Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកនាំពាក្យ ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពុំមានដំណើរទស្សនកិច្ចលើកទី៣ ទៅមីយ៉ាន់ម៉ាទេ ពុំមានពេលវេលា ហើយក៏ពុំរំពឹងថានឹងមានលទ្ធផលផ្លែផ្កា

Views: 6

ដោយៈ មុនីរ័ត្ន ភ្នំពេញៈ ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពុំមានដំណើរទស្សនកិច្ចលើកទី៣ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះទេ ដោយសារតែពុំមានពេលវេលា និងពុំរំពឹងថានឹងមានលទ្ធផលផ្លែផ្កា។


លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់រស្មីកម្ពុជានាព្រលប់ថ្ងៃទី៩ ខែធ្នូនេះថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពុំមានដំណើរទស្សនកិច្ចលើកទី៣ ទៅកាន់ម៉ីយ៉ាន់ម៉ាទេ ដោយសារពុំមានពេលវេលា ហើយក៏ពុំរំពឹងថានឹងមានលទ្ធផលផ្លែផ្កា។
លោកបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ការលុបចោលដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រទេសមីយ៉ាន់ម៉ា គឺដោយសារតែជាប់រវល់នឹងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នាពេលខាងមុខ។
សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានធ្វើដំណើរទស្សនកិច្ចរទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំនួនពីរលើក ដោយលើកទី១ ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ និងលើកទី២ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញចូលជួបសាវនាការចំពោះនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករា ឆ្នាំនេះ។
ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់, ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ, និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់៕សរន/ N

Post navigation