Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នក​អភិរក្ស​ថា​មាន​សត្វព្រៃ​មួយចំនួន​បាន​ស្លាប់ ក្រោយ​ព្រៃភ្នំតាម៉ៅ​ត្រូវ​បាន​ឈូសឆាយ​ជិត​៦០០​ហិកតា

ក្រុមអ្នកស្រឡាញ់បរិស្ថានសម្ដែងការសោកស្ដាយចំពោះការបាត់បង់ព្រៃឈើជិត៦០០ហិកតា និងសត្វព្រៃមួយចំនួនទៀតស្លាប់ រងរបួស និងបាត់ទីជម្រក ក្រោយព្រៃតាម៉ៅត្រូវបានឈូសឆាយអស់ជាច្រើនហិកតាក្នុងរយៈពេលយ៉ាងខ្លី។

ការបាត់បង់ព្រៃឈើក្នុងរយៈដ៏ខ្លីនេះ​ បន្ទាប់ពីក្រុមហ៊ុនចំនួន៤ ដែលរដ្ឋាភិបាលអនុញ្ញាតឱ្យអភិវឌ្ឍតំបន់ភ្នំតាម៉ៅជាលំនៅដ្ឋានផ្សេងៗ បានដាក់គ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយទាំងថ្ងៃ ទាំងយប់ ចំណែកឯក្រុមអភិរក្សសត្វមិនអាចចូលទៅជួយសង្គ្រោះសត្វនិងព្រៃបាននោះទេ។

នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក និក ម៉ាក (Nick Marx) បានថ្លែងប្រាប់វីអូឌីនៅថ្ងៃនេះថា ក្នុងពេលឈូសឆាយព្រៃ មានសត្វព្រៃខ្លះត្រូវបានគេបាញ់ ប៉ុន្តែលោកមិនបានបញ្ជាក់ឱ្យលម្អិតថាអ្នកណាជាអ្នកបាញ់នោះទេ។ លើសពីនេះ លោកថា ប្រព័ន្ធកាមេរ៉ាដែលក្រុមលោកបានបង្កប់ក្នុងព្រៃត្រូវបានគេបិទ និងហាមមិនឱ្យលោកនិងបុគ្គលិកចូលទៅក្នុងព្រៃនោះទេ។

អ្នកសង្រ្គោះសត្វព្រៃជនជាតិអង់គ្លេសរូបនេះថា លោកផ្ទាល់បានឃើញប្រើសបានស្លាប់ដោយសារតែការឈូសឆាយនេះ ចំណែកឯសត្វដែលស្លាប់ និងរងគ្រោះដទៃទៀតមានចំនួនច្រើន ដែលទទួលបានព័ត៌មានពីប្រជាពលរដ្ឋ តែយ៉ាងណា លោកមិនទាន់អាចបញ្ជាក់ព័ត៌មានលម្អិតបាននៅឡើយទេ។

លោកថា៖ «នៅក្នុងព្រៃយើង មានឈ្លូស ប្រើស ជ្រូកព្រៃ​ សត្វច្រើននៅក្នុងព្រៃយើង​ យើងឃើញខ្លួនឯង ប្រើសមួយ[ស្លាប់] តែនៅមានព័ត៌មានផ្សេងទៀត»។

លោកបន្តថា៖ «​សត្វព្រៃមិនមែននៅក្នុងសួន​ ពិបាករកឃើញ យើងអត់ដឹង! សត្វរត់ទៅ គេបាញ់ខ្លះ​! មានព័ត៌មាន គេបាញ់ពេលយប់​ គេអត់ឱ្យយើងចូល យើងអត់ដឹង»។

មកទល់ពេលនេះ លោក និក ម៉ាក បានសន្និដ្ឋានជាបឋមទំហំនៃព្រៃដែលក្រុមហ៊ុនឈូសឆាយនៅភ្នំតាម៉ៅ មានប្រមាណ៦០០ហិកតា​ ហើយបើទោះជាលោកនិងអ្នកដទៃចូលរួមដាំដើមឈើឡើងវិញក្ដី លោកសោកស្ដាយចំពោះព្រៃឈើដែលដុះមានរយៈពេលច្រើនឆ្នាំនេះ។

ប្រជាពលរដ្ឋមកស៊ីឈ្នួលរួមដាំដើមឈើឱ្យសួនភ្នំតាម៉ៅ លោក ប្រាក់ វឿន បានប្រាប់ឱ្យដឹងថា ​លោកមិនចង់បានការអភិវឌ្ឍជាលំនៅដ្ឋាននោះទេ លោកចង់ឱ្យមានសត្វព្រៃក្នុងស្រុករបស់លោក ខណៈដែលកន្លងមក លោកមានការព្រួយបារម្ភចំពោះការឈូសឆាយនេះ។

