Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​ព្យាយាម​រឹបអូស​យន្តហោះ​តម្លៃ ៩០ លាន​ដុល្លារ​របស់​មហាសេដ្ឋី​រុស្ស៊ី​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​រដ្ឋអាជ្ញា​សហព័ន្ធ​នៅ​សង្កាត់​ម៉ាន់​ហា​ថែ​ន (Manhattan) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​សីហា​ថា​ចៅក្រម​មួយរូប​បានអនុញ្ញាត​ឱ្យ​ក្រុម​រដ្ឋអាជ្ញា​​អាម៉េរិក​រឹបអូស​យក​យន្តហោះ Airbus តម្លៃ ៩០ លាន​ដុល្លារ ដែល​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​រុស្ស៊ី​លោក អង់​ដ្រេ ស្កុច (Andrei Skoch) ។​

​លោក​ស្កុច ជា​សមាជិក​សភា​រុស្ស៊ី ត្រូវបាន​ដាក់​ទណ្ឌកម្ម​ដំបូង​ដោយ​ក្រសួង​រតនាគារ​អាម៉េរិក​ក្នុង​ឆ្នាំ ២០១៨ ពី​បទ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ចាត់តាំង​នានា​របស់​រុស្ស៊ី​។​ការិយាល័យ​​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស (OFAC)​នៃ​ក្រសួង​រតនាគារ​បានចេញ​ទណ្ឌកម្ម​បន្ថែមទៀត​ប្រឆាំងនឹង​លោក​ស្តុច បន្ទាប់​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​លើ​អ៊ុ​យក្រែន​។​

​ទីក្រុង​វ៉ាស៊ីនតោន​បាន​ព្យាយាម​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ឱ្យ​បញ្ឈប់​យុទ្ធនាការ​យោធា​នេះ ដោយ​បង្កក​និង​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​មហាសេដ្ឋី​រុស្ស៊ី​។​

​លោក អេន​ឌ្រូ អាដាម (Andrew Adams) រដ្ឋអាជ្ញា​សហព័ន្ធ​ដែល​ដឹកនាំ​ក្រុមការងារ KleptoCapture នៃ​ក្រសួង​យុត្តិធម៌ ដែល​ផ្តោត​លើ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេច​​ក្តី​ថ្លែង​ការណ៍មួយ​ថា “​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​អាម៉េរិក​បាន​បង្ហាញ​ថា​ល្បែង​បោក​បញ្ឆោត​ជា​អន្តរជាតិ​នឹង​មិន​គ្រប់គ្រាន់​ដើម្បី​លាក់បាំង​នូវ​ផល​ផ្លែផ្កា​នៃ​អំពើ​ពុករលួយ​និង​ការ​លាងលុយកខ្វក់​បាន​នោះ​​ឡើយ​”​។​

​លោក​ស្តុច ដែល​ជា​មហា​សេដ្ឋី​និង​ជា​សមាជិក​នៃ​គណបក្ស​គាំទ្រ​លោកពូ​ទីន គឺ​បក្ស​រួបរួម​រុស្សី គឺ​ជា​ម្ចាស់​យន្តហោះ​តាមរយៈ​ក្រុមហ៊ុន​បោក​បញ្ឆោត​និង​អង្គការ​សប្បុរសធម៌​ជាច្រើន​ដែល​ផ្សារភ្ជាប់​ជាមួយ​​ដៃគូ​ស្នេហា​របស់​គាត់​។ ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​មិនអាច​ទាក់ទង​លោក​ស្តុ​ច​ភ្លាមៗ​ដើម្បី​សុំ​ការបំភ្លឺ​នោះទេ​។​

​ក្រុម​រដ្ឋ​អាជ្ញា​បាន​និយាយថា ការ​បង់ប្រាក់​ជា​លុយ​ដុល្លារ​អាម៉េរិក​សម្រាប់​ការចុះបញ្ជី​និង​ការធានារ៉ាប់រង​នៃ​យន្តហោះ​នៅ​តែ​បន្ត​ធ្វើ​ឡើង​នៅ​ចន្លោះ​ឆ្នាំ ២០១៨ និង ២០២១ ទោះបីជា​មាន​ការដាក់ទណ្ឌកម្ម​ក៏ដោយ​។​

​ឯកសារ​តុលាការ​បង្ហាញថា យន្តហោះ​ឥឡូវនេះ​កំពុង​ស្ថិត​ក្នុង​ប្រទេស​កា​ហ្សាក់​ស្ថាន​។ ស្ថានទូត​កា​ហ្សាក់​ស្ថាន​ប្រចាំ​សហរដ្ឋអាម៉េរិក​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការបំភ្លឺ​ទេ​៕

​យន្តហោះ​របស់​លោក​ស្កុច​កំពុង​ចត​នៅ​កា​ហ្សាក់​ស្ថាន​

Post navigation