Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាមេរិក​ផ្ដល់​ពាន​រង្វាន់​សិទ្ធិមនុស្ស​ដល់​កញ្ញា ឈឹម ស៊ីថរ ក្នុង​ពេល​កញ្ញា​កំពុង​ជាប់​ពន្ធនាគារ

ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រកាសផ្ដល់ពានអ្នកការពារសិទ្ធមនុស្សប្រចាំឆ្នាំ ដល់ថ្នាក់​ដឹក​នាំ​សហជីព​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ កញ្ញាឈឹម ស៊ីថរ ខណៈកញ្ញាកំពុងជាប់ពន្ធនាគារព្រៃស។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​ ចុះ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ២០២៣ ឱ្យដឹង​ថា ក្នុង​ចំណោមម្ចាស់​ពាន ១០រូប នៅជុំវិញសកលលោក ដែលទទួលពានរង្វាន់អ្នក​ការពារសិទ្ធមនុស្សប្រចាំឆ្នាំ ក្នុង​នោះ​ក៏មាន​មេដឹកនាំ​សហជី​ព​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែរ។

ប្រភព​ដដែល​ បន្ត​ថា ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ ទទួលស្គាល់បុគ្គលក្លាហានទាំង​ឡាយ​ណា ដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ដែលគេទទួលស្គាល់ជាសកល និងសេរីភាពជាមូលដ្ឋាន ខណៈកញ្ញាគឺជាមនុស្សទី១​នៅប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់នេះ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បាន​លើកឡើង​​នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដោយ​​កោត​សរសើរ​កញ្ញា ឈឹម ស៊ីថរ ថាជាអ្នកការពារសិទ្ធិមនុស្សឆ្នើមម្នាក់។

លោក  Patrick Murphy បានគូសបញ្ជាក់​ថា៖ «យើងអបអរចំពោះការទទួលស្គាល់ដល់កញ្ញា ស៊ីថរ ជាអ្នកការពារសិទ្ធិមនុស្សឆ្នាំ​២០២២​ម្នាក់​។ កញ្ញាគឺជាថ្នាក់ដឹកនាំសហជីពការងារ​ដ៏ក្លាហាន និងអត់ធ្មត់ ដែលតស៊ូមតិដោយសន្តិវិធីដើម្បីសិទ្ធិរបស់កម្មករកម្ពុជា»

ជាមួយគ្នានេះ លោកថា ការការពារនិងគាំទ្រអ្នកការពារសិទ្ធិមនុស្ស គឺជាអាទិភាពចម្បងនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក ហើយ​ស្ថានទូតអាមេរិកនៅប្រទេសកម្ពុជា អបអរ​សាទរ​ដល់កញ្ញា ឈឹម ស៊ីថរ និងអ្នកទទួលទាំងអស់នៃពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស ឆ្នាំ ២០២២។

បើតាមក្រសួងការបរទេសអាមេរិក ទោះបីជាមានការបៀតបៀនរូបកាយ និងការចាប់ខ្លួន កាលពីខែមករា ឆ្នាំ២០២២ ក្នុងពេលធ្វើកូដកម្មរក​ដំណោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ក៏ដោយ​ ក៏​កញ្ញា ស៊ីថរ បានបន្តចេញមុខនិយាយអំពីសិទ្ធិការងារ។ 

ក្រោយពីអាជ្ញាធរ​បានដោះលែងកញ្ញា ស៊ីថរ  កាលពីខែមីនា ឆ្នាំ២០២២ ប៉ុន្តែកញ្ញា​ត្រូវ​បាន​អាជ្ញាធរ​​​​​ចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ​ព្រៃស រាជធានីភ្នំពេញ ជា​ថ្មីទៀត​នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០២២ ដោយតុលាការ​​​​លើក​​ហេតុ​ផល​ថា ល្មើស​​​​​​បម្រាម ឬគេច​វេះពីការ​ត្រួត​ពិនិត្យរបស់តុលាការ ក្រោយ​ពេល​កញ្ញាបាន​ធ្វើដំណើរត្រលប់មកពីប្រជុំនៅ​ប្រទេស​អូស្ត្រាលីវិញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការបរទេសសហរដ្ឋអាមេរិក​ បញ្ជាក់​ថា បច្ចុប្បន្នកញ្ញាត្រូវបន្តឃុំខ្លួន ដោយរង់​ចាំកា​រ​កាត់​ទោស​ដែលមិនទាន់កំណត់ពេល ហើយមិនអាចធ្វើដំណើរទៅចូលរួមយកពានរង្វាន់ នៅរដ្ឋធានីវ៉ាស៊ីនតុន ជាមួយ​អ្នក​ទទួលពានដទៃទៀតបានដែរ។

