Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ​.​ស​.​ប​ជំរុញ​ឱ្យ​មាន​ការរួបរួម​ជា​អន្តរជាតិ​ប្រឆាំង​នឹង​ផែនការ​បោះឆ្នោត​មី​យ៉ាន់​ម៉ា ដោយ​និយាយថា​វា​នឹង​ញុះញង់​ឱ្យមាន “​អំពើហិង្សា​កាន់តែ​ខ្លាំង​”

Views: 1

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​មករា​ថា ផែនការ​សម្រាប់​ការបោះ​ឆ្នោត​នៅ​ក្នុងប្រ​ទេ​សមី​យ៉ាន​ម៉ា​នៅ​ឆ្នាំ​នេះ​នឹង “​ជំរុញ​ឱ្យមាន​អំពើ​ហិង្សា​កាន់តែខ្លាំង​” ដោយ​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​រួបរួមគ្នា​ជំទាស់​។​

​មី​យ៉ាន់​ម៉ា​បាន​ស្ថិត​ក្នុង​ភាពចលាចល​ចាប់តាំងពី​យោធា​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី កាលពី​ពីរ​ឆ្នាំ​មុន​ដោយ​ចោទប្រកាន់​អំពី​ការ​ក្លែងបន្លំ​សន្លឹកឆ្នោត​ទ្រង់​ទ្រាយ​ធំ​ក្នុងអំឡុង​ការបោះឆ្នោត ដែល​គណបក្ស​របស់​លោក​ស្រី​ឈ្នះ​ក្នុង​ឆ្នាំ ២០២០​។​

​បេសកជន​ពិសេស​របស់​អ​.​ស​.​ប លោកស្រី ណូ​លីន ហេ​ហ្សឺ (Noeleen Heyzer) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការបោះ​ឆ្នោត​ណាមួយ​ដែល​រៀបចំ​ដោយ​យោធា​”​នឹង​ជំរុញ​ឱ្យមាន​អំពើ​ហិង្សា​កាន់តែខ្លាំង អូសបន្លាយ​ជម្លោះ​និង​ធ្វើឱ្យ​ការវិលត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​និង​ស្ថិរភាព​វិញ​កាន់តែ​លំបាក​”​។​

បេសកជន​ពិសេស​របស់​អ​.​ស​.​ប លោកស្រី ណូ​លីន ហេ​ហ្សឺ

​លោកស្រី​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ “​បង្កើត​ជំហរ​បង្រួបបង្រួម​កាន់​តែ​រឹងមាំ​” លើ​ការបោះឆ្នោត​ដែល​បាន​គ្រោងទុក​នេះ​។​

​សហរដ្ឋ​អាម៉េរិក​បាន​និយាយថា ការបោះ​ឆ្នោត​ណាមួយ​ដែល​ធ្វើឡើង​ដោយ​យោធា​នឹង​ជា “​ការ​ក្លែងបន្លំ​”​តែ​សម្ពន្ធមិត្ត​ជិតស្និទ្ធ​នឹង​ពួកយោធា​មី​យ៉ាន់​ម៉ា​គឺ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និយាយថា ខ្លួន​គាំទ្រ​ការបោះឆ្នោត​នេះ​។​

​អ្នកនាំពាក្យ​របស់​អគ្គ​លេខាធិការ​អ​.​ស​.​ប លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​មាន​ការព្រួយបារម្ភ​ចំពោះ​ចេតនា​របស់​យោធា​ក្នុង​ការរៀបចំ​ការបោះឆ្នោត ចំ​ពេល​មាន​ការចាប់ខ្លួន ការបំភិតបំភ័យ​និង​ការ​បៀតបៀន​មេដឹកនាំ​នយោបាយ តួអង្គ​សង្គម​ស៊ីវិល​និង​អ្នកកាសែត​ជា​បន្ត​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា “​ដោយ​គ្មាន​លក្ខខណ្ឌ​ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​ពួក​គេ​ដោយ​សេរី​ទេនោះ ការបោះឆ្នោត​ដែល​បាន​ស្នើ​ឡើង​នេះ​នឹង​ប្រថុយធ្វើ​ឱ្យមាន​អស្ថិរភាព​កាន់តែ​ធ្ងន់ធ្ងរ​”​។​

​របប​យោធា​បាន​ផ្តល់​ពេល​ពីរ​ខែ​ដល់​គណបក្ស​នយោបាយ​ដែល​មាន​ស្រាប់​ចុះ​ឈ្មោះ​ឡើងវិញ​ក្រោម​ច្បាប់បោះឆ្នោត​ថ្មី​ដ៏​តឹងរ៉ឹង​ក្នុង​ខែ​នេះ ដែល​ជា​សញ្ញា​ចុងក្រោយ​បង្ហាញ​ថា​យោធា​នឹង​រៀប​ចំ​ផែនការ​បោះឆ្នោត​ថ្មី​នៅ​ឆ្នាំ ២០២៣​។​

​អ្នកសង្កេតការណ៍​និយាយ​ថា ការបោះឆ្នោត​ដែល​បាន​គ្រោងទុក​នេះ​មិន​អាច​មាន​ភាព​សេរី​និង​យុត្តិធម៌​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​បានទេ​។​

​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​បានអនុម័ត​សេចក្តីសម្រេចចិត្ត​លើកដំបូង​របស់​ខ្លួន​ស្តីពី​ស្ថានភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ខែ​ធ្នូ ដោយ​ជំរុញ​ឱ្យ​របប​យោធា​ដោះលែង​លោកស្រី​ស៊ូ​ជី និង “​អ្នកទោស​ដែល​ត្រូវបាន​ឃុំខ្លួន​តាម​អំពើ​ចិត្ត​” ទាំងអស់​។​

​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ គឺ​ចិន​និង​រុស្ស៊ី​បាន​បោះ​អនុប្បវាទ ដោយ​ជ្រើសរើស​មិន​ប្រើ​សិទ្ធិ​វ៉េតូ បន្ទាប់​ពី​ការកែប្រែ​ពាក្យពេចន៍​។​

​ឥណ្ឌា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​របប​យោធា​ក៏​បាន​បោះ​អនុប្បវាទ​ដែរ​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​ដ៏​បង្ហូរ​ឈាម​របស់​មី​យ៉ាន់​ម៉ា ដែល​ដឹកនាំ​ដោយ​អ​.​ស​.​ប​និង​អាស៊ាន បាន​ទទួល​ផល​តិចតួច ព្រោះ​ពួក​ឧត្តមសេនីយ៍​បដិសេធ​មិន​ចរចា​ជាមួយ​គូប្រ​ជែង​៕

ក្រុមអ្នកតវ៉ា​ប្រើ​អាវុធ​កែច្នៃ​ដើម្បី​ការពារ​សន្តិសុខ​កុំឱ្យ​ចូល​សង្កាត់​របស់​ពួកគេ​ក្នុង​ទីក្រុង​យ៉ាងហ្គោន កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២១

Post navigation