Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អង្គភាព​ប្រឆាំង​អំពើពុករលួយ វាយតម្លៃ​ខ្ពស់ និង កោតសរសើរ​ចំពោះ​ភាពជោគជ័យ​នៃ​ការរៀបចំ​ប្រឡង​បាក់​ឌុប​របស់​ក្រសួង​អប់រំ​

Views: 1

ដោយ​៖ ដេប៉ូ​/​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​រលួយ (​អ​.​ប​.​ព​.) បានធ្វើការ​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ចំពោះ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា​បាក់​ឌុប​សម័យ​ប្រឡង ០៥ ធ្នូ ២០២២ ប្រកបដោយ​ជោគជ័យ និង​ពិសេស​មានការ​សហការ​គ្នា​គ្រប់ភាគី​យ៉ាង​ល្អ​រួចមក​។​

នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២២​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានចេញ​សេចក្តីប្រកាស​មួយ​របស់ខ្លួន​ដោយបាន​បញ្ជាក់ថា ៖​ឆ្នាំ​២០២២ ជា​ឆ្នាំ​ទី​៨ និង​ជា​លើក​ទី​៩ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​.) បាន​សហការ​ជាមួយនឹង ក្រសួង​អប់រំ យុវជន និង​កីឡា ចូលរួម​សង្កេតការណ៍​លើ​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ ក្នុងសម័យ​ប្រឡង ០៥ ធ្នូ ២០២២ នេះ មាន​ថ្នាក់ដឹកនាំ មន្ត្រី អ​.​ប​.​ព​. និង​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ជាង ៣.០០០ នាក់ ដោយ​ក្នុងនោះ អ​.​ប​.​ព​. បានរៀបចំ​មន្ត្រី​ប្រចាំ​តាម​ម​ណ្ឌ​ប្រឡង មួយ​នាក់ ក្នុង​មួយ​មណ្ឌល​ប្រឡង និង​បានដាក់​ពង្រាយ​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ដោយ​អនុវត្ត តាម​និយាម​មួយ​នាក់ សង្កេត​ពីរ​បន្ទប់ នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំង ២២១ មណ្ឌល ត្រូវជា ៥.១៧៤ បន្ទប់ ទូទាំង​រាជធានី​-​ខេត្ត ដើម្បី ធានា​ឱ្យបាន​នូវ​គោលការណ៍​ទាំង​៤ នៃ​ការប្រឡង គឺ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។​
ប្រភព​ដដែល​នេះ​បានបញ្ជាក់​បន្ថែមថា​៖ តាមរយៈ​ការសង្កេត​ការណ៍​លើ​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ដំណើរការ​សំណេរ អ​.​ប​.​ព​. សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់ និង កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា អាជ្ញាធរ​ដែនដី កងកម្លាំង​សមត្ថកិច្ច មន្ត្រី​សុខាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​បំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ គោរព​បទ​ប្បញ្ញត្តិ​ជា​ធរមាន និង​មាន​ចំណាត់ការ​ឆ្លើយតបបាន​យ៉ាង​ទាន់ពេលវេលា​លើ​រាល់​បាតុភាព​នានា​ដែល​កើតមានឡើង ជាយថាហេតុ​។​

ជាមួយគ្នានេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ដែល​បានរៀបចំ អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ឱ្យ​ចូលរួម​សង្កេតការណ៍​លើ​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទាំង​ពេលកន្លងមក និង​ពេលនេះ​។ កាយវិការ​ប្រកបដោយ​អត្ថន័យ​នេះ បង្ហាញ​នូវ​ឆន្ទៈ​ដ៏​មោះមុត​ក្នុងការ​ចូលរួម​អនុវត្ត​កម្មវិធី​កំណែទម្រង់​លើ​វិស័យ​អប់រំ និង​ពង្រឹងសមត្ថភាព​របស់​យុវជន​ជំនាន់​ក្រោយ ដែលជា​ធនធានមនុស្ស​សម្រាប់​បន្តវេន​សង្គម​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

ក្រៅពីនេះ អង្គភាព​មួយ​នេះ​ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​អ្នកសង្កេតកា​រណ៍​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​លះបង់ ពេលវេលា​នៃ​យុវវ័យ​របស់ខ្លួន​មក​បំពេញការងារ​ស្ម័គ្រចិត្ត​ដើម្បី​ឆ្លើយតប​នឹង​ដំណើរការ​នៃ​កំណែទម្រង់​លើ​វិស័យ​អប់រំ សំដៅ​ពង្រឹង និង​ពង្រីក​គុណភាព​យុវជន​ជំនាន់​រួមគ្នា​។ យុវជន ពិតជា​ធនធាន​ដ៏​មានតម្លៃ កម្លាំង​ដ៏​ខ្លាំងក្លា​ក្នុងការ​រុញច្រាន​ការអភិវឌ្ឍ​សង្គមជាតិ ដូច្នេះ​យុវជន​ត្រូវ​ប្រើប្រាស់​ភាព​យុវវ័យ​របស់ខ្លួន​ឱ្យមាន​ប្រយោជន៍​ដល់​ខ្លួន គ្រួសារ និង​សង្គមជាតិ​ទាំងមូល​៕/R


Post navigation