Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរ នឹងកែលម្អតំបន់ឆ្នេរលេងទឹកក្រុងកែបដើម្បីបង្កើនសោភ័ណភាព

Views: 1

ដោយ: បូកគោ / កែប: ប្រហែល ៣ខែខាងមុខ ខេត្តកែប នឹងសម្រេចបាននូវសមិទ្ធផលថ្មី ផ្នែកសោភ័ណភាព ដោយកែលម្អតំបន់ឆ្នេរខ្សាច់លេងទឹក ត្រង់ចំណុចរូបសំណាកស្រីស ឲ្យកាន់តែស្រស់បំព្រង។ នេះជាផ្នែកសំខាន់ ក្នុងការត្រៀមរៀបចំកីឡាស៊ីហ្គេម ដែលខេត្តកែបត្រូវធ្វើជាម្ចាស់ផ្ទះ លើវិញ្ញាសាទ្រីយ៉ាត្លុង ក៏ដូចជាទទួលអំណរសាទរ ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យសមុទ្រ នាចុងឆ្នាំផងដែរ។

លោក ខេង យ័ន អភិបាលក្រុងកែប បានមានប្រសាសន៍ថាៈ អាជ្ញាធរខេត្តកែប មានគម្រោងកែលម្អសោភ័ណភាព តំបន់ឆ្នេរខ្សាច់លេងទឹក ត្រង់ចំណុចរូបសំណាកស្រីស ដោយយកចេញនូវកម្រាលការ៉ូឡាចាស់ រួចក្រាលថ្មក្រានីតជំនួសវិញ។ ជាមួយនោះ ក៏ត្រូវកាប់រំលំដើមកាប៉ាងធំៗ ហើយដាំកូនឈើថ្មី ដើម្បីឲ្យមានភាពស្រស់បំព្រង។ គម្រោងទាំងនេះ នឹងសម្រេចរួចរាល់ប្រហែល ៣ខែខាងមុខ។

លោកអភិបាលក្រុង បានបញ្ជាក់ថាៈ នេះជាសមិទ្ធផលដែលនឹងធ្វើឲ្យទីក្រុងកែប មានភាពល្អប្រសើរ សម្រាប់ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវអញ្ជើញមកពីគ្រប់ទិសទី។ បន្ថែមលើនោះ ក៏នឹងមានការកែលម្អ តាមបណ្តោយឆ្នេរ ពិសេសនឹងសាងសង់រូបតំណាង “ខ្ញុំស្រលាញ់ខេត្តកែប” ដើម្បីបង្កើតទីតាំងកម្សាន្តថ្មីផងដែរ។ គម្រោងនេះ ជាផ្នែកសំខាន់ក្នុងការត្រៀមរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលខេត្តកែប ត្រូវធ្វើជាម្ចាស់ផ្ទះ លើវិញ្ញាសាទ្រីយ៉ាត្លុង ក៏ដូចជាទទួលអំណរសាទរ ឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យសមុទ្រ នាចុងឆ្នាំផងដែរ។

លោក ខេង យ័ន បានបញ្ជាក់ទៀតថាៈ រដ្ឋបាលក្រុង នឹងលែងឲ្យមានការដាក់តាំងលក់ ឬក្រាលកន្ទេល តាមបណ្តោយឆ្នេរទៀតហើយ។ អាជ្ញាធរ បានបង្កើតទីតាំងថ្មី ដើម្បីឲ្យបងប្អូនអាជីវករ អាចប្រកបរបរទទួលទានបន្ត។
កន្លងមក ទីតាំងឆ្នេរកែប ត្រូវបានក្រុមអាជីវករមួយចំនួន យកធ្វើជាកម្មសិទ្ធិ សម្រាប់ប្រកបរបររកស៊ី ហើយតែងបង្កើតរូបភាពអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ ដល់សកម្មភាពទេសចរណ៍ទូទៅ និងជះឥទ្ធិពលមិនល្អ សម្រាប់ខេត្តកែបទៀតផង៕/V-PC

Post navigation