Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ៊ុក ឡាន៖ កូនខ្ញុំធ្លាក់ទឹកប្រឡាយដោយសារខ្ញុំងងឹតមាន់

Views: 6

ដោយៈ រឹម ស្រីស្រស់ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ/ភ្នំពេញ៖ខ្ញុំឈ្មោះ អ៊ុក ឡាន អាយុ៧២ឆ្នាំ ប្រកបរបរកសិករធ្វើស្រែចម្ការ។ សព្វថ្ងៃខ្ញុំរស់នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវជាមួយប្អូន របស់ខ្ញុំ។ ខ្ញុំមានកូនប្រុស២នាក់ ប៉ុន្តែបានស្លាប់ម្នាក់កាលពីឆ្នាំ១៩៧២ ពេលអាយុបានមួយឆ្នាំ។

កាលពីវ័យកុមារភាពខ្ញុំបានរៀនដល់ត្រឹមថ្នាក់ទី៩ចាស់ ប៉ុន្តែដោយសារតែគ្រួសារមានជីវភាពក្រីក្រខ្វះខាតទើបខ្ញុំ ឈប់រៀនប្រហែលជាអាយុ១២ឆ្នាំហើយរស់នៅជាមួយឪពុកម្តាយវិញ។គ្រួសារខ្ញុំបានទៅចាប់ដីថ្មីនៅស្រុកកំពង់សាលា ហើយបានប្រកបរបរធ្វើស្រែចម្ការនៅទីនោះ។

អ៊ុក ឡាន អាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ជាមួយប្អូន។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់មកនៅឆ្នាំ១៩៧០ ខ្ញុំបានរៀបការនៅអាយុប្រហែលជា២០ឆ្នាំជាមួយប្ដីរបស់ខ្ញុំដែលគាត់ធ្វើទាហាន លន់ នល់ នៅកំពង់សាលា។ រយៈពេលប្រហែលជា១ឆ្នាំក្រោយមកក៏មានការវាយប្រយុទ្ធគ្នានៅបន្ទាយទាហាន ហើយខ្មែរក្រហមបានឡោមព័ទ្ធជុំវិញបន្ទាយនោះរយៈពេលកន្លះឆ្នាំ ធ្វើឱ្យការហូបចុកមានការលំបាកខ្លាំង ប៉ុន្ដែក្រោយមកក៏មានយន្ដហោះជំនួយមកទម្លាក់ស្បៀងឱ្យ។

នៅដើមឆ្នាំ១៩៧៥អង្គភាពទ័ពបានបញ្ជូនប្ដីរបស់ខ្ញុំឲ្យមកវាយតទល់ជាមួយខ្មែរក្រហមនៅកប់ស្រូវ។ចំណែកខ្ញុំបានផ្លាស់មកនៅកំពង់សោម។ខ្ញុំរស់នៅកំពង់សោមបានរយៈពេល២១ថ្ងៃយោធាខ្មែរក្រហមក៏វាយបែកក្រុងកំពង់សោម។នៅពេលនោះខ្ញុំក៏ចាកចេញពីកំពង់សោមហើយបានជួបប្ដីនៅស្ពានត្រពាំងរពៅ។បន្ទាប់មកយើងក៏នាំគ្នាត្រឡប់មកស្រុកកំណើតវិញ ប៉ុន្តែត្រូវបានយោធាខ្មែរក្រហមឃាត់ទុកនៅភូមិត្រយឹង ឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ។ ដោយសារខ្ញុំគឺជាប្រជាជន ១៧ មេសា ខ្មែរក្រហមចាត់តាំងប្តីខ្ញុំឲ្យភ្ជួរស្រែ ចំណែកខ្ញុំដកស្ទូងដោយ ទុកកូនៗឲ្យយាយៗមើលថែនៅពេលថ្ងៃហើយពេលយប់ទើបខ្ញុំមកយក​កូនទៅវិញ។ចំណែកប្អូនៗរបស់ខ្ញុំនៅកងកុមារ។ ការហូបចុកមានការលំបាក ហើយមិនដែលបានហូបបាយទេ គឺហូបតែ​បបរប៉ុណ្ណោះ។ ពេលខែប្រាំង ប្រធានកងប្រើខ្ញុំឲ្យជីកប្រឡាយ និងរែកដីដំបូក។

