Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បរិមាណ​នៃ​ការ​ស្រូវ​នាំ​ចេញទៅ​វៀតណាម​តាម​ច្រកទ្វារ​ទាន់ហន់​ថយចុះ​ច្រើន​

Views: 1

ដោយ​: បូកគោ​/​កំពត​: មន្ត្រី​ប្រចាំការ​នៅ​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត​បានបញ្ជាក់​ថា​ចាប់ពី​មាន​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ បរិមាណ​នៃ​ការនាំ​ស្រូវ​ចេញទៅ​ប្រទេស​វៀតណាម​បាន​ធ្លាក់ចុះ​ជា​លំដាប់​។ ប្រភពពី​មន្ទីរ​កសិក​ម្ម​ខេត្តកំពត​បានបញ្ជាក់​ថា​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០២២​នេះ ស្រូវ​នាំចេញ​មាន​ប្រមាណ​៤​ម៉ឺន​តោន ខណៈដែល​ឆ្នាំ​២០២១ ការនាំ​ស្រូវ​ចេញ​បាន​ប្រហែល​ជាង​១០​ម៉ឺន​តោន​។

​លោក​វរសេនីយ៍ទោ​នាក់ សុវណ្ណ​គិរី​ប្រធាន​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់​បាន​ប្រាប់​ឲ្យ​ដឹងថា​ចាប់តាំងពី​មាន​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ សកម្មភាព​ដោះដូរ​ទំនិញ​តាម​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់​មាន​ភាពស្ងប់ស្ងាត់ ពិសេស​ការនាំ​ស្រូវ​ចេញ​បាន​ថយ​បរិមាណ​ច្រើន​។ កាល​មិនទាន់មាន​វិបត្តិ​កូ​វីដ​-១៩ រដូវ​កាល​ប្រមូល​ផល​បែបនេះ នៅ​ច្រកទ្វារ​មាន​រថយន្ត​តម្រៀប​បន្ត​គ្នា​ដើម្បី​ដឹកស្រូវ​ចេញទៅ​ប្រទេស​វៀតណាម​។ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ភាពស្ងប់ស្ងាត់​ដោយ​ក្នុង​មួយថ្ងៃ​មាន​រថយន្ត​ដឹកស្រូវ​ចេញ​ប្រមាណ​ជាង ១០​គ្រឿង​ប៉ុណ្ណោះ ។

​លោក​ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​បានបញ្ជាក់​ថា​តម្លៃ​ស្រូវ​ឆ្នាំនេះ​ថេរ​ល្អ គឺ​ស្រូវ​អ៊ី​អ៊ែរ​៨៧០​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ស្រូវធ្ងន់​តម្លៃ​១.២០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ តម្លៃ​នេះ​មិន​ទាប​ជាង​រាល់​ឆ្នាំ​ទេ​ប៉ុន្តែ​ការនាំ​ស្រូវ​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ទាន់ហន់​បាន​ធ្លាក់ចុះ​ច្រើន​។ រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០២២ ការនាំ​ស្រូវ​ចេញទៅ​វៀតណាម​តាម​ច្រកទ្វារ​ទាន់ហន់​បាន​ប្រហែល​៤​ម៉ឺន​តោន ខណៈដែល​ឆ្នាំ​២០២១ មាន​ប្រមាណ​ជាង​១០​ម៉ឺន​តោន​។

​អ្នកប្រមូល​ទិញស្រូវ​ក្នុងស្រុក​កំពង់ត្រាច​ម្នាក់​បាន​រៀបរាប់ថា​តម្លៃ​ស្រូវ​មិនសូវ​ប្រែប្រួល​នោះទេ​។ ជាធម្មតា​តម្លៃ​មួយ​គីឡូក្រាម​ស្ថិតនៅ​ចន្លោះ​ពី​៨០០​រៀល​ទៅ​១.២៥០​រៀល​តាម​ប្រភេទ​ស្រូវ​។

​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់​បាន​បញ្ជាក់ថា រយៈពេល​១១​ខែ​នេះ ទំហំ​ពាណិជ្ជកម្ម​ឆ្លងកាត់​ច្រកទ្វារ​មាន​ប្រមាណ​ជាង​១០​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ទំនិញ​ចូល​មាន​ប្រមាណ​១​លាន​៣​សែន​ដុល្លារ និង​ការនាំ​ទំនិញ​ចេញ​បាន​ជាង​៩​លាន​ដុល្លារ​៕​/R

Post navigation