Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុរសម្នាក់ បើកម៉ូតូលឿនទៅបុករថយន្តពេញទំហឹង បណ្ដាលឲ្យដួលដាច់ដៃម្ខាង ត្រឹមឃ្លៀក

Views: 2

ដោយៈ ចាន់តូ / ភ្នំពេញៈ បុរសម្នាក់ ដាច់ដៃម្ខាងត្រឹមឃ្លៀក រងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូយ៉ាងលឿន ទៅបុករថយន្តពេញទំហឹង កាលពីវេលាម៉ោង ៣និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចស្តុបណតប៊្រីត តាមបណ្ដោយផ្លូវ២០០៤ កែងនឹងផ្លូវណតប៊្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសរងគ្រោះរងរបួសធ្ងន់ មានឈ្មោះ ឌុច វិបុល អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិកែវស្នា ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

តាមសម្ដីមិត្តភ័ក្រ្ដ បានប្រាប់ឲ្យដឹងថាៈ ដំបូងឡើយ ពួកគាត់ បានជិះម៉ូតូមួយម្នាក់ ម៉ូតូជនរងគ្រោះ ម៉ាកហុងដា ស្គូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GM.8222 ធ្វើដំណើរតាមបណ្ដោយផ្លូវណតប៊្រីត ទិសដៅពីខាងត្បូង ទៅខាងជើងយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុក រថយន្តតូយ៉ូតា ព្រុស ពណ៌ក្រហម ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 2AV.7590 បើកតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីខាងកើតមកខាងលិច ក៏បុកពេញទំហឹង បណ្ដាលឱ្យដួលដាច់ដៃស្តាំ ត្រឹមឃ្លៀក រងរបួសធ្ងន់។

ភ្លាមៗរថយន្ត មិនឈប់នៅកន្លែងកើតហេតុនោះទេ បានបើកហួសទៅដល់ស្តុបវត្តអង្គតាមិញ ក៏ឈប់នៅមុខផ្ទះប្រជាពលរដ្ឋមួយកន្លែងហើយអ្នកបើក ក៏បានចុះរត់បាត់តែម្តង។ចំណែកឯជនរងគ្រោះ ភ្លាមៗ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកវាស់វែង យកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕/V-PC

Post navigation