Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្តី​ប្រពន្ធ​សិង្ហ​បុរី​ក្នុង​រឿងអាស្រូវ​ទំនិញប្រណិត​តំលៃ​៣២​លាន​ដុល្លារ​បានលួច​រត់ចេញ​ពី​សិង្ហ​បុរី​តែ​ត្រូវ​ចាប់ខ្លួន​នៅ​ម៉ាឡេស៊ី​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប្តី​ប្រពន្ធ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កាបូប​និង​នាឡិកា​ប្រណិត​(​ប្រ៊ែន​)​តំលៃ​៣២​លាន​ដុល្លារ ត្រូវបាន​ចាប់ខ្លួន​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង ចូហ័រ បា​រូ​(Johor Bahru )​របស់​ម៉ាឡេស៊ី ។​

​ប៉ូលិស​ក្នុង​ឯកសណ្ឋាន​ស៊ីវិល​បាន​ចាប់ខ្លួន ភី ជា​ផេង​(Pi Jiapeng)​អាយុ​២៦​ឆ្នាំ និង​ប្រពន្ធ​អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​ថៃ នាង​ផាន​ស៊ុក ស៊ី​រី​វី​ផា​(Pansuk Siriwipa)​នៅ​ពេល​អ្នក​ទាំង​ពីរ​ប្រុង​ចុះ​​ឈ្មោះ​ចូល​ស្នាក់​នៅ​សណ្ឋាគារ BookMe Hotel​កាលពី​ថ្ងៃ​ពុធ​ទី​១០​សីហា​។​

​បុគ្គលិក​សណ្ឋាគារ​បាន​ប្រាប់​សារព័ត៌មាន​ស្ត្រេត​ថែមស៍​ថា​« ប្តី​ប្រពន្ធ​នេះ​មិន​ស្នាក់​នៅក្នុង​សណ្ឋាគារ​ទេ​។​ពួកគេ​កំពុង​ចុះ​ឈ្មោះ​ស្រាប់តែ​ប៉ូលិស​មកដល់​។​វា​កើត​ឡើង​លឿន​ណាស់​និង​ពួក​គេ​ត្រូវបាន​នាំ​ចេញ​​តែ​បួន​ប្រាំ​នាទី​»​។​

​កាម៉េរ៉ា​សណ្ឋាគារ​បង្ហាញ​ប៉ូលិស​នៅ​ក្បែរ​ប្តី​ប្រពន្ធ​នៅ​ពេល​ពួកគេ​អង្គុយ​នៅលើ​កៅអី​មួយ​ក្នុង​បន្ទប់​សណ្ឋាគារ​

​ភី និង ស៊ី​រី​វី​ផា ត្រូវ​ប៉ូលិស​ចាប់ខ្លួន​និង​បញ្ជូន​ត្រឡប់​ទៅ​សិង្ហ​បុរី​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ប្រឈម​ការចោទប្រកាន់​នៅថ្ងៃសុក្រទី១២សីហា

​ក្រោយ​ការ​ចាប់ខ្លួន ប្តី​ប្រពន្ធ​នេះ​ត្រូវបាន​នាំ​ទៅកាន់​សិង្ហ​បុរី​វិញ​ក្រោម​ការ​អម​ការពារ​របស់​ប៉ូលិស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ប្រឈម​ការចោទប្រកាន់​ពី​បទ​សមគំនិត​គ្នា​ប្រព្រឹត្ត​ការ​បោក​បន្លំ​និង​ការចាក​​ចេញពី​សិង្ហ​បុរី​ដោយ​ខុសច្បាប់​។​

​គូស្នេហ័​វ័យ​ក្មេងនេះ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ទំនិញប្រណិត​ក្រោយ​មាន​បណ្តឹង​យ៉ាងតិច​១៨០​ចាប់តាំងពី​ខែ​មិថុនា​ឆ្នាំ​នេះ​ថា​ពួកគេ​មិន​បាន​ផ្ញើ​អីវ៉ាន់អោយ ដូចជា​នាឡិកា​និង​កាបូប​ប្រ៊ែនៗ​អោយ​តាម​ការ​​សន្យា​។​ជនរងគ្រោះ​បាន​អះអាងថា ពួកគេ​បាន​បង់ប្រាក់​អោយ​ប្តី​ប្រពន្ធ​នេះ​ជាមុន​សំរាប់​ទំនិញ​បញ្ជូន​អោយ​តាម​ក្រោយ​។​បុរស​ម្នាក់​បាន​អះអាង​ថា ខ្លួន​បាន​ចំណាយលុយ​២៨០.០០០​ដុល្លារ​សំរាប់​នាឡិកា​Rolex​ពីរ​គ្រឿងនិង​Patek Philippe​មួយ​។​

​អ្នក​ទាំង​ពីរ​ត្រូវ​ប៉ូលិស​សិង្ហ​បុរី​ហៅ​អោយ​ចូល​ខ្លួន ដោយ​លោក​ភី​បាន​បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​និង​នាង​ស៊ី​រី​វី​ផា ត្រូវបាន​ដក​លិខិតឆ្លងដែន​។​ប្តី​ប្រពន្ធ​នេះ​ស្រាប់តែ​គេ​ទាក់ទង​លែង​បាន​និង​បាន​ភៀស​​ខ្លួន​ចេញពី​សិង្ហ​បុរី​កាលពី​ថ្ងៃ​៤​កក្កដា ហើយ​អាជ្ញាធរ​បាន​ចេញ​ដីកាចាប់ខ្លួន​ពួកគេ​កាលពី​ថ្ងៃ​១៦​កក្កដា​។​

​ប៉ូលិស​អន្តរជាតិ​ក៏​បាន​ចេញ​និវេទន៍​ក្រហម​នៅ​ពេល​ក្រោយមក​ដើម្បី​តាម​ចាប់​អ្នក​ទាំង​ពីរ​មុនពេល​ប៉ូលិស​សិង្ហ​បុរី​ទទួលបាន​ការជូន​ដំណឹង​ពី​ប៉ូលិស​ថៃ​កាលពី​ថ្ងៃ​ពុធ​ថា ប្តី​ប្រពន្ធ​នេះ​អាច​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​​នៅ​ក្រុង​ចូហ័រ បា​រូ​។​

​បន្ទាប់ពី​ប៉ូលិស​សិង្ហ​បុរី​សុំ​ជំនួយ ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាត់​ការចាប់ខ្លួន​ពួក​គេ​បញ្ជូន​ទៅ​សិង្ហ​បុរី​ភ្លាមកាលពី​ថ្ងៃ​១១​សីហា​៕

Post navigation