Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលរាជធានី ណែនាំឱ្យមន្ទីរសាធារណការ ជួសជុលផ្លូវ អ៊ុតកៅស៊ូ លាបគំនូសចរាចរណ៍ ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូល និងការប្រកួតកីទ្បាស៊ីហ្គេម

Views: 8

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើការតុបតែងលំអ បំពាក់ភ្លើងពណ៌ ផ្កាភ្ញី តាមបង្គោលភ្លើង សួនច្បារ និងដងផ្លូវសំខាន់ៗ ក្នុងរាជធានីភ្នំពេញ លាបថ្នាំខឿន ចែកទ្រូងផ្លូវ ព្រមទាំងជួសជុលផ្លូវសំបុកមាន់ រៀបការ៉ូឡា ដាក់លូនៅទីតាំងមួយចំនួន ដែលរងការខូចខាត ពិសេសរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ មហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រហូតដល់ព្រំប្រទល់ខេត្តកណ្ដាលជាមួយនឹងក៏មានការណែនាំឱ្យអាជ្ញាធរខណ្ឌ ទាំង១៤ ចូលរួមសហការ ខណៈដែលយើង ត្រូវធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល និងការប្រកួតកីទ្បាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យត្រៀមសហការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ មួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ក្រោយបញ្ចប់រដូវវស្សា យើងតែងតែជួសជុលផ្លូវឡើងវិញ ដើម្បីសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ តែសម្រាប់ ឆ្នាំនេះ ពិសេសថែមទៀតនោះ គឺយើងត្រូវធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល និងការប្រកួត កីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ថែមទៀត ដែលការងារនេះ យើងត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់។

លោក ឃួង ស្រេង បានបន្ថែមថាៈ ការងារមួយនេះ មិនមែនពឹងតែលើមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញនោះទេ ដាច់ខាតត្រូវតែមានការចូលរួម ពីអាជ្ញាធរខណ្ឌ ទាំង១៤ សហការ និងចូលរួម ទើបការងារនេះ ដំណើរការទៅដោយរលូន ដូចជា ត្រូវត្រួតពិនិត្យមើល ផ្លូវ លូ អំពូលភ្លើងដែលខូចរបាំងថ្មពុះចែកទ្រូងផ្លូវ ដើម្បីរាយការណ៍ ឱ្យមានការជួសជុលឡើងវិញ ។

លោក ឃួង ស្រេង បានបញ្ជាក់ថាៈ យើងមានព្រឹត្តកាេណ៍ធំៗជាច្រើន ដោយកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល និងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីទ្បាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ថែមទៀត ។ ដូច្នេះការងារ ដែលយើងត្រូវអនុវត្តនោះ គឺរួមគ្នាធ្វើយ៉ាងណា ឱ្យភ្នំពេញ មានសោភ័ណភាពស្រស់ស្អាត ដើម្បីទទួលប្រតិភូ ដល់ជាង ៤០ ប្រទេស ដែលត្រូវមកប្រជុំ នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កំណាត់ផ្លូវចំនួន ៥៦ ខ្សែ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងជួសជុល កែលំអ ឱ្យប្រសើរឡើង ក្នុងនោះ សម្រាប់ មហាវិថីធំៗ ដែលបាននិងកំពុងជួសជុល មានដូចជា ផ្លូវស៊ីសុវត្ថិ ផ្លូវ៤៧ សហព័ន្ធរុស្ស៊ី ផ្លូវជាតិ៦អា និងផ្លូវមេគង្គជាដើម ហើយការងារ នឹងត្រូវបញ្ចប់ ១០០% ចុងខែនេះហើយ។ សម្រាប់ការងារតុបតែងផ្កា សួនច្បារ ភ្លើងបំភ្លឺ ក៏ជាការងារចំបង ដែលត្រូវអនុវត្តឱ្យបានប្រសើរឡើងផងដែរ ៕ V / N

Post navigation