Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខ​កីឡា​ជនពិការ​អាស៊ាន​ថា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​កម្ពុជា​នឹង​ទទួលបាន​ជោគជ័យ​

Views: 3

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ប្រមុខ​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន (APSF) មាន​សុ​ទិដ្ឋិ​ថា​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ទទួល​បាន​ជោគជ័យ​ជាមួយ​ការបង្ហាញ​ទស្សនីយភាព​ដ៏​អស្ចារ្យ​និង​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​ពហុ​កីឡា​ថ្នាក់​តំបន់​ជា​លើកដំបូង ដែល​មិន​ធ្លាប់មាន នៅ​កម្ពុជា បន្ទាប់ពី​បញ្ចប់​ដោយ​ជោគជ័យ នៃ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ កាលពី​ខែកក្កដា​។

បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩​រាតត្បាត​ជាស​កល​រយៈពេល​២​ឆ្នាំ​កម្ពុជា​បាន​យក​វិបត្តិ​នេះ​ឱ្យ​ក្លាយជា​ឱកាស​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​យ៉ាង​យក​ចិត្ត​ទុកដាក់ ដើម្បី​ធានាបាន​ថា ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ក្រោម​បាវចនា “​កីឡា​រស់ក្នុង​សន្តិភាព​” ឱ្យ​ទទួលបាន​ជោគជ័យ និង​នាំមក​នូវ​មោទនភាព​ជូន​ជាតិ​។​

​លោក Osoth Bhavilai ប្រធាន​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន (APSF) បានបង្ហាញ​ការ​ជឿជាក់ថា​កម្ពុជា​មា​នស​ម​ត្ថ​ភាព​គ្រប់គ្រាន់ និង​ត្រៀមខ្លួន​បាន​យ៉ាង​ល្អប្រសើរ​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់ខ្លួន ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣-៩ ខែមិថុនា ឆ្នាំ​២០២៣​។ សមិទ្ធផល​ថ្មីៗ​នៅ​ទីក្រុង​សូ​ឡូ​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​បើទោះបី​ជាមាន​ពេលវេលា​លំបាក​ក៏ដោយ​។ កម្ពុជា​បាន​ដំណើរ​ការល្អ​លើសពី​ការរំពឹងទុក និង​បានកំណត់​ស្តង់ដា​ថ្មី​ក្នុង​តំបន់​។ យើង​មាន​ទំនុកចិត្ត​យ៉ាង​ពេញទំហឹង​ថា ឆ្នាំ​ក្រោយនេះ ទីក្រុង​ភ្នំពេញ​អាចធ្វើ​បាន​ដូចគ្នា​។

​ប្រធាន APSF បន្តថា​សម្រាប់​អាណត្តិ​ទី​២​ជឿជាក់ថា​កម្ពុជា​មានប​ញ្ហា​ប្រឈម​ច្រើន​នៅ​ចំពោះមុខ ដើម្បី​ក្លាយជា​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជា​លើកដំបូង​នាពេលនេះ​។ ប៉ុន្តែ​កម្ពុជា តែងតែ​ចូលរួម​ជាមួយ​បណ្តា​ប្រទេស ដែល​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដូចជា ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា និង​សិង្ហ​បុរី​ជាដើម​។ លោក Bhavilai មានប្រសាសន៍ថា​ដូច​ទីក្រុង​ម្ចាស់ផ្ទះ​ផ្សេងទៀត​ដែរ​APSF​នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (CAMAPGOC) ដើម្បី​ធានាថា​គ្រប់​ទិដ្ឋភាព​សំខាន់ៗ​នៃ​ព្រឹត្តិការណ៍​ត្រូវបាន​គាំទ្រ​និង​ចូលរួម​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ លោក យី វាសនា បានបង្ហាញ​ផែនការ​ជាក់លាក់ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល APSF (BoG) នាពេល​ថ្មីៗ​កន្លងទៅនេះ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី​។ APSF ក៏បាន​រៀបចំ​កិច្ចប្រជុំ​បឋម​ជាមួយ CAMAPGOC នៅ​រាជធានី​ភ្នំពេញ កាលពី​នៅ​ថ្ងៃទី​១១ ខែកក្កដា​ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២​ក្រោម​អ​ធិ​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បន្ទាប់ពី​ពិធី​ប្រគល់​ទង់​ហ្គេម​ជា​ផ្លូវការ នៅ​ទីក្រុង​សូ​ឡូ កាលពី​ថ្ងៃទី​៦ ខែសីហា អគ្គលេខាធិការ APSF លោកស្រី Wandee Tosuwan និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​បន្ថែម អំពី​ការរៀបចំ​លើ​ការងារ​បច្ចេកទេស រចនាសម្ព័ន្ធ​ហ្គេម និង​ធនធានមនុស្ស​សម្រាប់​ព្រឹត្តិការណ៍​ក៏ដូចជា​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU)​។​

CAMAPGOC បាន​ចុះបញ្ជី​កីឡា​១២​ប្រភេទ សម្រាប់​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ រួមមាន អត្តពលកម្ម​, ប៊ូ​ស្យ៉ា​, វាយ​សី​, អុក​, បាល់ទាត់ (៥​ម្ខាង​), បាល់ទាត់ (៧​ម្ខាង​), បាល់ទះ​, លើក​ទម្ងន់​, បាល់ទះ​អង្គុយ​, ហែល​ទឹក​, វាយ​កូនឃ្លី​លើ​តុ និង​បាល់បោះ​ជិះរទេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដ៏​ទំនើប ដែលមាន​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​។​

​កាល ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នាទី​ក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី ឆ្នាំ​២០២២ កន្លងទៅ អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៧ ដោយ​ដណ្តើមបាន​មេដាយ​សរុប​២៨​គ្រឿង​គឺ មាស​៧ ប្រាក់​១០ និង​សំរិទ្ធ​១១៕​

Post navigation