Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរខេត្តត្រាត និងខេត្តពោធិសាត់ នឹងសាងសង់ផ្សារណាត់ នៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីចាប់ផ្ដើមដំណើរការ បើកច្រកព្រំដែន ថ្មដា-បានថាសេន

Views: 8

ដោយៈ សុក្ខារិន / ពោធិសាត់ៈ រយៈពេលពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រតិភូប្រទេសថៃ ដឹកនាំដោយលោក ឆាំណានវីត តេរ៉ាត អភិបាលខេត្តត្រាត បានមកធ្វើ ទស្សនកិច្ចសិក្សា នៅខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិ បត្តិការ ផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ និងដើម្បីពន្លឿនការបើកច្រកព្រំដែន ថ្មដា-បានថាសេន ក្នុងពេលឆាប់ៗនេះ ដោយរដ្ឋបាលខេត្តទាំងពីរ នឹងសាងសង់ផ្សារណាត់ នៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូខេត្ត ត្រាត និងបានបង្ហាញនូវសក្ដានុពលមួយចំនួន ដែលខេត្តពោធិ៍សាត់ មានពិសេសផ្ដោត សំខាន់ទៅលើធនធានជលផល កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ ជាដើម។

លោកអភិបាលខេត្ត បានឲ្យដឹងថាៈ ការងារបង្កបង្កើនផលស្រូវ រដូវវស្សាឆ្នាំនេះ អនុវត្តបាន ១៣៤.៥៨៩ ហិកតា និងស្រូវប្រាំង ៣២.៧៣២ ហិកតា នៅខេត្តពោធិ៍សាត់ ក៏មានរោងចក្រ ចំនួន ១១ មូលដ្ឋាន សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ២៧៩ មូលដ្ឋាន, ស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈ ១៣៥ មូលដ្ឋាន, ក្រុមហ៊ុនសហគ្រាស ចំនួន ៣១៤, រមណីយដ្ឋាន និងតំបន់ទេសចរណ៍ មាន ៣៩ កន្លែង ហើយឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានភ្ញៀវទេសចរ មកលេងកម្សាន្តជិត ២លាននាក់ ផងដែរ។

លោកអភិបាលខេត្តពោធិសាត់ បានបន្តទៀតថាៈ កន្លងមក រដ្ឋបាលខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ បានខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យច្រកទ្វារព្រំដែន ថ្មដា-បានថាសេន នេះ បានក្លាយជាច្រកទ្វារអន្តរជាតិផ្លូវការ ដើម្បីបង្កលក្ខណៈឲ្យកាន់តែ ប្រសើរ សម្រាប់ប្រជាពលរដ្ឋ ឆ្លងកាត់ទៅវិញទៅមក ក្នុងការពង្រីកទំហំការដោះដូរ ពាណិជ្ជកម្ម កសិកម្ម និងភ្ញៀវទេសចរ ជំរុញកំណើនសេដ្ឋកិច្ច រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត ឲ្យមានភាពរីកចម្រើនទៅមុខ។

សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ មកពីប្រទេសថៃ​ គឺជាការពេញនិយម របស់ប្រជាពលរដ្ឋកម្ពុជា ហើយយើងនឹងដោះដូរទំនិញ និងកសិផលគ្នា ទៅវិញទៅមក នូវអ្វីដែលខេត្តពោធិ៍សាត់ មានខេត្តត្រាត គ្មាន និងអ្វីដែលខេត្តត្រាត មានខេត្តពោធិ៍សាត់ គ្មាន។

លោក ខូយ រីដា បានអបអរសាទរ ចំពោះការបើកផ្សារណាត់ នៅច្រកព្រំដែន ថ្មដា-បានថាសេន ហើយលោកនឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ ដើម្បីត្រៀមលក្ខណៈដោះដូរទំនិញ គ្នាទៅវិញទៅមក។

លោក ឆាំណាវីត តេរ៉ាត អភិបាលខេត្តត្រាត ប្រទេសថៃ បានចាប់អារម្មណ៍ខេត្តពោធិ៍សាត់ អំពីបឹងទន្លេសាប ដែលសំបូរត្រីគ្រប់ប្រភេទ ចាប់អារម្មណ៍ស្រូវ ក្រូចពោធិ៍សាត់ ពោត ដំឡូងមី និងការចិញ្ចឹមគោ ជាដើម។