លោកថា៖ «បារម្ភមែនទែន សត្វព្រៃនេះ ពួកសួនគាត់បារម្ភថា នៅពេលឈូសយកព្រៃ មិនដឹងថាសត្វហ្នឹងទៅណា​! គណៈកម្មការព្រៃហ្នឹង គាត់ភ័យ​ គាត់យំ ខ្លាចសត្វគាត់ងាប់អស់»។

កញ្ញា ឈឿន ដារ៉ាវី នៃក្រុមយុវជនខ្មែរថាវរៈ ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា ការចូលរួមពីមហាជនជាសម្ពាធមួយដែលធ្វើឱ្យរដ្ឋាភិបាលបានពិចារណា និងបញ្ឈប់ការឈូសឆាយនៅតំបន់ភ្នំតាម៉ៅនេះ ហើយការចូលរួមតាមដានពីមហាជនដោយផ្ទាល់នៅតំបន់ភ្នំតាម៉ៅនេះ ជាក់ស្ដែង ពួកគេមើលឃើញផ្ទុយពីរដ្ឋបាលព្រៃឈើបានបង្ហាញអំឡុងពេលឈូសឆាយនោះ។

សមាជិកក្រុមយុវជនខ្មែរថាវរៈរូបនេះបង្ហាញនូវការត្រេកអរ បន្ទាប់ពីរដ្ឋាភិបាលបានបញ្ឈប់ភ្លាមៗនូវសកម្មភាពឈូសឆាយព្រៃនេះ និងឱ្យដាំដើមឈើឡើងវិញ។ ប៉ុន្ដែជាមួយគ្នានេះ កញ្ញាក៏សម្ដែងនូវការសោកស្ដាយផងដែរ ចំពោះការបាត់បង់ព្រៃទំហំធំក្នុងរយៈពេលខ្លី ដែលការឈូសឆាយនេះមានសន្ទុះយ៉ាងលឿន។

កញ្ញាថា៖ «យើងសោកស្ដាយ បើទោះបីមានការសង្គ្រោះបន្ទាន់ក៏ពិតមែន ប៉ុន្ដែទំហំនៃការបាត់បង់ហ្នឹងគឺធំមែនទែន វាដល់បីបួនរយហិកតា។ អ៊ីចឹងវាធ្វើឱ្យយើងអ្នកដែលស្រឡាញ់ធនធានធម្មជាតិ ក៏ដូចជាសត្វព្រៃ មនុស្ស​អី ដែលគាត់រស់អាស្រ័យផលនៅហ្នឹង គឺគាត់សោកស្ដាយ។ តែទន្ទឹមនឹងសោកស្ដាយ ក៏ត្រេកអរនឹងការបញ្ឈប់របស់រដ្ឋាភិបាល ចំពោះការឈូសឆាយដើម្បីអភិវឌ្ឍតំបន់នេះទៅជាអ្វីផ្សេង»។

កញ្ញា ឈឿន ដារ៉ាវី ឱ្យដឹងបន្ថែមថា បន្ទាប់ពីរដ្ឋាភិបាលបញ្ជាឱ្យក្រុមហ៊ុនឯកជនបញ្ឈប់ការឈូសឆាយ និងប្រកាសដាំកូនឈើឡើងវិញ ឃើញថាមានការចាប់អារម្មណ៍ច្រើនពីមហាជន ហើយថ្ងៃនេះ ក្រុមយុវជន និងប្រជាពលរដ្ឋ ជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងចូលរួមដាំកូនឈើនៅរសៀលថ្ងៃនេះផងដែរ។

ក្នុងករណីនេះដែរ កញ្ញាស្នើឱ្យរដ្ឋាភិបាលធ្វើការសម្រេចចិត្តអភិវឌ្ឍតំបន់ណាមួយ គួរតែសិក្សាឱ្យច្បាស់ និងឱ្យមានប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលចូលរួមតាមដានក្នុងការអភិវឌ្ឍនោះ។

វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីអគ្គនាយករដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស នៅថ្ងៃចន្ទនេះបាននៅឡើយទេ។

ចំណែកឯប្រធាននាយកដ្ឋានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ លោក ញ៉ឹក រតនៈពេជ្យ ថាលោកកំពុងរវល់ប្រជុំ។

តែយ៉ាង​ណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃអាទិត្យនេះ ឱ្យលុបចោលទាំងអស់ចំពោះការអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ ក្រោយមានប្រតិកម្មពីមហាជនយ៉ាងច្រើន ស្នើឱ្យរាជរដ្ឋាភិបាលពិចារណាក្នុងការ​ផ្ដល់ដីព្រៃតំបន់ភ្នំតាម៉ៅស្ទើរតែទាំងស្រុងទៅឱ្យក្រុមហ៊ុនឯកជន ដោយត្រូវរក្សាទុកតំបន់នេះ​ជាតំបន់អភិរក្សសម្រាប់ក្មេងជំនាន់ក្រោយឡើងវិញ៕