Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់គ្រង​សភាពការណ៍​សន្តិសុខ បានល្អ​ប្រសើរ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​

Views: 2

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​កម្លាំង​មាន​សមត្ថកិច្ច របស់​រាជធានី​ភ្នំពេញ ដែល​បាន​គ្រប់គ្រង​សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ បាន​យ៉ាង​ល្អប្រសើរ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ខណៈ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ បន្ថែម​ពីនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ដោះស្រាយ បញ្ហា​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ បានល្អ​ប្រសើរ​ផងដែរ​។​

​ការសម្តែង​នូវ​ការកោតសរសើរ ពី​សំណាក់​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បែបនេះ បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣៩ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ។​

​លោក ម៉ប់ សារិន បាន​មានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ និង​គ្រប់គ្រង​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ បានល្អ​ប្រសើរ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួនទៀត ក្នុងនោះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កងកម្លាំង​គ្រប់លំដាប់​ថ្នាក់ បាន​យកចិត្តទុកដាក់​ខ្ពស់ រក្សាបាន​សុវត្ថិ​ភាពល្អ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥៥​នេះ ។ ទន្ទឹមនេះ ការរៀបចំ​សណ្ដាប់ធ្នាប់ សុវត្ថិភាព ក៏មាន​លក្ខណៈ​ល្អប្រសើរ ដោយ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ បាន​យកចិត្តទុកដាក់ ខិតខំ​បំពេញភារកិច្ច ដោយមាន​ការចូលរួម ពី​ប្រជាពលរដ្ឋ​បានល្អ​។​

​លោក បាន​បន្តថាៈ ក្នុងនាម​ប្រជាពលរដ្ឋ​កម្ពុជា យើង​ពិត​ជាមាន​មោទនភាព​ក្រៃលែង ដែល​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន បានរៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ប្រកបដោយ​ជោគជ័យ ធានាបាន​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ ធ្វើឱ្យ​កិច្ចប្រជុំ​ដំណើរការ ដោយ​អនុលោម​ទៅតាម​ស្មារតី អាស៊ាន «​ទស្សនៈវិស័យ​មួយ អត្តសញ្ញាណ​មួយ សហគមន៍​មួយ​» ក្នុងនោះ យើង​សង្កេតឃើញ រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ធំៗ ដូចជា សហរដ្ឋអាមេរិក សហព័ន្ធរុស្ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​ល​។ បាន​អញ្ជើញ​ចូលរួម​ពិភាក្សា និង​ជួប​សម្ដែង​ការគួរសម​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា​េ​ជាណា​ចក្រ​កម្ពុជា ផងដែរ ។​

​បន្ថែម​ពីលើ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានធ្វើការ​សម្របសម្រួល ដោះស្រាយ បញ្ហា​ជាមួយ​បងប្អូន​អាជីវករ ផ្សារ​អូរឫស្សី ដោយ​កំណត់​អាណត្តិ​ថ្មី ២០​ឆ្នាំ (២០២២-២០៤២) និង​បាន​ដោះស្រាយ​បញ្ចប់ នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ថែមទៀត​។​

​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​ដែរ​ថាៈ ការទទួលបាន​ជោគជ័យ ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព បានល្អ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី ការបរទេស​អាស៊ាន លើក​ទី​៥៥​នេះ គឺ​យើង​ដោះស្រាយ​បញ្ហា​បានល្អ អាជ្ញាធរ​រាជធានី​ភ្នំពេញ កងរាជអាវុធហត្ថ និង​កងកម្លាំង​ប៉ូលិស​រាជធានី​ភ្នំពេញ សហការគ្នា​បានល្អ ។ នេះ​ជា​បទពិសោធន៍​ដ៏​ល្អ​មួយ ដែល​យើង​អាច​ទទួលបាន ភាពជោគជ័យ ជា​បន្តបន្ទាប់​ទៀត នៅក្នុង​កិច្ចប្រជុំ​កំពូលៗ នៅពេល​ខាងមុខ​ទៀត​៕/V​

Post navigation