Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាល្លឺម៉ង់ គឺជាដៃគូយូរអង្វែង និងជាម្ចាស់ជំនួយដ៏សំខាន់មួយ សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា

Views: 2

ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានចាត់ទុកអាល្លឺម៉ង់ គឺជាដៃគូយូរអង្វែង និងជាម្ចាស់ជំនួយដ៏សំខាន់មួយ សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជាក្នុងនោះប្រទេសអាល្លឺម៉ង់ បានរួមចំណែករាប់លានដុល្លារដល់អង្គការ Halo Trust ក្នុងការងារបោសសម្អាតមីន ជារៀងរាល់ឆ្នាំរយៈពេលជាច្រើនឆ្នាំ ហើយបានសន្យាថានឹងគាំទ្រដល់អង្គការនេះ រហូតដល់ឆ្នាំ ២០២៤។

លោកទេសរដ្ឋមន្រ្ដីបានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រារព្ធទិវាឯកភាពជាតិអាល្លឺម៉ង់ លើកទី៣២ ដែលបានប្រារព្ធឡើងនៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ។

លោក ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែវាយតម្លៃខ្ពស់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។

លោកទេសរដ្ឋមន្រ្តីបានសំដែងការសាទរ ចំពោះ លោក ស្តេហ្វេន អេនតុន មេស័រឺ ( Stefan Anton MESSERER) ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ហើយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះអាល្លឺម៉ង់ ដែលចាប់តាំងពីការបង្រួបបង្រួមអាល្លឺម៉ង់ឡើងវិញ អាល្លឺម៉ង់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក រួមទាំងការប្រែប្រួលអាកាសធាតុ និងការថែរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។ លើសពីនេះ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាល្លឺម៉ង់បានបន្តរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក។

លោក ទេសរដ្ឋមន្រ្តីបានលើកឡើងបន្ថែមថា កម្ពុជាតែងតែផ្តល់តម្លៃដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាលជាមួយប្រទេសអាល្លឺម៉ង់ ដែលបានរីកចម្រើនលើគ្រប់វិស័យ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក គោលដៅរួម និងផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។

ចាប់តាំងពីឆ្នាំ ១៩៩៤ មកដល់រយៈពេល ២៨ ឆ្នាំនេះ អាល្លឺម៉ង់ បានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើវិស័យបោសសម្អាតមីន ការអប់រំ វប្បធម៌ អភិបាលកិច្ចល្អ ការអភិវឌ្ឍជនបទ ថាមពល ការការពារសង្គម និងវិមជ្ឈការ ដើម្បីចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ សម្រាប់វិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរនៅតែបន្តទទួលបានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ និងរីកចម្រើន ខណៈដែលប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជាក្នុងចំណោមប្រទេសសមាជិកសហគមន៍អឺរ៉ុប ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីលើសពី ១ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

Post navigation