Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អឺ​ដូ​ហ្គាន ៖ ស៊ុយអែត​មិនអាច​ចូល​ណា​តូ​បាន​ទេ ដរាបណា​នៅតែ​អនុញ្ញាត​ឱ្យ​ដុត​គម្ពីរ​កូអា​ន​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន បាន​បញ្ជាក់​ជា​ថ្មី​កាលពី​ថ្ងៃ​ពុធ​ទី​១​កុម្ភៈ​ថា​តួ​ក​គី​នឹងមិន​អនុញ្ញាត​ឱ្យ​ស៊ុយអែត​ចូលរួម​ជាមួយ​សម្ពន្ធមិត្ត​​យោធា​ណា​តូ​ឡើយ ដរាបណា​ប្រទេស​នេះ​នៅតែ​អនុញ្ញាត​ឱ្យមាន​ការតវ៉ា​ដែល​ប្រមាថ​ដល់​សៀវភៅ​គម្ពីរ​ដ៏​បរិសុទ្ធ​របស់​សាសនា​អ៊ីស្លាម​។​

​តួ​ក​គី ដែល​កំពុង​រារាំង​ការអនុម័ត​សមាជិកភាព​របស់​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​នៅក្នុង​សម្ពន្ធភាព​យោធា​លោក​ខាងលិច​នេះ បាន​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​បាតុកម្ម​ជា​បន្តបន្ទាប់​នៅក្នុង​ទីក្រុង​ស្តុក​ខុល​។ ក្នុងករណី​មួយ សកម្មជន​ប្រឆាំង​អ៊ីស្លាម​ម្នាក់​បាន​ដុត​គម្ពីរ​កូ​អាននៅ​ខាងក្រៅ​ស្ថានទូ​តតួ​ក​គី ខណៈ​នៅក្នុង​ការតវ៉ា​ដែល​មិន​ជាប់​ពាក់ព័ន្ធ​មួយ រូប​ទីងមោង​របស់​លោក​អឺ​ដូ​ហ្គាន​ត្រូវ​បាន​ព្យួរក​។ ​សូម្បី​មុន​រឿង​នេះ​កើតឡើង រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បានដាក់​សម្ពាធ​លើ​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​រួចទៅហើយ​ដើម្បី​បង្ក្រាប​សមាជិក​និរទេស​របស់​ជនជាតិ​ឃឺ​ដ និង​ក្រុម​ផ្សេង​ទៀត​ដែល​ខ្លួន​ចាត់ទុកថា​​ជា​ភេរ​វករ និង​អនុញ្ញាត​ឱ្យ​លក់​អាវុធ​ទៅ​តួ​ក​គី​។​

​តួ​ក​គី​បាន​ពន្យារពេល​ដោយ​គ្មាន​កាល​កំណត់​នូវ​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​នៅ​ទីក្រុង​ព្រុច​សែ​ល ដែល​នឹង​ពិភាក្សា​អំពី​ការចូល​ជា​សមាជិក​ណា​តូ​របស់​ប្រទេស​តំបន់ន័​រ​ឌី​ក (Nordic) ទាំងពីរ​។​

​លោក​អឺ​ដូ​ហ្គាន​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ទៅកាន់​សមាជិក​សភា​របស់​គណបក្ស​កាន់អំណា​ច​របស់​គាត់​ថា “​ស៊ុយអែត កុំ​រំខាន​ឱ្យសោះ​! ដរាបណា​អ្នក​អនុញ្ញាត​ឱ្យ​សៀវភៅ​គម្ពីរ​កូ​អានដ៏​បរិសុទ្ធ​របស់​ខ្ញុំ ត្រូវ​បាន​ដុត​និង​ហែក​ចោល ហើយ​អ្នក​ធ្វើ​ដូច្នេះ​រួមគ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ​របស់​អ្នក យើង​នឹង​មិន​និយាយ​ថា​យល់ព្រម​ចំពោះ​ការសុំ​ចូល​អង្គការ​ណា​តូ​របស់​អ្នក​នោះ​ឡើយ​”​។​

​ក្រុមមន្ត្រី​រដ្ឋាភិបាល​ស៊ុយអែត​បាន​ដាក់​ខ្លួន​នៅ​ឆ្ងាយ​ពី​ការតវ៉ា​ទាំងនោះ រួម​ទាំង​ការតវ៉ា​ដោយ​សកម្មជន​ប្រឆាំង​អ៊ីស្លាម​ស្តាំនិយម​ដែល​បាន​ដុត​សៀ​ភៅគ​ម្ពី​រ​កូ​អាន​នៅ​ទីក្រុង​ស្តុក​ខុល​និង​ទីក្រុង​កូ​ប៉ិ​ន​​ហាក ប្រទេស​ដា​ណឺ​ម៉ាក ខណៈ​សង្កត់ធ្ងន់ថា បាតុកម្ម​ត្រូវបាន​ការពារ​ដោយ​សេរីភាព​នៃ​ការបញ្ចេញមតិ​។​

​កាលពី​ថ្ងៃ​អង្គារ នាយករដ្ឋមន្ត្រី​ស៊ុយអែត លោក អុល គ្រីស្ទើ​សិន (Ulf Kristersson) បាន​ថ្កោលទោស​សកម្មជន​ដែល​ធ្វើ​បាតុកម្ម​ថា​ជា “​មនុស្ស​ល្ងង់ខ្លៅ​ដែលមាន​ប្រយោជន៍​”​សម្រាប់​មហាអំណាច​​បរទេស ដែល​ចង់​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស​ស៊ុយអែត ខណៈ​ខ្លួន​ចង់​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​។​

​លោក​គ្រីស្ទើ​សិន​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ស្តុក​ខុល ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណាមួយ យ៉ាង​ដូច្នេះ​ថា “​យើង​បានឃើញ​ពី​របៀប​ដែល​តួអង្គ​បរទេស សូម្បី​តួអង្គ​រដ្ឋ​បាន​ប្រើ​ការសម្ដែង​​ទាំងនេះ ដើម្បី​ដុត​បញ្ឆេះ​ស្ថានការណ៍​តាមរបៀប​ដែល​បង្ក​គ្រោះថ្នាក់​ដោយ​ផ្ទាល់​ដល់​សន្តិ​សុខ​ស៊ុយអែត​”៕

​លោក​អឺ​ដូ​ហ្គាន​លើក​ដៃ​រាក់ទាក់​ទៅ​អ្នក​ស្វាគមន៍​គាត់​ក្នុងប្រទេស​បូ​ស្ន៊ី​កាលពី​ថ្ងៃទី ៦ ខែ​កញ្ញា ឆ្នាំ ២០២២​

Post navigation