Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកនាំពាក្យៈ សំណុំរឿង​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ខេត្តសៀមរាប នឹង​បញ្ជូនទៅ ចៅក្រម​ស៊ើបសួរ បន្តទៀត​

Views: 3

​ដោយៈ ឫទ្ធិ​ស័ក្តិ / ភ្នំពេញៈ លោក យិន ស្រាង ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា ដំបូង ខេត្តសៀមរាប និង​ជា​អ្នកនាំពាក្យ បាន​ប្រាប់​រស្មី​កម្ពុជា នៅ​រសៀល ថ្ងៃទី​៨ ខែសីហា នេះ​ថាៈ សំណុំរឿង លោក សោម សមស័ក្តិ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ខេត្តសៀមរាប បាន​មកដល់​រដ្ឋបាល ហើយនឹង​បញ្ជូនទៅ ចៅក្រម​ស៊ើបសួរ បន្តទៀត​។

​លោកស្រី សាត ធីតា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង ខេត្តសៀមរាប បានបញ្ជាក់​ថាៈ ឈ្មោះ សោម សមស័ក្តិ ត្រូវបាន​តំណាង​អយ្យការ សម្រេច​ចោទប្រកាន់ ពីបទ “ ជេរប្រមាថ ហិង្សា​ដោយ​ចេតនា និង​ប៉ុនប៉ង​មនុស្សឃាត ”​។ បច្ចុប្បន្ន សំណុំរឿង លោក សោម សមស័ក្តិ កំពុង​ស្ថិ​ង​ក្នុងការ​អនុវត្ត​នីតិវិធី របស់​ចៅក្រម​ស៊ើបសួរ​។​

​ទាក់ទង​ករណីនេះ ស្ត្រី​រងគ្រោះ​ឈ្មោះ ផាត់ សុ​ជឿន បានដាក់​ពាក្យបណ្តឹង ប្តឹង​លោក សោម សមស័ក្តិ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ខេត្តសៀមរាប ទៅ​សាលាដំបូង​ខេត្តសៀមរាប ពីបទ ជេរប្រមាថ​ជា​សាធារណ​: បទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា និង​បទ​ប៉ុនប៉ង​មនុស្សឃាត តាមរយៈ​បើករថយន្ត ម៉ាក range rover discovery ពាក់​ស្លាក​លេខ ភ្នំពេញ 2BU-០០០៩ ប៉ុនប៉ង​បំ​បុក នៅ​ចំណុច​ផ្សារ​អាស៊ី កាលពី​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តសៀមរាប បានចេញ​ដីកា​កោះហៅ​លោក សោម សមសក្តិ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ នៅ​តុលាការ ចំនួន​២​ដង​រួចមកហើយ តែ​លោក សោម សមស័ក្តិ មិនបាន​ចូលទៅ​តាម​ដីកាកោះ​ទេ ដោយ​ដាក់​ពាក្យសុំ​ពន្យារ ។​

​ស្ត្រី​រងគ្រោះ បាន​អះអាងថាៈ នៅ​មុនពេល​កើតហេតុ ពួកគាត់ មាន​គ្នា ៨ ទៅ ៩ នាក់ ញាំ​អាហារ​នៅ​ផ្សារ​ទំនើប​អាស៊ី ត្រង់ចំណុច​ក្រោយ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ ក្រុង​/​ខេត្តសៀមរាប ។ លុះ​ពេល​ចេញមក ដល់​ខាងមុខ វេលា​ម៉ោង ១០​និង​៣០​នាទី​យប់ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០២២ ឈ្មោះ ស័​ក្ត ដែលជា​ជនដៃដល់ បាន​វាយ​សង្កត់​ក្បាល លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម ដែល​រួម​ដំណើរ​ជាមួយ​គាត់ (​ស្ត្រី​រងគ្រោះ​) ជាច្រើន​ដង​។ ខណ​:​នោះ​រូបគាត់ (​ជនរងគ្រោះ​) បាន​និយាយថាៈ មេច​ក៏​វាយ​ក្បាល​គាត់​ចឹ​ង គាត់​ចាស់​ជាង វាយ​របៀប​ហ្នឹង​មិន​សម​ទេ​។ ភ្លាមនោះ ជនដៃដល់​បាន​ជេរប្រមាថ​ទៅលើ​រូបគាត់ ហើយ​វាយ​មកលើ​ផ្ទៃមុខ ផ្នែក​ក្បាល​របស់គាត់ ១​ដៃ និង​បន្ត​ជេរប្រមាថ រហូត​ផ្អើល​ដល់ សមត្ថកិច្ច មកជួយ​អន្តរាគមន៍ ។​

​ស្ត្រី​រងគ្រោះ បាន​បន្តថាៈ ពេល​ក្រុម​សមត្ថកិច្ច មកដល់​កន្លែងកើតហេតុ ជនដៃដល់ បាន​បើករថយន្ត ម៉ាក range rover discovery ពាក់​ស្លាក​លេខ ភ្នំពេញ 2BU-០០០៩ ចេញ​មួយសន្ទុះ ហើយ​បើក​ត្រឡប់មក​បំ​បុក​រូបគាត់ បំណង​សម្លាប់​។ ប៉ុន្តែ​សំណាង ដោយសារ​ម៉ូតូ​របស់​ប៉ូលិស នៅ​បាំង​ពីមុខ ទើប​បុក​ត្រូវ​ម៉ូតូ​របស់​ប៉ូ​លិ បណ្តាលឱ្យ​ដួល​ខ្ទេច ហើយ​ដួល​សង្កត់​ជើង​របស់គាត់ បណ្តាលឱ្យ​រងរបួស​ស្រាល ទើប​ជនបង្ក​បើករថយន្ត គេចខ្លួន​តែម្តង​។​

​ស្ត្រី​រងគ្រោះ បានបញ្ជាក់​ថាៈ រវាង​រូបគាត់ និង​ជនបង្ក​ពុំដែល​ស្គាល់គ្នា​សោះឡើយ ប៉ុន្តែ​ជន​រូបនេះ បែរជា​មក​ប៉ុនប៉ង ធ្វើឃាត​លើ​រូបគាត់​ទៅវិញ អីចឹង​ហើយ ទើប​សម្រេច​ដាក់ពាក្យ​បណ្តឹង ដើម្បី​ស្វែងរក​យុត្តិធម៌​។ ចំណែក​ពាក្យបណ្តឹង ដែល​ប្តឹង​នៅ​ដំណាក់កាល​ប៉ូលិស រូបគាត់​មិនទាន់​ទាមទារ​សំណង​ទេ គឺ​សុំ​ឱ្យតែ​អនុវត្ត​ទៅតាម​ច្បាប់​៕/V​

លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប

Post navigation