Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អគារដ៏ប្រណីតរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមត្រូវបានសម្ភោធ

Views: 7

ដោយៈ គង់ហេង/ កំពង់ចាម៖ អគារដ៏ប្រណីតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលសាងសង់ឡើងអស់ទឹកប្រាក់ប្រមាណជាង ៣០ម៉ឺន ដុល្លារបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីយភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី ៣១ មករានេះ។

នាឱកាសនោះសង្កេតឃើញវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភាជាច្រើនរូប ជាពិសេសលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានអមដំណើរ ដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមជាខេត្តម្ចាស់ផ្ទះ និងអភិបាលខេត្តជាច្រើនរូបផ្សេងទៀត រួមទាំងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។

ក្រោយពីការអានសន្ទរកថាស្វាគមន៍ដោយលោក ហាន កុសល ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម និងជាអភិបាលរងខេត្តនេះរួចមក លោក អ៊ុន ចាន់ដា បានថ្លែងថា សមិទ្ធិផលជាអគារថ្មី នៃស្នាក់ការរបស់ ស.ស.យ.ក. ខេត្តកំពង់ចាមនេះ បានចាប់ផ្តើមដំណើរការសាងសង់ ក្រោមការជួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំស.ស.យ.ក.ថ្នាក់កណ្តាល និងថ្នាក់ដឹកនាំដទៃទៀត ព្រមទាំងសប្បុរសជននានា សរុបចំនួនប្រមាណជាង ៣០ម៉ឺន ដុល្លារ។

នាឱកាសនោះលោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការជួបជុំគ្នានៅថ្ងៃនេះមិនត្រឹមតែអបអរសាទរនូវសមិទ្ធិផលថ្មីប៉ុណ្ណោះទេ គឺជាការកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែង និងជាការចូលរួមដ៏សំខាន់នូសកម្មភាពសង្គម មនុស្សធម៌ ក៏ដូចជាលើកកម្ពស់កិត្យានុភាពរបស់ស.ស.យ.ក. ទាំងក្នុង និងក្រៅប្រទេស។ សកម្មភាពបេសកកម្មទាំងអស់នេះជាការលះបង់ដ៏ធំធេង ដើម្បីប្រទេសជាតិ និងប្រជាជន ទោះបីម្នាក់ៗមានការងារស្នូលរៀងៗក្តី ហើយប្រសិនបើប្រទេសជាតិស្ថិតក្នុងកាលៈទេសៈពិបាកណាមួយ គឺយើងនៅតែចូលរួមជាមួយគ្នា ដើម្បីដោះស្រាយបញ្ហារួមទាំងអស់គ្នា៕ N

Post navigation