នៅពេលត្រឡប់ទៅវិញ លោកនឹងផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋខេត្តត្រាត នូវអ្វីដែល ខេត្តពោធិ៍សាត់មាន ដើម្បីធ្វើការដោះដូរ គ្នាទៅវិញទៅមក។ លោកអនុញ្ញាឲ្យពលករ ខេត្តពោធិ៍សាត់ ចំនួន ១៥០ នាក់ បានចូលទៅធ្វើការងារ ដោយលក្ខណៈស្របច្បាប់ នៅខេត្តត្រាត​និងបានអញ្ជើញប្រតិភូខេត្តពោធិ៍សាត់ ទៅទស្សនកិច្ច នៅខេត្តត្រាត ដែលជាខេត្ត ផ្លែឈើផងដែរ។

លោក ឆាំណាវីត តេរ៉ាត សំណូមពរឲ្យភាគីកម្ពុជា ការពារកុំឲ្យភ្លើងឆេះព្រៃ កុំកាប់រាន ព្រៃភ្នំ ដែលនៅជាប់ខេត្តជាមួយគ្នា ដើម្បីទុកជាជម្រកសត្វ និងបរិស្ថានធនធានធម្មជាតិ។

លោកបានមានប្រសាសន៍ថាៈ ខេត្តត្រាត មានគោលដៅអភិវឌ្ឍ ឲ្យក្លាយជាខេត្តសេដ្ឋកិច្ច ពិសេស ព្រោះជា មជ្ឈមណ្ឌលពាណិជ្ជកម្ម បោះដុំផ្នែកទំនិញ និងទេសចរណ៍ដ៍ធំ ក្នុងតំបន់ តាមរយៈសក្តានុពល និងគោលដៅអភិវឌ្ឍ​ខាងលើ ខេត្តត្រាត សហការជាមួយខេត្ត ពោធិ៍សាត់ រួមគ្នាដើរទៅមុខ ធ្វើឲ្យមានស្ថេរភាពសេដ្ឋកិច្ច​និងភាពរុងរឿងរបស់ ប្រជាពលរដ្ឋ ទាំងសងខាង។

ខេត្តត្រាត មានចំណាប់អារម្មណ៍ ចង់នាំយកទំនិញគ្រប់មុខ មកផ្ដល់សេវាកម្ម នៅទីនេះ ដើម្បីបំពេញតាមតម្រូវការ នៃទីផ្សារខេត្តពោធិ៍សាត់ ដែលមានសក្ដានុពលខ្ពស់ និងមាន បំណងអភិវឌ្ឍធនធានមនុស្ស រួមគ្នាលើគ្រប់វិស័យ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ ការរីកចម្រើនរបស់ពិភពលោក ភ្ញៀវទេសចរ អ្នកវិនិយោគទុន ដែលកំពុងចូលមកអភិវឌ្ឍ ខេត្ត យើងទាំងពីរ។

សម្រាប់ការជំរុញវិស័យសេដ្ឋកិច្ច ខេត្តត្រាត បានប្រើប្រាស់អំណាចតួនាទីរបស់ខេត្តផ្ទាល់ ធ្វើការបង្កើតផ្សារណាត់មួយ នៅជាប់ព្រំដែននៃ ច្រកអន្តរជាតិ ថ្មដា-បានថាសេន នេះ ដើម្បីឲ្យប្រជាពលរដ្ឋ នៃខេត្តទាំងពីរ មកលក់ដូរ នៅមាត់ព្រំដែនតែម្ដង ហើយបើមិនមាន បញ្ហាអ្វីទេ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ផ្សារណាត់ នឹងចាប់ផ្ដើមសាងសង់ ហើយ។ ការធ្វើដំណើរទស្សនកិច្ច មកកាន់ខេត្តពោធិ៍សាត់ លើកនេះ ជាការស្រាវជ្រាវ ក៏ដូចជា ការទស្សនាសហគមន៍អូរសោម សហគមន៍វាលវែង និងលើកកម្ពស់មិត្តភាព រវាងខេត្តទាំងពីរ ឲ្យកាន់តែរឹងមាំ ហើយចាត់ទុកថា ខេត្តពោធិ៍សាត់ ជាផ្ទះទី២ របស់ពួកយើង ដែលយើងត្រូវមកធ្វើទស្សនកិច្ច ជាថ្មីម្ដងទៀត នៅពេលខាងមុខ។

ក្នុងឱកាសនោះ លោក អភិបាលខេត្តពោធិ៍សាត់ បានបំពាក់ក្រមា ជូនលោកអភិបាល ខេត្តត្រាត និងប្រតិភូអមដំណើរទាំងអស់ ព្រមទាំងជូនវត្ថុអនុស្សាវរីយ៍ គ្នាទៅវិញទៅមក និងទស្សនាការតាំងពិព័រណ៍ បន្លែផ្លែឈើ ផងដែរ ៕/V/R

Post navigation