Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ សិទ្ធិ , ស្មា , ស្ដាប់ , ស្ដាយ , ស្ដារ​

Views: 2

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

សិទ្ធិ​

(​សិត​-​ធិ ឬ សិត​)

នាមសព្ទ​

( សំ​. បា​. ) សេចក្ដីសម្រេច​; សេចក្ដីសម្រេច​ផល ឬ​ផល​សម្រេច​, ការសម្រេច​ប្រយោជន៍​; ការ​ដាច់ស្រេច​; ការ​សមប្រកប​, ការ​សម​តាម​បំណង​; សេចក្ដីសុខ​; សេចក្ដីចម្រើន​; សេចក្ដី​ស័ក្ដិសិទ្ធិ​; សេចក្ដី​ខ្លាំងពូកែ​; សេចក្ដី​សម្បូណ៌​; សេចក្ដីសម្រេច​តាម​អំណាចច្បាប់​; អំណាច​, សេចក្ដី​អង់អាច​; មុខ​ការដែល​ត្រូវ​សម្រេច​លើ​ខ្លួន ( ម​. ព​. សិទ្ធ ផង ) ។​បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. សិត​-​ធិ​, ដូចជា សិទ្ធិករ ដែល​ធ្វើ​ឲ្យ​សម្រេច​, ដែល​ឲ្យ​សម្រេច​ផលប្រយោជន៍ ។ សិទ្ធិការក (–​រ៉ៈកៈ ឬ –​រ៉ក់​) អ្នកធ្វើ​ឲ្យ​សម្រេចប្រយោជន៍ ( បើ​ស្ត្រី​ជា សិទ្ធិការិកា ) ។ សិទ្ធការ្យ ( –​កា ) ដំណើរ​ធ្វើ​ឲ្យ​សម្រេចប្រយោជន៍ ។ ខ្មែរ​បុរាណ​ប្រើ​ជា​ពាក្យ​ផ្ដើម​ក្នុង​ក្បួនតម្រា​, ជា​ពាក្យ​អធិដ្ឋាន​ប្រសិទ្ធី​សូម​ឲ្យ​សម្រេចប្រយោជន៍​បាន​តាម​ប្រាថ្នា​
​សិទ្ធិការ្យ​អាចារ្យ​ចែង​សម្ដែង​អំពី​ថ្នាំ​រម្ងាប់រោគ​ផ្សេងៗ ដូច​មាន​សេចក្ដី​តទៅ​នេះ​…​។​
​សិទ្ធិក្សេត្រ ឬ –​ភូមិ ទី​កើ​តនៃ​សេចក្ដីសុខ​សេចក្ដីចម្រើន ។ សិទ្ធិគុណ គុណ​ដែល​នាំ​ឲ្យ​សម្រេចប្រយោជន៍ ។ សិទ្ធិជ័យ ជម្នះ​ដាច់ស្រេច ។ សិទ្ធិជោគ ឫក្សពារ​ពេលា​ល្អ​ដែល​អាច​ញ៉ាំង​ប្រយោជន៍​ឲ្យ​សម្រេច​តាម​បំណង ។ សិទ្ធិតេជ ឬ –​តេជះ តេជះ​នៃ​សិទ្ធិ ។ សិទ្ធិទស្សី អ្នក​ដែល​ប្រមើល​ឃើញ​សេចក្ដីចម្រើន​ទៅខាង​មុខ ( បើ​ស្ត្រី​ជា សិទ្ធិទស្សិនី ) ។ សិទ្ធិពល កម្លាំង​នៃ​សេចក្ដី​អង់អាច ។ សិទ្ធិមគ្គ ឬ –​មាគ៌ា ផ្លូវ​នៃ​សេចក្ដីចម្រើន ។ សិទ្ធិមន្ដ ឬ​– មន្ដ្រ មន្ដ​ស័ក្ដិសិទ្ធិ ( ប្រើ​ជា សិទ្ធមន្ដ ឬ – មន្ដ្រ ក៏បាន ) ។ សិទ្ធិយោគ ការប្រើ​គ្រឿង​ស័ក្ដិសិទ្ធិ ។ សិទ្ធិស័ក្ដិ អំណាច​នៃ​ការសម្រេច​ប្រយោជន៍ ។ សិទ្ធិសួស្ដិ៍ ( –​សួស ) សិទ្ធិ​និង​សួស្ដី​; សួស្ដី​នៃ​សិទ្ធិ ។ បុរាណ​ប្រើពាក្យ​នេះ​ជាការ​ផ្ដើម​នៃ​មន្ដអាគម​, ដូចជា​អាគម​ស្ដោះផ្លុំ​រម្ងាប់​ពិសពស់​ថា ឩម​សិទ្ធិសួស្ដិ៍ កុំ​ឲ្យ​ជ្រួស​ជ្រលួស​ទៅរក​ការ​ឃ្វាង សុំ​ឲ្យ​ប្រកបដោយ​ការ​រាងចាល​ចាញ់ អញ​ស្ដោះផ្លុំ​ទៅ​ឲ្យ​ត្រូវ​លើ​អាសិរពិស ទ្រើស​ទ្រឹស្តិ​កំណាច​ចង្រៃ ឲ្យ​ចាញ់​តេជដៃ​នៃ​អញ​ឯង ឲ្យ​ប្រស្ដែង​បាក់បបខ្លបខ្លាច​អំណាច​មន្ដ​គាថា​ចេស្ដា​ស័ក្ដិសិទ្ធិ ដូច​ទឹកអម្រឹត​ត្រជាក់ត្រជំ ឲ្យ​ពិស​ចង្រៃ​ឯង​រលាយ​រសាយ​ខ្ចាយ​បាត់​សូន្យ​ទៅ​ឥឡូវនេះ​ហោង​…​។ សិទ្ធី​ស្វរៈ ( សំ​. សិទ្ធី​ឝ្វ​រ < សិទ្ធិ + ឦ​ឝ្វ​រ ) អ្នក​ដែល​ជាធំ​ក្នុងការ​ធ្វើ​ឲ្យ​សម្រេចប្រយោជន៍​; សិវៈ ( ព្រះ​ឥសូរ ) ។ ល ។​

