Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ ព្រត , ព្រនាក់បំពង់ , ព្រហក់ , ព្រឹក , ភរិយាតិក្រម​

Views: 1

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ព្រត​

(​ព្រ​ត់​)

​នាមសព្ទ​

( ព​. បុ​. សំ​. ( វ្រ​ត​, វ​>​ព​=​ព្រត​; បា​. វត ) ផ្នួស​, ការ​បួស​ជា​ឥសី​
​ព្រះ​វេស្សន្ដរ​ទ្រង់​លា​ព្រត​គឺ​ព្រះអង្គ​ទ្រង់​សឹក​ចាក​ផ្នួស​ជា​ឥសី​… ( ម​. កណ្ឌ​មហារាជ​បព្វៈ )​។​
​សាង​ព្រត គឺ​សាង​ផ្នួស ។ កាន់​ព្រត គឺ​កាន់​សីលធម៌​សម្រាប់​អ្នកបួស ។ ប្រព្រឹត្ត​មិន​ឲ្យ​ល្អៀង​អំពី​ព្រត គឺ​ប្រព្រឹត្ត​មិន​ឲ្យ​មាន​មោះហ្មង​ឃ្លាត​ចាក​សីលធម៌​របស់​អ្នកបួស ( ច្រើន​ប្រើ​ចំពោះតែ​ចរិយា​របស់​ឥសី​, ឯខាង​បព្វជិត​ពុទ្ធ​សានិ​ក​ច្រើនតែ​ប្រើពាក្យ​ថា ផ្នួស ) ។​

​ព្រនាក់បំពង់​

នាមសព្ទ​

​អ្នក​ទំនុក​ទុកចិត្ត​ដែល​តាម​កំដរ​ជា​គ្នា​
​មាន​ព្រនាក់បំពង់​តាម​ជានិច្ច ។​

​ព្រហក់​

(–​ហ៊​ក់​)

​មើល​ពាក្យ ប្រហុក ។ ព្រហក់កន្ដរ៉ ( ព្រ​ហ៊​ក់ក​ន់​-​ត​-​រ៉ ) ឬ ព្រហក់តរ៉ ឈ្មោះ​ព្រហក់​មួយ​ប្រភេទ​, ធ្វើតាម​បែប​លាវ​, គេ​ហាល​ត្រី​ចង្វា​តូចៗ ដូច​យ៉ាង​ត្រី​ចង្វាមូល​, ត្រី​ស្លឹក​ឫស្សី​ជាដើម​ឲ្យ​ស្ងួត​ក្រៀម ហើយ​ដាក់​ញាត់​សង្កត់​ឲ្យ​ណែន​ក្នុង​បំពង់​ឫស្សី​ស្ងួត ( ច្រើន​ប្រើ​បំពង់​វែង ២ ថ្នាំង ) រួច​យក​ដីស្អិត ( ដែល​លញ់​ធ្វើជា​ឆ្នុក​ហាលថ្ងៃ​ឲ្យ​ស្ងួត​ស្រេច ) ញាត់​បិទមាត់​បំពង់​នោះ​ឲ្យ​ជិតស្លុង​មិន​ឲ្យ​ខ្យល់​ចូល​បាន​, ទុក​ប្រើការ​បានយូរ​, សម្រាប់​ស្ល​ឬ​ចៀន​ខ្លាញ់​ជាដើម​, ជា​អាហារ​សម្រាប់​ស្រុក​ដែល​ក្រ​ត្រី ( លាវ​ហៅ ប៉ា​តៅ ឬ ប៉ា​តៅ​ប័ង​, តែ លាវ​ប្រើ​ញាត់​បំពង់​ឫស្សី​ក៏មាន ដាក់​នឹង​អ្វីៗ​ឯទៀត​ក៏មាន ឯ​ប៉ា​តៅ​ប័ង ប្រើ​ចំពោះតែ​ដាក់​ញាត់​នឹង​បំពង់​ឫស្សី​ម្យ៉ាង ) ។​

​ព្រឹក​

​នាមសព្ទ​

​វេលា​ចាប់តាំងពី​ព្រះអាទិត្យ​បំព្រាង​ដល់​ថ្ងៃ​ពេញ​ពន្លឺ​ធំ​; ឬ​ដរាប​ដល់​ថ្ងៃត្រង់​ក៏​នៅ​ហៅ ព្រឹក បានដែរ​
​ព្រឹកល្ងាច​, ទាំង​ព្រឹង​ទាំង​ល្ងាច ។​
​ព្រឹកព្រាង វេលា​ដែល​ព្រះអាទិត្យ​ទើប​រះ​ព្រាងៗ​, វេលា​បំព្រាង ។​
ព្រឹកស្អែក វេលា​ព្រឹក​ក្នុង​ថ្ងៃស្អែក ។​

​ភរិយាតិក្រម​

(​ភៈ​–​ក្រំ​)

នាមសព្ទ​

( សំ​. ក្ល​.; សំ​. ភា​យ៌ា​តិ​ក្រម ) ការប្រព្រឹត្ត​កន្លង​ចិត្ត​ភរិយា​, ការ​ក្បត់ចិត្ត​ប្រពន្ធ ។ ( ព​. កា​. )
​ភរិយាតិក្រម ជា​កម្ម​ច្រឡំ ច្រឡូក​ដោយ​បាប អ្នកធ្វើ​អំពើ អរ​ភ័យ​ដរាប អរ​ព្រោះតែ​ច្រាប ភ័យ​ព្រោះ​គេ​ដឹង ។​

Post navigation

Related Post