Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាល្លឺម៉ង់​និង​បារាំង​យល់ព្រម​សហការ​លើ​ថាមពល ចំ​ពេល​មាន​ការខ្វះខាត​ថាមពល​ដោយសារ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាល្លឺម៉ង់​និង​បារាំង​បាន​សន្យា​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​វិច្ឆិកា​ថា​នឹង​ផ្តល់​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ការទប់ស្កាត់​វិបត្តិ​ថាមពល​ដែល​អាច​កើតមាន​បន្ទាប់​ពី​​ការផ្គត់ផ្គង់​ពី​រុស្ស៊ី​បាន​រីងស្ងួត​ចំពេល​មាន​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​រួម​ដែល​ចុះហត្ថលេខា​ដោយ​អធិការបតី​អាល្លឺម៉ង់​លោក អូ​ឡា​ហ្វ សូ​ល និង​នាយករដ្ឋមន្ត្រី​បារាំង​លោកស្រី អេ​លីហ្សា​បេ​ត ប៊​ន (Elisabeth Borne)​អាល្លឺម៉ង់​នឹង​ផ្តល់​​អគ្គិសនី​ដល់​បារាំង ខណៈ​ទទួលបាន​ឧស្ម័ន​ធម្មជាតិ​ដែល​ត្រូវការ​ជា​ខ្លាំង​ជា​ថ្នូរ​ត្រឡប់មកវិញ​។​

​លោក​សូល​បាន​និយាយ​បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​នៅ​ទីក្រុង​បែរ​ឡាំង​ថា “​មិត្តភក្តិ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​ខ្វះខាត​”​។​

​លោកស្រី​ប៊​ន​បាន​បន្ទរ​តាម​អារម្មណ៍​បែប​នោះ ដោយ​និយាយថា មិត្តភាព​រវាង​គីឡូ​ធ្ងន់​អឺរ៉ុប​ទាំង​ពីរ​ពិតជា​សំខាន់​ណាស់​។ លោកស្រី​បាន​និយាយថា “​វា​បាន​បញ្ជាក់​រួចហើយ​ថា​វា​អាច​ទប់ទល់​នឹង​ការសាកល្បង​និង​អាច​ម្ចាស់ការ​លើ​បញ្ហា​ប្រឈម​ជាច្រើន​”​។​

​មុន​ពេល​រុស្ស៊ី​ចាប់ផ្តើម​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​កាល​ពី​ប្រាំ​បួន​ខែ​មុន អាល្លឺម៉ង់​ពឹងផ្អែក​ខ្លាំង​លើ​ការផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី​។​

​ចាប់តាំងពី​ពេលនោះ​មក អាល្លឺម៉ង់​បាន​ព្យាយាម​ស្វែងរក​ប្រភព​ផ្សេងទៀត រួម​ទាំង​តាមរយៈ​ការបង្កើន​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ​។​

​ទន្ទឹមនឹងនោះ បារាំង​កំពុង​ជួប​ការលំបាក​ក្នុងការ​បំពេញ​តម្រូវកា​រ​អគ្គិសនី​របស់ខ្លួន ដោយសារ​ការជួសជុល​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​មួយចំនួន​របស់​ប្រទេស​។​

​មាន​ក្តីបារម្ភ​ថា ការកើនឡើង​យ៉ាង​ខ្លាំង​នៃ​តម្រូវការ​អគ្គិសនី​ពី​បារាំង​ក្នុង​រដូវរងា​នេះ​គួបផ្សំ​នឹង​ការផលិត​អគ្គិសនី​ទាប​ជាង​មុន​នៅ​អាល្លឺម៉ង់​និង​សមត្ថភាព​បញ្ជូន​ថាមពល​នៅ​មាន​កម្រិត​នៅ​អឺរ៉ុប អាច​បណ្តាញ​ឱ្យ​អគ្គិសនី​របស់​ទ្វីប​នេះ​រង​ការរំខាន​។​

​ជា​ការឆ្លើយតប បារាំង​បាន​និយាយថា ខ្លួន​នឹង​ផ្តល់​ឧស្ម័ន​រហូតដល់ ១០០ ជី​ហ្គា​វ៉ាត់​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដល់​អាល្លឺម៉ង់​។ ទន្ទឹមនឹងនេះ អាល្លឺម៉ង់​នឹង “​បង្កើន​សមត្ថភាព​ត​ភ្ជាប់​ថាមពល​ជា​អតិបរមា​” សម្រាប់​ការនាំចេញ​អគ្គិសនី​។​

​យោង​តាម​កិច្ចព្រមព្រៀង រដ្ឋាភិបាល​ក្រុង​បែរ​ឡាំង​ក៏​នឹង​អនុញ្ញាត​ឱ្យ “​រោងចក្រ​ថាមពល​បម្រុង​ដែលមាន​ទាំងអស់​អាច​បម្រើ​ក្នុង​ទីផ្សារ​វិញ និង​ពន្យារពេល​លុបបំបាត់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដែល​នៅសល់​រហូតដល់​ពាក់កណ្តាល​ខែ​មេសា ឆ្នាំ ២០២៣ ដើម្បី​ផ្គត់ផ្គង់​បរិមាណ​ពាណិជ្ជកម្ម​អគ្គិសនី​បន្ថែម​ដល់​បារាំង​”៕

​អធិការបតី​អាល្លឺម៉ង់​លោក អូ​ឡា​ហ្វ សូ​ល និង​នាយករដ្ឋមន្ត្រី​បារាំង​លោកស្រី អេ​លីហ្សា​បេ​ត ប៊​ន ចាប់ដៃ​គ្នា​បន្ទាប់​ពី​ចុះ​កិច្ចព្រមព្រៀង​

Post navigation