Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​ចាត់ទុក​មេដឹកនាំ​ក្រុម​ជី​ហាដ​អាស៊ី​ខាងត្បូង​ថា​ជា​ពួក​ភេរ​វករ​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​ធ្នូ​បាន​ប្រកាសថា​ខ្លួន​ចាត់ទុក​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​នៅ​អាស៊ី​ខាងត្បូង​និង​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​ជា​ក្រុម​ភេរ​​វករ​ដោយ​ប្តេជ្ញា​ចាត់វិធានការ​នានា ខណៈ​ការព្រមាន​បាន​កើនឡើង​ជុំវិញ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​ក្រុម​ជី​ហាដ​ដែល​ត្រូវបាន​កំណត់​គោលដៅ​គឺមាន​មេដឹកនាំ​បួន​នាក់​នៃ​ក្រុម​អាល់​កៃ​ដា​នៅក្នុង​ឧបទ្វីប​ឥណ្ឌា (AQIS) ដែល​ជា​សាខា​ក្នុង​តំបន់​នៃ​បណ្តាញ​ជី​ហាដ រួមទាំង “​មេដឹកនាំ​” ប្រកាស​ខ្លួនឯង គឺ​លោក អូ​សា​ម៉ា មេ​មូដ (Osama Mehmood)​។​

​សហរដ្ឋ​អាម៉េរិក​ក៏​បាន​ចាត់ទុក​មនុស្ស​លេខ​២​របស់​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​ជា​ភេរវជន​ផងដែរ គឺ​លោក មូ​ហ្វ​ធី ហាស់​រ៉ាត់ ដេរ៉ូ​ជី (Mufti Hazrat Deroji) ដែល​គេ​ស្គាល់​ថា ការី អាម​ចា​ដ (Qari Amjad) ដែល​យុទ្ធនាការ​ហិង្សា​រយៈពេល ១៥ ឆ្នាំ​របស់​គាត់ បាន​កើនឡើង ចាប់តាំងពី​ក្រុម​តា​លី​បង់​បាន​ដណ្តើម​ការកាន់កាប់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ជិតខាង​កាលពី​ឆ្នាំមុន​។​

​ក្រុមមន្ត្រី​អាម៉េរិក​បាន​និយាយថា លោក​ដេរ៉ូ​ជី​បាន​មើល​ការខុសត្រូវ​លើ​ប្រតិបត្តិការ​នៅ​តំបន់​ឃី​បឺ ប៉ាក​ទុន​ក្វា (Khyber Pakhtunkhwa)​ដែល​ជា​តំបន់​ព្រំដែន​មួយ​ក្នុងចំណោម​តំបន់​ព្រំដែន​​ចំនួន​ពីរ ដែល​រង​ការវាយប្រហារ​ហិង្សា​ជា​ច្រើន​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​កិន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការកំណត់​មុខ​ភេរវជន​បែបនេះ​គឺ “​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់​យើង​ដើម្បី​ធានាថា ពួក​ភេរ​វករ​មិន​ប្រើប្រាស់​អា​ហ្វ​ហ្គានី​ស្ថានជា​វេទិកា​សម្រាប់​ភេរវកម្ម​អន្ត​រ​ជាតិ​”​។​

​លោក​ប្លីង​កិន​បាន​និយាយថា “​យើង​នឹង​បន្ត​ប្រើប្រាស់​ឧបករណ៍​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​រក្សា​ការប្តេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​មើល​ទៅ​វា​ថា ភេរ​វករ​អន្តរជាតិ​មិន​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​និទណ្ឌភាព​នៅក្នុងអា​ហ្វ​ហ្គានី​ស្ថាន​បានទេ​”​។​

​ក្រសួងការបរទេស​និង​ក្រសួង​រតនាគារ​បាន​ចុះបញ្ជី​អ្នក​ទាំង​បួន​ថា​ជា​ភេរ​វករ​សកល​ដែល​បាន​កំណត់​មុខ​យ៉ាង​ពិសេស ដែល​ធ្វើឱ្យ​វា​ក្លាយជា​ឧក្រិដ្ឋកម្ម​នៅក្នុង​សហរដ្ឋ​អាម៉េរិក​ក្នុងការ​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ពួកគេ​និង​បិទ​ខ្ទប់​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាន​នៅក្នុង​ប្រទេស​៕

​មន្ត្រី​សន្តិសុខ​ម្នាក់​ឈរ​យាម​បន្ទាប់ពី​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​អះអាង​ទទួលខុសត្រូវ​ដោយ​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​សំដៅលើ​រថយន្ត​ប៉ូលិស​ក្នុង​ក្រុង Quetta ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២

Post navigation