នៅខែកក្កដាឆ្នាំ១៩៧៧ឈ្លបខ្មែរក្រហមបានយកប្តីខ្ញុំទៅវាយចោលដោយស៊ើបដឹងថាប្ដីរបស់ខ្ញុំធ្លាប់បានធ្វើទាហាន លន់ នល់។ កាលនោះប្រធានកងបញ្ជូនគាត់មកធ្វើស្រែនៅវត្តអង្គ ហើយគាត់ឈឺហើមដៃជើង។

បន្ទាប់មកប្រធានកងបញ្ជូនគាត់មកដេកពេទ្យ ហើយខ្មែរក្រហមក៏យកគាត់ទៅសម្លាប់ចោលនៅពេលនោះទៅ។ ចំណែកខ្ញុំមានការលំបាកយ៉ាងខ្លាំងព្រោះកូនខ្ញុំឈឺនិងនៅរស់តែពីរនាក់កូននៅផ្ទះ។ខ្ញុំមិនហ៊ាននិយាយអ្វីឡើយព្រោះខ្លាចឈ្លបខ្មែរក្រហមឮ ហើយយកទៅសម្លាប់ចោល។

អ៊ុក ឡាន អាយុ៧២ឆ្នាំ ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ក្រុមអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅចុងឆ្នាំ១៩៧៧ ប្រធានកងបានបញ្ជូនខ្ញុំទៅភូមិទួលត្បែង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវដោយប្រើខ្ញុំ ឱ្យជីកប្រឡាយ រែកដំបូក ដូចកាលពីខ្ញុំធ្វើការនៅឃុំរាមអណ្ដើកដែរ។

ថ្ងៃមួយពេលដែលខ្ញុំជីកប្រឡាយកន្លែងនោះរួចហើយប្រធានបានរើកងរបស់ខ្ញុំទៅកន្លែងផ្សេងទាំងយប់ដែលធ្វើឱ្យ ខ្ញុំមានការលំបាកយ៉ាងខ្លាំងដោយសារខ្ញុំមានជំងឺខ្វាក់មាន់មើលអ្វីមិនឃើញឡើយ។ខ្ញុំបានដើរតាមស្នូរជើងរបស់សមាជិកកងផ្សេងទៀតដោយរែកកូនផងនិងឥវ៉ាន់ផងប៉ុន្តែទៅដល់កន្លែងមួយក៏ដាច់ខ្សែអំរែកធ្លាក់កូនចូលទៅក្នុងប្រឡាយទម្រាំខ្ញុំតែរាវរកកូនឃើញ។នៅពេលនោះមិនដែលបានហូបឆ្អែតទេទោះបីខ្ញុំខិតធ្វើការធ្ងន់យ៉ាងណាក៏ដោយ។ នៅដើមឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមក ប្រធានកងមកបបួលខ្ញុំរត់ឡើងទៅភ្នំវល្លិ៍ និងភ្នំស្រួច ប៉ុន្តែខ្ញុំឈឺជើងមិនបានទៅជាមួយប្រធានកងនោះបានឡើយ ក៏ខ្ញុំត្រឡប់មកក្រោយវិញ។

នៅតាមផ្លូវខ្ញុំឃើញសាកសពជាច្រើន បន្ទាប់មកក៏មកដល់ស្រុកកំណើតនិងជួបជុំបងប្អូនវិញ៕សរន

 អ៊ុក ឡាន ទទួលប្រអប់អនុស្សាវរីយ៍ពីក្រុមអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែ

Post navigation