Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រាជរដ្ឋាភិបាល​កំពុង​រៀបចំ «​គោលនយោបាយ​ស្ដីពី​ទេសចរ​ពិសេស​» ជំរុញ​កំណើន​ទេសចរណ៍​នៅ​កម្ពុជា​

Views: 11

ដោយៈ​ សុផល​/​ភ្នំពេញ​៖ ​រាជរដ្ឋាភិបាល​បាននិងកំពុង​រៀបចំ​«​គោលនយោបាយ​ស្ដីពី​ទេសចរណ៍​ពិសេស​»​ក្នុង​គោលបំណង​ទាក់ទាញ​លើកទឹកចិត្ត​ភ្ញៀវទេសចរ​ចូលរួម​ដល់​ការវិនិយោគ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា និង​ដើម្បី​ប្រែក្លាយ​ទេសចរ​ធម្មតា​ទៅជា​ទេសចរ​គុណភាព ជា​អ្នកវិនិយោគ ឬ​ធុរជន រួម​នឹង​ទស្សនៈ​«​គោលនយោបាយ​ស្ដីពី​ទេសចរ​ពិសេស​»​ជា​គោលនយោបាយ​ថ្មី គាំទ្រ​ដល់​កំណើន​ទេសចរណ៍​នៅ​កម្ពុជា​។​

​ដើម្បីឱ្យ​ការរៀបចំ​គោលនយោបាយ​ថ្មី​នេះ​ប្រព្រឹត្ត​ទៅគ្រប់​ជ្រុងជ្រោយ ក្រសួងទេសចរណ៍​បានរៀបចំ​ឱ្យមាន​សិក្ខាសាលា​ពិភាក្សា​លើ​សេចក្ដីព្រាង «​គោលនយោបាយ​ស្ដីពី​ទេសចរណ៍​ពិសេស​» ជាមួយ​ក្រសួង ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​នានា​ប្រមាណ​៦០​ស្ថាប័ន​នាពេល​ថ្មីៗ​នេះ​។​

​លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ទេសចរ​ពិសេស គឺ​ភាគច្រើន​ពួកគេ​ជា​អ្នកទេសចរ​ផង និង​អ្នកវិនិយោគ​/​ធុរជន​ផង ដែល​ពួកគេ​មាន​ក្រុមហ៊ុន អាជីវកម្ម មុខរបរ ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា ហើយ​នៅពេលដែល​ពួកគេ​មក​ពិនិត្យ​ក្រុមហ៊ុន អាជីវកម្ម​របស់ខ្លួន​ម្ដងៗ ពួកគេ​ក៏បាន​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​កម្ពុជា​ដែរ ហើយ​ស្នាក់នៅ​យូរ ចំណាយលុយ​ច្រើន ហើយ​មក​ច្រើនលើក​ថែមទៀត​។​

​លោក​បាន​រំលឹកថា កាលពី​ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​៦,៦​លាន​នាក់ ភ្ញៀវទេសចរ​ជាតិប្រមាណ​១១​លាន​នាក់ សរុប​ទាំងអស់​ជិត​២០​លាន​នាក់ ទទួលបាន​ចំណូល​សេដ្ឋកិច្ច​ជាតិប្រមាណ​៦​លាន​ដុល្លារ​អាមេរិក​។ ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ​៦,៦​លាន​នាក់​នៅ​ឆ្នាំ​២០១៩​នោះ មាន​ទេសចរ​ជា​អ្នកវិនិយោគ​/​ធុរជន​តែ​១០​ភាគរយ​ទេ ដូច្នេះ​រាជរដ្ឋាភិបាល​ចង់​បង្កើន​បរិមាណ​ទេសចរ​គុណភាព​នេះ​ឱ្យ​កើនឡើង​ថែមទៀត អាច​ថា​២០-៣០​ភាគរយ​នៃ​ទេសចរ​អន្តរ​។​

