Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រាជធានីលែងមានមីនប្រឆាំងមនុស្ស តែនៅមានបញ្ហាគ្រាប់បែកទម្លាក់ពីលើយន្តហោះ និង គ្រាប់បែកចង្កោម

Views: 12

ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ ថា អង្គភាពស៊ីម៉ាក់ បានបញ្ចប់ការបោសសំអាតតំបន់ផ្ទៃដីដែលវត្តមានគ្រាប់មីនប្រឆាំងមនុស្សទាំងស្រុងនៅរាជធានីភ្នំពេញ ប៉ុន្តែ នៅសល់ផ្ទៃដីមានបញ្ហាគ្រាប់បែកទម្លាក់ពីយន្តហោះ តំបន់គ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ។

នៅក្នុងសារដែលលោកបានបង្ហោះ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបាន រៀបចំពិធីអបអរសាទរប្រកាសរាជធានីភ្នំពេញអស់មីន ក្រោមអធិបតីភាពរបស់ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជា រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថា សូមមេត្តាប្រុងប្រយត្ន័ពីសុវត្ថិភាពក្នុងករណីប្រើប្រាស់ដីធ្លី និងបន្តសហការជាមួយកងកំលាំងនគរបាលជាតិ និងកំលាំងស៊ីម៉ាក់ ដើម្បីធានាបាននូវសុខសុវត្ថិភាពសង្គមនៅរាជធានី។

លោកបានបន្តថា រាជធានីភ្នំពេញបានឆ្លងកាត់ភ្លើងសង្គ្រាម និងឧបសគ្គជាច្រើន ទម្រាំបានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះ។ សង្គ្រាមពីខាងក្រៅនិងសង្គ្រាមស៊ីវិលក្នុងប្រទេស បានបង្កវិនាសកម្មបំផ្លិចបំផ្លាញដោយសារការទម្លាក់គ្រាប់បែកនិងគ្រាប់យុទ្ធភណ្ឌគ្រាប់ប្រភេទរួមទាំងគ្រាប់មីនផងដែរ ។ សំណល់យុទ្ធភណ្ឌសង្រ្គាមរាប់លានគ្រាប់ ពាសពេញផ្ទៃប្រទេស ដែលបានសម្លាប់ជីវិត ឬបង្កឲ្យមានពិការភាព ដល់ប្រជាពលរដ្ឋ រហូតដល់សព្វថ្ងៃ។

លោកបានអះអាងថា រាជធានីភ្នំពេញមានផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបចំនួន៩០ ទីតាំងចម្ការមីនមានទំហំប្រមាណ៣១៨ហិចតា ត្រូវបានបោសសម្អាតដោយអង្គភាពស៊ីម៉ាក់ទាំងស្រុង ដោយរកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន២២១គ្រាប់ មីនប្រឆាំងរថក្រោះ១៧៥គ្រាប់ និងសំណល់យុទ្ធភណ្ឌសង្រ្គាមដទៃទៀត ២៨.៦១១ គ្រាប់ ៕

Post navigation