ចាប់តាំងពីចុងឆ្នាំ​២០២១ កញ្ញា ស៊ីថរ ដែលជា​ថ្នាក់​​ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ​នៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បាន​ដឹក​នាំ​បុគ្គលិកកម្មករក្រុមហ៊ុន​នេះ​ ធ្វើកូដ​កម្ម​ដោយ​សន្តិវិធី ដើម្បីទាមទារ​ឱ្យក្រុមហ៊ុនដំឡើងប្រាក់​ខែ និង​ទទួល​យកបុគ្គលិក​ជាសមាជិកសហជីពរាប់រយនាក់ ដែលគេ​​ជឿថា ពួកគេត្រូវបានបណ្តេញចេញពីការ​ងារ​ទាំង​អយុត្តិ​ធម៌។ កាលណោះ​ កញ្ញា ឈឹម ​​ស៊ីថរ ​ត្រូវ​បានអាជ្ញាធរ​​​​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់ពី​បទ «ញុះ​ញង់​​ឱ្យ​​ប្រព្រឹត្ត​​បទ​​ឧក្រិដ្ឋ»។

ជុំវិញ​ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាថ្មីនេះ ទាំង​មេធាវី និងកញ្ញា ឈឹម ស៊ីថរ បាន​បញ្ជាក់​នៅក្នុងបន្ទប់សវនាការសុំនៅក្រៅឃុំ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣​ថា ចាប់តាំងពីតុលាការ​ដោះលែង កាលពីខែមីនា ឆ្នាំ២០២២ កញ្ញាមិនបានទទួលដីកាដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ខណៈសមត្ថកិច្ច​ក៏​មិនដែល​ហៅ​កញ្ញា​ទៅ​បង្ហាញ​ខ្លួន និងប្រាប់​ពី​ដីកា​ដាក់​ឱ្យ​ស្ថិតក្រោមការត្រួតពិនិត្យដែរ។

កញ្ញាបញ្ជាក់​​ថា៖ «ពួក​គាត់​​ទទួល​​បាន និង​ផ្ដិត​មេដៃ​ តែ​លិខិត​ដោះ​លែងឱ្យ​នៅ​ក្រៅឃុំបណ្ដោះអាសន្នមួយសន្លឹកតែប៉ុណ្ណោះ»។

ទោះបីជាមេធាវី និងកញ្ញា ឈឹម ស៊ីថរ បង្ហាញពីឆន្ទៈ និងអះអាងបែបនេះក្ដី ប៉ុន្តែចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក​ស្រី សឿង ចរិយា នៅតែ​មិនអនុញ្ញាតឱ្យកញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំ។

ប្រាប់​អ្នក​សារព័ត៌មាន​វីអូឌី បន្ទាប់​​​​ពី​ស្ដាប់​ការ​ប្រកាស​សាលក្រ​ម​រួច​​ កញ្ញា ឈឹម ស៊ីថរ ចាត់​ទុកការ​កាត់​ក្ដី​របស់តុលាការដែលមិនឱ្យកញ្ញា​ក្រៅឃុំកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ​ជារឿង​អយុត្តិ​ធម៌ និងជាការបិទបាំងកំហុសខ្លួនតែប៉ុណ្ណោះ។

ក្រៅពីកញ្ញា ឈឹម ស៊ីថរ ក៏នៅ​មាន​​ថ្នាក់ដឹកនាំសហជីពជាង ១០​​រូប កំពុងប្រឈមនូវ​ការ​ចោទ​ប្រកាន់​ផ្នែក​ព្រហ្ម​ទណ្ឌ ទាក់ទងនឹងរឿងកូដកម្មទាមទារដំណោះស្រាយវិវាទការ​ងារ​នៅក្រុម​ហ៊ុន​ណាហ្គាវើលដ៏នេះ​​ផងដែរ៕