Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខ​អង្គការ​ណា​តូ​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ជប៉ុន​ដើម្បី​ការពា​រ​លទ្ធិប្រជាធិបតេយ្យ​

Views: 3

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អគ្គលេខា​អង្គការ​ណា​តូ​លោក ជេ​នស៍ ស្តូល​ថិ​ន​ប៊ឺក កំពុង​នៅ​ជប៉ុន ជា​ផ្នែក​នៃ​ដំណើរ​ទស្សនកិច្ច​អាស៊ី​បូព៌ា​របស់លោក​។​នៅ​ទីនោះ លោក​បាន​និយាយថា​«​សន្តិសុខ​របស់​​យើង​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតដិត​»​និង​បាន​អំពាវនាវ​អោយ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ជប៉ុន នៅ​ពេល​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​បង្កើន​គ្រោះថ្នាក់​ជា​សកល​និង​បង្ហាញ​ថា​បណ្តា​ប្រទេស​ប្រកាន់​​លទ្ធិប្រជាធិបតេយ្យ​ត្រូវការ​ភាព​ជា​ដៃគូ​អោយ​កាន់តែ​រឹងមាំ​ឡើង​។​

​ជប៉ុន​បាន​រួសរាន់​ចូលរួម​យុទ្ធនាការ​ដាក់ទណ្ឌកម្ម​ដឹកនាំ​ដោយ​អាម៉េរិក​លើ​រុស្ស៊ី​ដោយសារ​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន​និង​បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ព្រមទាំង​គ្រឿង​បរិក្ខារ​យោធា​មិន​មាន​លក្ខ​​ណៈ​ប្រយុទ្ធ​ទៅអោយ​អ៊ុ​យក្រែន​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា បាន​ព្រមាន​ថា ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អឺរ៉ុប​អាច​កើតឡើង​នៅ​អាស៊ី កន្លែង​ដែល​គេ​កំពុង​ព្រួយបារម្ភ​អំពី​ចិន​ដែល​កាន់តែ​អាងយ៉ាង​និង​ភាព​តានតឹង​​កាន់តែ​កើនឡើង​នៅក្បែរ​កោះ​តៃវ៉ាន់​។​

​ជប៉ុន​ក៏​បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​ណា​តូ​កាលពី​ពេល​ថ្មីៗ​។​

​លោក ស្តូល​ថិ​ន​ប៊ឺក បាន​និយាយ​ក្នុងអំឡុងពេល​ទៅ​ទស្សនា​មូលដ្ឋាន​ទ័ពអាកាស​អ៊ី​រូ​ម៉ា​(Iruma)​នៅ​ខាងជើង​ទីក្រុង​តូ​ក្យូ​ថា «​សង្គ្រាម​នៅ​អ៊ុយ​ក្រែនក៏​បង្ហាញថា សន្តិសុខ​របស់​យើង​មាន​ទំនាក់ទំនង​គ្នា​​យ៉ាង​ជិតស្និទ្ធ​ផងដែរ​។​បើសិនជា​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ឈ្នះ​នៅ​អ៊ុ​យក្រែន វា​នឹង​ជា​សោកនាដកម្ម​មួយ​សំរាប់​ប្រជាជន​អ៊ុ​យក្រែន តែ​វា​ក៏​នឹង​បញ្ជូន​សារ​គ្រោះថ្នាក់​ខ្លាំង​ណាស់​មួយ​ទៅ​កាន់​ពួក​មេ​ដឹក​​នាំ​ផ្តាច់ការ​នៅលើ​ពិភពលោក​ថា​មានតែ​ប្រើ​កម្លាំងយោធា ទើបពួកគេ​អាច​សំរេច​គោលដៅ​របស់​គេ​។​ដូច្នេះ សង្គ្រាម​នៅ​អ៊ុយ​ក្រែនជា​បញ្ហា​របស់​យើងទាំងអស់គ្នា​»​។​

​លោក ស្តូល​ថិ​ន​ប៊ឺក បានបន្ថែមថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នៅ​ជប៉ុន​ជា​«​ផ្លូវ​មួយ​ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​ណា​តូ​និង​ដៃគូ​ជប៉ុន​ដ៏​មាន​តំលៃ​របស់​យើង​»​។​

​អគ្គលេខា​អង្គការ​ណា​តូ​លោក ជេ​នស៍ ស្តូល​ថិ​ន​ប៊ឺក​ទស្សនា​មូលដ្ឋានទ័​ព​អាកាស​អ៊ី​រូ​ម៉ា​និង​ថ្លែង​សុន្ទរកថា​ទៅកាន់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​មករា​

​លោក ស្តូល​ថិ​ន​ប៊ឺក​ឡើង​អង្គុយ​សាក​ក្នុងកន្លែងបើក​យន្តហោះ​ប្រយុទ្ធ F-2​របស់​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​

​នៅ​ថ្ងៃ​យប់អង្គារ​​លោក​ត្រូវ​ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន​និង​ធ្វើ​សន្និសីទកាសែត​រួមគ្នា​មួយ​។​

​សូមបញ្ជាក់​ថា ជប៉ុន​ជា​សម្ពន្ធមិត្ត​ជិតដិត​បំផុត​របស់​អាម៉េរិក និង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​ពង្រីក​ទំនាក់ទំនង​យោធា​ជាមួយ​បណ្តា​ប្រទេ​សក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ព្រមទាំង​ជា​មួយ​អង់គ្លេស អឺរ៉ុប​និង​ណា​តូ ចំ​ពេល​មាន​ការព្រួយបារម្ភ​អំពី​សន្តិសុខ​ខ្លាំង​ឡើង​ដោយសារតែ​ការ​គំរាម​មកពី​ចិន​និង​កូរ៉េខាងជើង​។​

​នៅ​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ អគ្គលេខា​អង្គការ​ណា​តូបាន​អំពាវនាវ​អោយ​កូរ៉េខាងត្បូង​ផ្តល់​ការគាំទ្រ​យោធា​ដោយ​ផ្ទាល់​ទៅ​កាន់​អ៊ុយ​ក្រែន​ដើម្បី​ជួយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​ប្រយុទ្ធ​ទល់​នឹង​កងកម្លាំង​​ឈ្លានពាន​រុស្ស៊ី​។​

​តាំងពី​មុន​មក កូរ៉េខាងត្បូង​គ្រាន់តែ​ផ្តល់​ជំនួយ​មនុស្សធម៌​និង​ការគាំទ្រ​ផ្សេងៗ ដោយសារ​ប្រទេស​មាន​គោល​នយោបាយ​មិន​ផ្តល់​សព្វាវុធ​ទៅកាន់​ប្រទេស​មាន​ជម្លោះ​៕

​អគ្គលេខា​អង្គការ​ណា​តូ​លោក ស្តូល​ថិ​ន​ប៊ឺក បាន​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ចន្ទ​និង​បាន​ពិភាក្សា​អំពី​ការគាំទ្រ​របស់​កូរ៉េខាងត្បូង​ចំពោះ​អ៊ុ​យក្រែន​

Post navigation