Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ ចេស្ដា , អចេស្ដា , ចៅពញា , ត្រើយត្រាណ , ទម្រង់ការ​

Views: 2

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ចេស្ដា​

(​ចេស​-​ស្ដា ឬ ចែស​-​ស្ដា ជើង ដ​)

​នាមសព្ទ​

(​សំ​. “​សេចក្ដី​ខ្មីឃ្មាត​, សង្វាត​, ប្រឹងប្រែង​; ដំណើរ​តាំងចិត្ត​ប្រុង​នឹងធ្វើ​; ដំណើរ​កម្រើក​អវយវៈ​តូចធំ មាន​លើក​ដៃជើង វាសដៃ​ជើង​ឬ​ងាក​បែរ​ជាដើម​…”) ការសំដែង​ឫកពា​ឲ្យ​ឃើញ​តេជះ​អំណាច​, ការប្រើ​អំណាច​, បញ្ចេញ​តេជះ ។ ព្រះ​ចេស្ដា គឺ​តេជះ​អំណាច​នៃ​ព្រះមហាក្សត្រ (​រ​. ស​.) ។​

​អចេស្ដា​

(​ជើង ដ​, អៈ​ចែស​-​ស្ដា​)

​នាមសព្ទ​

( សំ​. អ​ចេ​ឞ្ដា ) ដំណើរ​ឥត​ចេស្ដា គឺ​ដំណើរ​ទន់ខ្សោយ​, អស់កម្លាំង​, អស់​ការប្រឹងប្រែង​; ដំណើរ​កម្រើក​អវយវៈ​មិនកើត ។ ព​. កា​. ថា​
​បណ្ឌិត​លោក​ថា រី​អចេស្ដា នាំ​ចិត្ត​និង​កាយ ឲ្យ​អន់​ទន់ខ្សោយ រាយមាយ​រសាយ កិច្ចការ​ទាំងឡាយ រមែង​កើល​គាំង ។ ព​. ផ្ទ​. ចេស្ដា ។​

​ចៅពញា​

(​ចៅព្ញា​)

​នាមសព្ទ​

​ឋានន្តរស័ក្តិ​នៃ​មន្ត្រី​ថ្នាក់​ខ្ពស់ជាង ពញា គឺ​ខ្ពស់ជាង​ថ្នាក់ ឧកញ៉ា ក្នុង​រជ្ជកាល​នា​បុរាណសម័យ​ក្នុង​កម្ពុជរដ្ឋ​, ជួនកាល​ព្រះរាជា​ទ្រង់​ព្រះមេត្តាប្រោស​ព្រះរាជទាន​តាំង​ឲ្យ​ឡើង​ដល់ទី សម្ដេច ក៏មាន​, ក្នុង​រជ្ជកាល​នៃ ព្រះបាទ​សម្ដេចព្រះ​បរម​រាជា (​ពញាយ៉ាត​) ទ្រង់​តាំង​លោកអ្នកឧកញ៉ា កែ ឲ្យ​ឡើងជា សម្ដេចចៅពញា (​ក្នុង​ខាងចុង​នៃ​ពុទ្ធ​សតវត្សរ៍​ទី ២០, ចុ​ល្ល​សតវត្សរ៍​ទី ៨, គ្រិស្ដ​សតវត្សរ៍​ទី ១១) ។ ក្នុង​រជ្ជកាល​នៃ ព្រះបាទ​សម្ដេចព្រះ​ជ័យ​ចេស្ដា (​ពុទ្ធ​សតវត្សរ៍​ទី ២៣) ព្រះរាជា​ទ្រង់​ព្រះមេត្តាប្រោស​តាំង ឧកញ៉ា​ភក្ដី​សង្គ្រាម ហុក ឲ្យ​ឡើងជា ចៅពញា​ភក្ដី​សង្គ្រាម ជា​មេទ័ព​ធំ​របស់​ប្រទេស​កម្ពុជា​, ចៅពញា​ភក្ដី​សង្គ្រាម (​ហុក​) នេះ​ជា​មេទ័ព​ជំនាញជាញជ័យ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​រជ្ជកាល​នោះ ។ ល ។ (​ម​. ព​. ពញា ទៀតផង​) ។​

​ត្រើយត្រាណ​

នាមសព្ទ​

​ដូចគ្នា​នឹង ត្រាណត្រើយ ដែរ គ្រាន់តែ​ប្រើ​ត្រឡប់​យក​មុន​ជា​ក្រោយ​ថា ត្រាណត្រើយ ឬ ត្រើយត្រាណ សម្រួល​តាម​សម្ផស្ស​ចួន​របស់​កាព្យ​ប៉ុណ្ណោះ (​ព​. ​កា​.)
​ឱ​ព្រះ​ត្រើយត្រាណ ធ្វើ​ម្ដេចនឹងបាន វិល​មកវិញ​រ៉ា ទោះ​ផ្ដាំ​នឹង​ខ្យល់​** ខ្យល់​ឥត​ប្រាប់ថា ព្រះបាទ​ចេស្ដា សុខ​ឬ​ទុក្ខ​ឡើយ ។ ម​. ព​. ត្រាណ និង ត្រាណត្រើយ ទៀតផង ។​
**​ពាក្យ “​ខ្យល់​” ត្រូវបាន​កែតម្រូវ​ពី​ពាក្យ​ដើម “​ខ្យល​” ដោយហេតុថា​ពុំមាន​ពាក្យ “​ខ្យល​” ទេ អនុលោម​តាម​វចនានុក្រម​ខ្មែរ សម្ដេច ជួន ណាត​។​

​ទម្រង់ការ​

​នាមសព្ទ​

​របៀប​ធ្វើ​មង្គលការ​អាពាហ៍ពិពាហ៍​
​ទម្រង់ការ​ព្រះ​ជ័យ​ចេស្ដា របៀប​មង្គលការ​អាពាហ៍ពិពាហ៍​ដែល​ព្រះបាទ​សម្តេចព្រះ​ជ័យ​ចេស្តា ទ្រង់មាន​ព្រះរាជ​បញ្ជា​ឲ្យ​រៀបរៀង ។​

Post navigation