Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រធានស.ស.យ.ក.៖យើងនឹងបន្តពង្រឹងយុវជនឱ្យកាន់តែមានលទ្ធភាពចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌

Views: 2

ដោយៈមុនីរ័ត្ន,សុផល/ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)បានបញ្ជាក់ថា៖ “ជាផ្នែកមួយនៃចក្ខុវិស័យរបស់យើងយើងនឹងបន្តពង្រឹងយុវជនឱ្យកាន់តែមានលទ្ធភាពចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌ ធ្វើយ៉ាងណាឱ្យ ស.ស.យ.ក. បន្តនៅតែជាវេទិកាទូលំទូលាយ និងជាឆ័ត្ររួម ដែលអនុញ្ញាតឱ្យយុវជនគ្រប់កោសិកានៃសង្គមកម្ពុជា បានចូលរួមក្នុងការជំរុញចក្ខុវិស័យរួមរបស់កម្ពុជាដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គមនិងនិន្នាការនយោបាយ”។នេះជាអ្វីដែលលោកបានបង្ហាញនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាខណៈដែលអង្គការយុវជនដ៏ធំមួយនេះកំពុងដំណើរការមហាសន្និបាតវិសាមញ្ញរបស់ខ្លួនរយៈពេលពីរថ្ងៃ។

លោកបានបន្តថា ៖”ជាងនេះទៅទៀត យើងត្រូវបន្តពង្រីកកិត្តិនាម និងរក្សាមោទកភាព ស.ស.យ.ក. ជាអង្គការចាត់តាំងយុវជនមួយដ៏ធំជាងគេក្នុងប្រទេសនិងឈានមុខក្នុងការចូលរួមពូនជ្រុំកម្លាំងយុវជនឱ្យក្លាយជាកម្លាំងមហាសាមគ្គី ដែលអាចរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងបន្តដំណើររួមគ្នាឆ្ពោះទៅកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានល្អ ការរស់នៅល្អប្រសើរ និងមានវឌ្ឍនភាពរីកចំរើនលើគ្រប់វិស័យ។”

សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយវត្តមានចូលរួមពីសំណាក់លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកាប្រតិភូតំណាងស.ស.យ.ក. ទូទាំងប្រទេស សរុបប្រមាណ១៤០០នាក់ នៅសណ្ឋាគារហ្គាដិន ស៊ីធី រាជធានីភ្នំពេញ។

មហាសន្និបាតវិសាមញ្ញនាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១) បូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន, (២) ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក., (៣) បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល, និង ៤) ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក.។

បន្ថែមពីលើការបូកសរុបការងារសម្រេចបាន និងការកំណត់ទិសដៅទៅអនាគត អង្គមហាសន្និបាតដែលប្រព្រឹត្តទៅនាពេលនេះ ក៏ជាការជួបជុំដើម្បីអបអរសាទរ នូវរាល់សមិទ្ធផលដែលក្រុមគ្រួសារ ស.ស.យ.ក សម្រេចបាននាពេលកន្លងមកផងដែរ។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានគូសបញ្ជាក់ពីដំណើរផ្លូវដ៏វែងឆ្ងាយដែល ស.ស.យ.ក បានឆ្លងកាត់ផ្តើមចេញពីកំណើ រណ សិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយគិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៤៤កំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាខួបទី១០ នៃការប្តូរឈ្មោះពីសមាគមយុវជនកម្ពុជាមកជាសហភាពសហព័ន្ធយុវជនកម្ពុជា។

ជាមួយគ្នានេះ លោកប្រធាន ស.ស.យ.ក. ឆ្លុះបញ្ចាំងពីតួនាទីស្នូលរបស់ស.ស.យ.ក. ក្នុងការពង្រឹងប៉ូលយុវជនឲ្យចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌ ដោយបញ្ជាក់ថា ស.ស.យ.ក. បានក្លាយជាវេទិកាទូលំទូលាយ និងជាឆ័ត្ររួមដែលអនុញ្ញាតឱ្យគ្រប់កោសិកានៃសង្គមកម្ពុជាបានចូលរួមក្នុងការជំរុញចក្ខុវិស័យរួម របស់កម្ពុជាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គមនិងនិន្នាការនយោបាយដោយបានក្លាយជាអង្គការចាត់តាំងយុវជនមួយដ៏ធំជាងគេ ក្នុងប្រទេស និងបានឈានមុខក្នុងការចូលរួមពូនជ្រុំកម្លាំងយុវជនឱ្យក្លាយជាកម្លាំងមហាសាមគ្គីក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងបន្តដំណើររួមគ្នាឆ្ពោះទៅកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថាន រស់នៅល្អប្រសើរមានវឌ្ឍនភាពរីកចំរើនលើ គ្រប់វិស័យ ក្នុង សេចក្តីប៉ងប្រាថ្នាក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបផងដែរថា ការរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះ មិនត្រឹមតែជាការការបូកសរុបសមិទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជ ទូទាំង ប្រទេសនោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការជួបប្រជុំគ្នារវាងមហាគ្រួសារ សមាជិក សមាជិកាទូទាំងរាជធានីខេត្ត ដើម្បីពិភាក្សាស្វែងរកធាតុចូលបន្ថែមពង្រឹងនិងពង្រីក ទិសដៅសកម្មភាព បន្ត បំផុសស្មារតីដល់យុវជនជំនាន់ក្រោយឱ្យចូលរួមលើកស្ទួយនូវឧត្តមភាព កិត្តិសព្ទ កិត្តិនាម និងវឌ្ឍនភាពជាតិ ក៏ដូចជាថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លា ដែលសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានតាមរយៈបេសកកម្មកន្លងមក៕ សរន / N

រូបថត ( ហ្វេសប៊ុកលោក ហ៊ុន ម៉ានី)

Post navigation