​លោក​រដ្ឋលេខាធិការ​ប្រចាំការ ក៏បាន​ពន្យល់​អំពី​គោលបំណង​សំខាន់ៗ​នៃ​គោលនយោបាយ​ស្ដីពី​ទេសចរ​ពិសេស​នេះ ដោយ​គោលបំណង​ទីមួយ គឺ​ដើម្បី​បង្កើន​ការទាក់ទាញ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រទេស​កម្ពុជា​ឱ្យបាន​ច្រើន​បន្ថែមទៀត ដូច្នេះ​ទើប​គោលនយោបាយ​ស្ដីពី​ទេសចរ​ពិសេស​នេះ​ក៏​នឹង​ក្លាយជា​យន្តការ​ក្នុងការ​ទាក់ទាញ​កំណើន​ទេសចរ​នាពេលខាងមុខ​។​

ទី​ពីរ គឺ​ដើម្បី​ពង្រីក​បរិមាណ​ទេសចរ​គុណភាព​។ ទេសចរ​គុណភាព​ខុសពី​ទេសចរ​ធម្មតា ខណៈ​ទេសចរ​ធម្មតា​គឺ​ពួកគេ​គ្រាន់តែ​មក​ទស្សនា​កម្សាន្ត​ក្នុង​រយៈពេល​ខ្លី​ណាមួយ ហើយ​ត្រលប់​ទៅវិញ ឬក៏​ត្រលប់មក​ទស្សនា​ទៀត រីឯ​ទេសចរ​គុណភាព​គឺ​ភាគច្រើន​ពួកគេ​ជា​អ្នកវិនិយោគ ជា​ធុរជន​ជាដើម ដែល​ពួកគេ​មាន​ក្រុមហ៊ុន អាជីវកម្ម មុខរបរ ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​។ លោក​បាន​បន្តថា ជាទូទៅ ភ្ញៀវទេសចរ​ម្នាក់​ចំណាយ​ជា​មធ្យម​៧០០​ទៅ​៨០០​ដុល្លារ​ក្នុង​ដំណើរ​មក​ទស្សនា​កម្ពុជា​១​លើក ប៉ុន្តែ​ភ្ញៀវទេសចរ​គុណភាព​អាច​ចំណាយ​ចាប់ពី​២.០០០​ទៅ​៣.០០០​ដុល្លារ​ក្នុង​ម្នាក់ ហើយ​មក​ញឹកញាប់​ជាង​ទេសចរ​ធម្មតា​ទៀត​។​

​ចំពោះ​ទី​បី លោក ទិ​ត ចន្ថា បាន​បញ្ជាក់ថា គោលនយោបាយ​ស្ដីពី​ទេសចរណ៍​ពិសេស ក៏មាន​គោលបំណង​ប្រែក្លាយ​ទេសចរណ៍ធម្មជាតិ​ឱ្យ​ចូលរួម​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​ដែរ​។ លោក​បាន​បន្តថា គោលនយោបាយ​ថ្មី​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​ទេសចរ​ធម្មតា​ប្រែក្លាយ​ទៅជា​ទេសចរ​ធុរជន តាមរយៈ​ការវិនិយោគ​ចូលរួម​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា ដូចជា​ការទិញ​ផ្ទះ​លម្ហែ ឬ​ផ្ទះ​ទី​២​នៅ​កម្ពុជា ហើយ​ចូលរួម​ធ្វើឱ្យមាន​ចរន្ត​ភ្ញៀវទេសចរ​ទៀត​ទាត់​នៅក្នុង​គោលដៅ​ទេសចរណ៍ ពីព្រោះ​ភ្ញៀវទេសចរ​ខ្លះ​នៅ​ប្រទេស​របស់​ពួកគេ​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង ដូច្នេះ​ពួកគេ​តែង​ចង់​មានផ្ទះ​ទី​២​នៅ​ប្រទេស​ដែលមាន​អាកាសធាតុ​ត្រជាក់​បង្គួរ​ដូចជា​កម្ពុជា ហើយ​រៀងរាល់​រដូវរងា​ម្ដងៗ​ពួកគេ​ប្រាកដជា​មក​ផ្ទះ​ទី​២​របស់​ពួកគេ ដើម្បី​សម្រាកលម្ហែ​និង​ដើរ​កម្សាន្ត​។ ពួកគេ​ក៏​នឹង​នាំ​ទាំង​សាច់ញាតិ​កូនចៅ​របស់ខ្លួន​មកជា​មួយ​ផងដែរ ដោយហេតុថា​ពួកគេ​មាន​ទាំង​មុខរបរ ក្រុមហ៊ុន អាជីវកម្ម​ផង មានផ្ទះ​ទី​២​នៅ​កម្ពុជា​ផង ហើយ​មក​ច្រើនលើក​ច្រើ​សា​ក្នុង​មួយឆ្នាំៗ​។ ក្រៅពី​ទេសចរ​ប្រភេទ​នេះ ក៏​នៅមាន​ប្រភេទ​ទេសចរ​ដែល​ចូលនិវត្តន៍ អ្នកមាន​លុយ​ច្រើន ឬក៏​មាន​ទេសចរ​វិស្សមកាល​ផងដែរ ពួកគេ​គឺ​សុទ្ធតែជា​ក្រុម​ទេសចរ​គុណភាព ដែល​កម្ពុជា​ត្រូវតែមាន​គោលនយោបាយ​ទាក់ទាញ​ពួកគេ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​ជាតិ ពង្រីក​ឱកាស​ការងារ​និង​អាជីវកម្ម បង្កើន​ប្រាក់ចំណូល សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។​

