី​ខែ​មុន នេះ​បើ​យោង​តាម​ទិន្ន​​ន័យ​ផ្លូវការ​៕

​ស្ថានភាព​អាសន្ន​ត្រូវបាន​រិះគន់​យ៉ាង​ទូលំ​ទូលាយ​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ថា​ជា​ជំហាន​ដ៏​ឃោរឃៅ​

Post navigation