Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខណាតូជំរុញឱ្យកូរ៉េខាងត្បូងបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន

អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg នៅថ្ងៃចន្ទនេះ បាន​ជំរុញ​ឱ្យ​ប្រទេស​កូរ៉េខាង​ត្បូង ​​បង្កើន​ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដោយលើកឡើងពីប្រទេសផ្សេងទៀតដែលបានផ្លាស់​ប្តូរ​គោល​នយោបាយរបស់​ពួកគេ ក្នុងការមិនផ្តល់អាវុធដល់ប្រទេសដែលមានជម្លោះ។ នេះបើតាម​ការចុះផ្សា​យ​ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

ការជំរុញនេះត្រូវបានធ្វើឡើង ខណៈអគ្គលេខាធិការអង្គការណាតូ បានធ្វើដំណើរទស្សនកិច្ចទៅ​កាន់ប្រទេស​កូរ៉េ​ខាង​ត្បូង ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ពន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក ​ស្រប​ពេលដែលមានសង្គ្រាមនៅអ៊ុយក្រែន និងការកើនឡើងនៃការប្រកួតប្រជែងជាមួយប្រទេសចិន។

ថ្លែងនៅវិទ្យាស្ថានមួយក្នុងទីក្រុងសេអ៊ូល លោក Jens Stoltenberg បានអរគុណដល់ប្រទេសកូរ៉េខាងត្បូង សម្រាប់ជំនួយដែលមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ៊ុយក្រែន។ ទោះជាយ៉ាងណា លោកបានជំរុញឱ្យប្រទេសមួយនេះផ្ដល់ជំនួយបន្ថែមទៀត ខណៈគ្រាប់រំសេវមានតម្រូវការបន្ទាន់។

លោក​​ថា​៖ «​ខ្ញុំ​ជំរុញ​ឱ្យ​សាធារណរដ្ឋ​កូរ៉េ​បន្ត​ និង​បង្កើន​​​ការ​​គាំទ្រ​ផ្នែក​យោធា​ [សម្រាប់ប្រទេសអ៊ុយក្រែន]​ ខណៈសម្ពន្ធមិត្តណាតូមួយចំនួនដែលមានគោលនយោបាយមិននាំចេញអាវុធទៅកាន់ប្រទេស​ដែល​មាន​ជម្លោះបច្ចុប្បន្ន​ បានផ្លាស់ប្តូរគោលនយោបាយនោះហើយ»។

គួរបញ្ជាក់​ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ច្បាប់របស់ប្រទេសលោកប្រឆាំងនឹងការផ្តល់អាវុធដល់ប្រទេស​ដែលមានជម្លោះ ធ្វើឱ្យការផ្តល់អាវុធដល់អ៊ុយក្រែនមានការលំបាក។

ទោះជាយ៉ាងណា លោក Jens Stoltenberg បានធ្វើការកត់សម្គាល់ថា ប្រទេសមួយចំនួនដែលមានដូចជាអាល្លឺម៉ង់ ស៊ុយអែត និងន័រវែស ក៏មានគោលនយោបាយស្រដៀងគ្នានេះផងដែរ ប៉ុន្តែពួកគេបានផ្លាស់ប្តូរអស់ហើយ។

​ដោយ​សំដៅ​លើសង្គ្រាមរវាងរុស្សី និង​អ៊ុយក្រែន លោក​ថា​៖ «​ប្រសិនបើ​យើង​មិន​ចង់​ឱ្យ​របប​ផ្តាច់ការ​ឈ្នះ ​នោះ​​អាវុធ​គឺពិតជាចាំបាច់សម្រាប់ពួកគេ [អ៊ុយក្រែន]។ វាគឺ​ជា​ការ​ពិត​»។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់ខែទី​១១ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងតំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះត្រូវបានបណ្ដាប្រទេសមួយចំនួន​ចាត់ទុកថា​ជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