Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ នៅអាយុ ៩៣ ឆ្នាំហើយនៅតែកំពុងដេញតាមចាប់ក្តីសុបិនរបស់ខ្លួន លោក ក្វុន ណូហ្គាប (Kwon No-gab) ដែលជាប្រធានអង្គការមូលនិធិគីមដេជុង (Kim Dae-jung) និងជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យកូរ៉េ ដែលជាបក្សប្រឆាំងដ៏សំខាន់ ថ្មីៗនេះបានចូលរៀនថ្នាក់ដំបូងរបស់គាត់ក្នុងនាមជានិស្សិតថ្នាក់បណ្ឌិតអក្សរសាស្ត្រអង់គ្លេស។
គាត់បាននិយាយថាគាត់មានគោលបំណងដើម្បីបញ្ចប់និក្ខេបបទរបស់គាត់នៅពេលគាត់មានអាយុ ៩៥ ឆ្នាំក្នុងរយៈពេលពីរឆ្នាំទៀត ដែលជាគោលដៅមហិច្ឆតាបំផុតសម្រាប់បេក្ខជនបណ្ឌិត។
កំណត់ត្រាសម្រាប់ជនជាតិកូរ៉េខាងត្បូងដែលមានវ័យចំណាស់ជាងគេក្នុងការទទួលបានសញ្ញាបត្របណ្ឌិតគឺធ្វើឡើងដោយបណ្ឌិត លី សាងស៊ុគ (Lee Sang-suk) ដែលបានទទួលសញ្ញាបត្រនៅអាយុ ៩២ ឆ្នាំនៅដើមឆ្នាំ ២០២៣។
ប្រធានបទនៃនិក្ខេបទរបស់លោកក្វុនត្រូវបានកំណត់រួចហើយ គឺ បុរសដែលជាយក្សធំក្នុងនយោបាយកូរ៉េខាងត្បូង ពោលគឺជាអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ជាស្ថាបនិកនៃ “គោលនយោបាយពន្លឺព្រះអាទិត្យ” ចំពោះកូរ៉េខាងជើង ជាជ័យលាភីរង្វាន់ណូបែលសន្តិភាព និងជាអ្នកណែនាំជាទីស្រឡាញ់ ជាសមមិត្ត “ជាគ្រួសារ” និង ជានិមិត្តរូប (Idol) ពេញមួយជីវិត គឺ អតីតប្រធានាធិបតី គីម ដេជុង។
លោកក្វុនបាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយកាសែត The Korea Herald ថា “គោលដៅរបស់ខ្ញុំគឺលះបង់ខ្លួនឯងចំពោះប្រធានាធិបតីគីមរហូតដល់ទីបញ្ចប់។ បើគ្មានគាត់ទេ ខ្ញុំមិនដែលមានជីវិតបែបនេះ មិនទទួលបានពានរង្វាន់សិទ្ធិមនុស្ស និងមិនដែលទទួលបានការអបអរនៅចំពោះមុខប្រជាជននៅសហរដ្ឋអាម៉េរិកទេ”។
លោកបន្តថា មេដឹកនាំកូរ៉េឆ្នាំ ២០២៣ ក៏ដូចជាមេដឹកនាំនយោបាយពោរពេញដោយបំណងប្រាថ្នាដទៃទៀតនៅទូទាំងពិភពលោក ពួកគេមានមេរៀនដ៏មានតម្លៃដែលត្រូវរៀនសូត្រពីជីវិតរបស់មេដឹកនាំស្លាប់ទៅនេះ (គីម ដេជុង) ដោយបន្ថែមថា គាត់សង្ឃឹមថាការស្រាវជ្រាវថ្នាក់បណ្ឌិតរបស់គាត់អាចរួមចំណែកក្នុងការផ្សព្វផ្សាយគំនិតរបស់លោកគីម៕

លោក ក្វុន ណូហ្គាប ថ្មីៗនេះបានចូលរៀនថ្នាក់ដំបូងរបស់គាត់ក្នុងនាមជានិស្សិតថ្នាក់បណ្ឌិតអក្សរសាស្ត្រអង់គ្លេស