Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រដាល់គុនខ្មែរ រៀបចំព្រឹត្តិការណ៍ Pre-SEA Games ដើម្បីតេស្តសមត្ថភាព កីឡាករ ដែលមាន ៧ ប្រទេស ចូលរួម

Views: 2

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរអន្ដរជាតិ នឹងរៀបចំការប្រកួតសាកល្បង មុនព្រឹត្តិការណ៍ស៊ីហ្គេម (Pre-SEA Games) ពោលគឺ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលគ្រោងធ្វើពីថ្ងៃទី ៩ ដល់ថ្ងៃទី១១ ខែធ្នូ ខាងមុខ នៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ ដើម្បីតេស្ដសមត្ថភាពកីឡាករ កីឡាការិនី និងមន្ដ្រីបច្ចេកទេស ត្រៀមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៅកម្ពុជា នាឆ្នាំក្រោយ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC និង NOCC បានមានប្រសាសន៍ថាៈ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ គណៈកម្មការពាក់ព័ន្ធ បានរៀបចំ កិច្ចប្រជុំ ដើម្បីពិនិត្យការត្រៀមរៀបចំការប្រកួត Pre-SEA Game នៃកីឡាប្រដាល់ គុនខ្មែរ ការងារសន្ដិសុខសណ្ដាប់ធ្នាប់ និងការត្រៀមទទួលបដិសណ្ឋារកិច្ចប្រតិភូ និងភ្ញៀវ ចូលរួមជាដើម ដែលការប្រកួតនេះ នឹងមានអ្នកចូលរួមសរុប ចំនួន ១៤២ នាក់ មកពី ៧ ប្រទេស ក្នុងតំបន់អាស៊ាន រួមមាន ឥណ្ឌូណេស៊ី វៀតណាម ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និង កម្ពុជា។

ព្រឹត្តិការណ៍នេះ គឺទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដែលការប្រកួត នឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែធ្នូ ខាងមុខ ស្របពេលពេលវេលាជាមួយ ការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

លោក វ៉ាត់ ចំរើន បានបន្ដថាៈ ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំតាមស្ដង់ដារ ដែលកម្ពុជាធ្លាប់ រៀបចំ កន្លងមក ដូចជាជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ និងកីឡាផ្សេងៗទៀត ក្នុងកម្រិត Pre-SEA Games យើងត្រូវធ្វើស្ដង់ដារតែមួយ។ ដូច្នេះការធ្វើបដិសណ្ឋារកិច្ច និងដំណើរការរៀបចំការប្រកួតនេះ គឺយើងប្រគល់ជូនសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីសម្របសម្រួលជាមួយ សហព័ន្ធគុនខ្មែរអន្ដរជាតិ។ កម្រិតយើងធ្វើនេះ គឺអ្វីៗធ្វើដើម្បី វាស់ស្ទង់សមត្ថភាពរបស់ កីឡាករ-កីឡាការិនី ត្រៀមស៊ីហ្គេមផង និងជំរុញឲ្យមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម របស់យើង បានរៀនសូត្រ និងដកស្រង់ បទពិសោធន៍ ក្នុងការរៀបចំ Pre-Sea Games នេះ ឲ្យបានល្អ ហើយដល់ពេលស៊ីហ្គេម គឺពួកគាត់ អាចមាន បទពិសោធន៍ច្រើន ក្នុងការរៀបចំ ស្របតាមស្ដង់ដារអន្ដរជាតិ តែម្ដង។

ក្រៅពីកីឡាប្រដាល់គុនខ្មែរ នៅខែក្រោយនេះដែរ កីឡាចំបាប់ក៏នឹងមានរៀបចំការប្រកួត ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ លក្ខណៈ Pre-SEA Games ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ ខាងមុខ នៅរាជធានីភ្នំពេញ ដើម្បីជាការតេស្ដសាកល្បង ទាំងមន្ដ្រីបច្ចេកទេស រៀបចំការប្រកួត និងកីឡាករ កីឡាការិនី ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ ឆ្នាំមកនេះ ផងដែរ ៕/V

Post navigation