Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រកាស​បញ្ចូល​លោក យ៉ង សាំងកុមារ ​និង​អតីត​​ថ្នាក់ដឹកនាំគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សង្គ្រោះជាតិ និង​ហ៊្វុនស៊ិនប៉ិច ៤រូបទៀត​

ភ្នំពេញ៖ គណៈចាត់តាំងគណៈកម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំពិធីបញ្ចូលសមាជិកថ្មី ចំនួន ៥រូប រួមមាន៖ ១.លោក យ៉ង សាំងកុមារ អតីតប្រធានគណៈម្មាធិការ​នាយក​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ​២. លោក ឡឹក សុធារ អតីតអគ្គលេខារងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៣. លោក ខាត់ សុធី អតីតសមាជិក​គណៈកម្មា​ធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៤. លោក ដាំ សិទ្ធិ អតីតសមាជិក​គណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ និង​៥. លោក យោគ ស៊ីថុន អតីតអគ្គលេខាធិការ​ប្រតិបត្តិរងគណបក្សហ៊្វុនស៊ិនប៉ិច។

​ពិធីនេះ បានធ្វើឡើង​ក្រោមអធិបតីភាព​លោក ទេព ងន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ​កណ្ដាលគណបក្ស​ប្រជាជនកម្ពុជា​ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូប។

​នៅក្នុងពិធីនោះ លោក យ៉ង សាំង​កុមារ បានសម្តែងនូវសេចក្តីរីករាយ និងអរគុណចំពោះ​គណៈអធិបតី ដែលបានបង្កើតនូវពិធីនេះឡើង ដែលបានអនុញ្ញាត្តឲ្យរូបខ្លួន បានចូលជាសមាជិក​ផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា​។ រូបលោកផ្ទាល់ បានមើលឃើញថា មានតែគណបក្ស​ប្រជាជន​តែមួយគត់ ដែលបម្រើផងប្រយោជន៍ជាតិ និងប្រជាជនយ៉ាងពិតប្រាកដ។

លោក យ៉ង សាំងកុមារ បញ្ជាក់ថា រូបលោកបានស្នើសុំសម្តេចតេជោដោយផ្ទាល់ ដើម្បីយកថ្ងៃ ០២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តបង្កើតរណសិរ្សរំដោះជាតិ ជាថ្ងៃចូលបក្ស ដើម្បីជាការដឹងគុណ​ចំពោះការលះបង់របស់វីរជន ក៏ដូចជា គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះកម្ពុជា​ពីរបបប៉ុលពត។

លោក យ៉ង សាំងកុមារ ក៏ដូចជា សមាជិកថ្មី ទាំង ៤រូបទៀត បានប្តេជ្ញាចិត្ត ៣ចំណុច រួមមាន៖ ១. គោរព និងអនុវត្តតាមកម្មវិធិ និងលក្ខន្តិកៈរបស់គណបក្សដោយឥតងាករេ និងប្រែក្លាយកម្មវិធី​នយោបាយ​របស់គណបក្ស ឲ្យទៅជាការអនុវត្តជាក់ស្តែង។ ២. ថែរក្សា ពង្រឹង សាមគ្គីភាពផ្ទៃក្នុង រក្សាការសម្ងាត់ និងគោរពអង្គវិន័យរបស់គណបក្សឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ជាទីបំផុត។ ៣. ប្តេជ្ញាចូលរួមប្រជុំជីវភាពបក្សឲ្យបានទៀងទាត់។

​ចំណែក​លោកបណ្ឌិត ទេព ងន បានសម្តែងនូវសេចក្តីសោមនស្សរីករាយបំផុត និងបាន​នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនចំពោះ​សមាជិកថ្មី និងអំពាវនាវឲ្យសមាជិកទាំងថ្មី និងចាស់ទាំងអស់ ធ្វើការរួបរួមគ្នា ដើម្បីពង្រឹង​គណបក្ស​ជាបន្ត។

លោកបានសង្កត់ធ្ងន់ថា សមាជិកចាស់ និងសមាជិកថ្មី គឺជាសមាជិកដូចគ្នា មិនមានការបែង​ចែកផ្សេងៗឡើយ។ សមាជិកទាំងអស់ ត្រូវមានស្មារតីរួបរួមគ្នា គោរពលក្ខន្តិកបក្ស និងបទបញ្ជាផ្ទៃក្នុង​របស់គណបក្សឲ្យបានហ្មឺ​ងម៉ាត់បំផុត។

លោកបានរំលឹកឡើងវិញពីស្នាដៃជាប្រវត្តិសាស្រ្តរបស់គណបក្ស ចាប់តាំងពីពេលកកើត​គណបក្ស រហូតមកទល់នឹងបច្ចុប្បន្ន រួមមាន ការវាយរំដោះយកឯករាជ្យជាតិពីអាណានិគមនិយម​បារាំង ឆ្នាំ​១៩៥៣ ផ្តួលរលំរបប​លន់​នល់ ឆ្នាំ​១៩៧៥ និងគណបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយតែមួយគត់ ដែលបានរំដោះ​ប្រជាជនពីរបបប្រល័យពូជសាសន៍​ដ៏សាហាវយង់ឃ្នង នៅឆ្នាំ​១៩៧៩ និងស្នាដៃជាប្រវត្តិសាស្រ្តផ្សេងៗជាបន្តទៀត។

លោកបណ្ឌិត ទេព ងន ក៏បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ក៏នៅបន្តចូលរួមជាកំលាំងស្នូល​ក្នុងការ​លើកស្ទួយសេដ្ឋកិច្ចប្រទេសជាតិ ថែរក្សាសន្តិភាព និងការអភិវឌ្ឈ ក្នុងពេលបច្ចុប្បន្ន​ផងដែរ។ គណបក្សប្រជាជនកម្ពុជា បង្កើតដោយប្រជាជន ដើម្បីប្រជាជន និង​បម្រើប្រជាជន​៕

PicturePicturePicturePicturePicturePicturePicturePicturePicture