​លើសពីនេះ​លោក​រដ្ឋលេខាធិការ​ប្រចាំការ​បាន​បន្តទៀតថា ទេសចរ​ខ្លះ ពួកគេ​ធ្លាប់​រស់នៅក្នុង​ខុន​ដូ​ដែរ​ហើយ ដូច្នេះ​ពួកគេ​ក៏​ចង់​មាន​ដីធ្លី​ដើម្បី​សាងសង់​ផ្ទះ​លម្ហែ រី​ស៊​ត​លក្ខណៈ​គ្រួសារ មាន​ទេសភាព​ព័ទ្ធជុំវិញ ប៉ុន្តែ​ច្បាប់​របស់​កម្ពុជា​មិន​អនុញ្ញាតឱ្យ​ជនបរទេស​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​នោះទេ មាន​សិទ្ធិ​ត្រឹមតែ​ទិញ​ខុន​ដូ​។ ត្រង់ចំណុច​នេះ ការពិភាក្សា​លើ​សេចក្ដីព្រាង​គោលនយោបាយ​ស្ដីពី​ទេសចរ​ពិសេស ក៏​នឹង​បើក​កិច្ចពិភាក្សា​ទៅលើ​ចំណុច​ដែលថា «​តើ​គួរឱ្យ​ភ្ញៀវទេសចរ​ដែលជា​វិនិយោគិន ឬ​ធុរជន​អាច​ទិញ​ដី​សម្រាប់​សាងសង់​ផ្ទះ​លម្ហែ​បាន​ឬ​អត់​?» ប្រសិនបើ​បាន «​តើ​គួរ​កំណត់​សុពលភាព​ប៉ុន្មាន​ឆ្នាំ ឬ​កំណត់​គោលដៅ​សម្រាប់​ពួកគេ​នៅទីណា​ខ្លះ​»​។​

​លោក​បាន​បន្ថែមទៀតថា នៅពេល​គោលនយោបាយ​ស្ដីពី​ទេសចរ​ពិសេស​ត្រូវបាន​អនុម័ត​ហើយ​នោះ សមាគម​ក្នុង​វិស័យ​ទេសចរណ៍​ទាំងឡាយ​នឹងមាន​ឯកសារ​ផ្លូវការ​មួយ ដើម្បី​យកទៅ​ផ្សព្វផ្សាយ​ជូន​ភ្ញៀវទេសចរ​ដែល​ចង់​មានផ្ទះ​ទី​២ ផ្ទះ​លម្ហែ​លក្ខណៈ​គ្រួសារ ក៏ដូចជា​អ្នកវិនិយោគ ធុរជន​បរទេស​ដែល​ចង់​មាន​ក្រុមហ៊ុន អាជីវកម្ម​នៅ​កម្ពុជា ឬក៏​អ្នកមាន​ក្រុមហ៊ុន អាជីវកម្ម​នៅ​កម្ពុជា​ស្រាប់ ដែល​ចង់​មានផ្ទះ​សម្រាកលម្ហែ​ផ្ទាល់ខ្លួន​៕​

Post navigation