​ស្មា​

​នាមសព្ទ​

​ប៉ែក​អវយវៈ​ត្រង់​ខាងលើ​គល់​ដៃ​មនុស្ស​ឬ​ត្រង់​ខាងលើ​គល់​ជើង​មុខ​សត្វ​តិរច្ឆាន​
​ស្មាគាង​, ​ស្មាច្រឺប​, ​ស្មាដាក់​, ​ស្មាពូន ។​
​ព​. ទ​. បុ​. មើល​ស្មា​សិន សឹម​ឲ្យ​អ​ម្រែ​ក ត្រូវ​ពិនិត្យមើល​ឲ្យ​ច្បា​ស់សិន​សឹម​ដាក់​ការ​ឲ្យ​ធ្វើ ។ លើក​អ​ម្រែ​ក​មិន​ប្រមាណ​នឹង​ស្មា មិន​ស្គាល់ប្រមាណ​ខ្លួន​, ​ហ៊ាន​ទទួល​កិច្ចការ​ហួសកម្លាំង​ខ្លួន ។ ព​. កា​. ថា​
​ចាស់ទុំ​លោក​ថា អ​ម្រែ​ក​និង​ស្មា ត្រូវ​ស្រែកសួរ​គ្នា ថា​អញ​និង​ឯង ពុំ​ក្រែង​ចេស្ដា ឯង​ធ្ងន់​ប៉ុនណា អញ​ខ្លាំង​ប៉ុន​នោះ ។ បើ​ឯង​ធ្ងន់​ជាង សង្កត់​អញ​ភ្លាង អញចាញ់​ឯង​ស្មោះ បើ​អញ​ខ្លាំង​ជាង អញ​រែក​រត់​ផ្លោះ លឿន​ស្លៅ​ឥតខ្ចោះ ហៅថា​អញ​ឈ្នះ ។​

​ស្ដាប់​

(​ជើង ដ​)

​កិរិយាសព្ទ​

​ប្រុង​ត្រចៀក​ទទួល​ចាំ​ឮ​
​ស្ដាប់ធម៌​, ស្ដាប់ភ្លេង ។​
​ទទួល​ឱវាទ ត្រងត្រាប់​, ​យកពាក្យ​, ​យកសម្ដី​, ​ទទួល​ធ្វើតាម​
​ស្ដាប់​ពាក្យ​ប្រដៅ​, ស្ដី​មិន​ស្ដាប់ ។​
​ជឿ​ស្ដាប់ ស្ដាប់​ហើយ​ជឿ​តាម​, ទទួល​ប្រតិបត្តិ​តាម ។ ស្ដែងស្ដាប់ ( ម​. ​ព​. ​ស្ដែង ) ។​

​ស្ដាយ​

(​ជើង ដ​)

​កិរិយាសព្ទ​

​នឹក​អាល័យ​, ​នឹកឃើញ​ហើយ​មិន​អស់ចិត្ត មិន​អស់​អាល័យ​, ​ជំពាក់​ដោយ​អាល័យ​
​ស្ដាយទ្រព្យ​; ខ្ញុំ​ស្ដាយ​ណាស់​ដោយ​មិនបាន​ទៅ . . .​។​
​ស្ដាយក្រោយ នឹកឃើញ​ហើយ​ស្ដាយ​ជា​ខាងក្រោយ​, ​កើត​ក្ដៅក្រហាយ​ចិត្តជា​ខាងក្រោយ ។ ស្ដាយគំនិត នឹក​តូចចិត្ត ព្រោះ​ធ្លោយ​ហួស​ទៅហើយ ។ ស្ដាយស្រណោះ នឹក​អាឡោះអាល័យ ស្រណោះ​ដល់ . . . ។​ល​។ ( បើ​គ្រាន់តែ​ស្ដាយ ឥតមាន​ការ​យំសោក​ផង​ទេ កុំ​ប្រើពាក្យ​ថា សោកស្ដាយ ត្រូវ​ប្រើ​ត្រឹមតែ ស្ដាយ​, ​នឹក​ស្ដាយ​, ​គួរ​ស្ដាយ​, ​គួរ​ឲ្យ​ស្ដាយ ប៉ុណ្ណេះ​បាន​ហើយ : ខ្ញុំ​នឹក​ស្ដាយ​ណាស់ ) ។​

​ស្ដារ​

(​ជើង ដ​)

​កិរិយាសព្ទ​

​បាច​ឬ​ដង​យក​ទឹក​ចេញ ឲ្យ​ស្រាល​, ​ឲ្យ​ស្អាត​
​ស្ដារទូក​, ​ស្ដារអណ្ដូង ។​
​កកាយ​ឬ​កើប​យកចេញ​ឲ្យ​អស់​
​ស្ដារបង្គន់​, ​ស្ដារជង្រុក ( ស្រូវ ) ។​
​បាញ់​ល​មើល ឲ្យ​អស់​ច្រែះ​, ឲ្យ​ថ្នឹក ឲ្យ​ស៊ាំសាច់​
​ស្ដារកាំភ្លើង ។​
​ព​. ​ប្រ​. ​ស្ដារកិលេស ជម្រះ​កិលេស ។ ស្ដារចិត្ត ជម្រះចិត្ត​, ​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ ។​ល​។​

Post navigation