Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

របាយការណ៍ ៖ ប្រទេស​ក្រីក្រ​ប្រឈម​មុខ​នឹង​ការកើនឡើង​ថ្លៃ​សេវា​បំណុល​នៅ​ឆ្នាំ ២០២៤

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ របាយការណ៍​ស្រាវជ្រាវ​បាន​រកឃើញថា ប្រទេស​មួយចំនួន​ដែល​ងាយ​រងគ្រោះ​បំផុត​ចំពោះ​ការប្រែប្រួល​អាកាសធាតុ រួម​ទាំង​វៀតណាម​និង​កម្ពុជា​ប្រឈម​​មុខ​នឹង​ការកើនឡើង​យ៉ាង​ខ្លាំង​នៃ​ការបង់ថ្លៃ​សេវា​បំណុល​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ​។​

​ក្រុម​ប្រទេស​ងាយ​រងគ្រោះ​ទាំង​ម្ភៃ (V20) ពោល​ជា​ក្រុម​សេដ្ឋកិច្ច​ចំនួន ៥៥ ដែល​ប្រឈម​នឹង​វិបត្តិ​នៃ​បម្រែបម្រួល​អាកាសធាតុ រំពឹងថា ការទូទាត់​សេវា​បំណុល​នឹង​កើនឡើង​ដល់ ៦៩​ពាន់​លាន​​ដុល្លារ​នៅ​ឆ្នាំ ២០២៤ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​ទសវត្សរ៍​បច្ចុប្បន្ន នេះ​បើ​យោង​តាម​ការ​គណនា​ពី V20 និង មជ្ឈមណ្ឌល​គោលនយោបាយ​អភិវឌ្ឍន៍​សកល​របស់​សាកលវិទ្យាល័យ​បូ​ស្តុន​។​

​ក្រុម​អ្នកនិពន្ធ​បាន​និយាយថា ការកើនឡើង​នៃ​ការចំណាយ​នឹង​រារាំង​លទ្ធភាព​របស់​ពួកគេ​ក្នុង​ការវិនិយោគ​ក្នុង​ការការពារ​អាកាស​ធាតុ និង​ធ្វើអោយ​សេដ្ឋកិច្ច​របស់​ពួកគេ​ធ្លាក់ចុះ​។​

​ពួកគេ​បាន​និយាយថា ការទូទាត់​សេវា​បំណុល​នៅ​ឆ្នាំ ២០២២ មាន​ចំនួន ៦១,៥ ពាន់​លាន​ដុល្លារ ហើយ​គ្រោង​នឹង​មាន​ខ្ពស់ជាង​នេះ​នៅ​ឆ្នាំ ២០២៣​។​

​លោកស្រី លូ​ម៉ា រ៉ា​ម៉ូ​ស (Luma Ramos)​បាន​សរសេរ​នៅក្នុង​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៣​កញ្ញា​ថា ទីផ្សារ​ដែល​កំពុង​ងើបឡើង​និង​ប្រទេស​កំពុងអភិវឌ្ឍន៍​(EMDs)​កំពុង​​ជួប​ការលំបាក​ជាមួយ​ជំងឺ​រាតត្បាត​កូវី​ដ​១៩ សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុ​យក្រែន វិបត្តិ​អាកាសធាតុ និង​ការដំឡើង​អត្រា​ការប្រាក់​នៅក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​។​

​គម្រោង​បន្ធូរបន្ថយ​បំណុល​មួយចំនួន​សម្រាប់​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ បន្ទាប់​ពី​ជំងឺ​រាតត្បាត​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​កាន់តែ​រញ៉េរញ៉ៃ​និង​រារាំង​សេដ្ឋ​​កិច្ច​ជុំវិញ​ពិភពលោក​។​

​ទោះយ៉ាងណា វឌ្ឍនភាព​មាន​ភាពយឺតយ៉ាវ ហើយ​គម្រោង​មួយចំនួន​ដូចជា គំនិត​ផ្តួចផ្តើម​ការផ្អាក​សេវា​បំណុល (DSSI) បាន​ផុតកំណត់​ហើយ​។​

​របាយការណ៍​បាន​បន្ថែមថា “​បើ​គ្មាន​ការបន្ធូរបន្ថយ​បំណុល​និង​វិធានការ​បំពេញបន្ថែម​ផ្សេងទៀត​ដូចជា​ជំនួយ​ទេ បណ្តា​ប្រទេស V20​នឹង​ពន្យារ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការប្រមូល​ផល​នៃ​ការ​​វិនិយោគ​អាកាសធាតុ ដូច​ជា​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ភាព​ធន់ និង​ការពង្រឹង​ការផលិត​ថាមពល​តាមរយៈ​ថាមពល​កកើត​ឡើងវិញ​”​។​

​បន្ថែម​ពីលើ​ភាពស្មុគស្មាញ​នេះ​គឺ​ការផ្លាស់ប្តូរ​រចនា​សម្ព​ន្ធ​ម្ចាស់បំណុល​នៅ​ទូទាំង​បំណុល​សាធារណៈ​ខាងក្រៅ​ចំនួន ៦៨៦,៣ ពាន់​លាន​ដុល្លារ ដែល​ជំពាក់​ដោយ​ប្រទេស V20 ។ របាយការណ៍​បាន​រកឃើញថា ម្ចាស់បំណុល​ឯកជន​នានា​ឥឡូវនេះ​គឺជា​ក្រុម​ធំ​បំផុត ដែល​កាន់កាប់​បំណុល​ច្រើនជាង​មួយ​ភាគ​បី ខណៈ​ធនាគារពិភពលោក​និង​ស្ថាប័ន​ពហុភាគី​ផ្សេង​ទៀត​កាន់​កាប់​ម្នាក់ៗ​ចំនួន​មួយ​ភាគ​ប្រាំ​នៃ​​បំណុល​។ បណ្តា​ប្រទេស V20 ជំពាក់ ៧ ភាគរយ​នៃ​បំណុល​សរុប​របស់​ចិន ខណៈ ១៣ ភាគរយ​ជំពាក់​ទៅ​បណ្តា​ប្រទេស​ម្ចាស់បំណុល​ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ហៅថា Paris Club ។​

​អ្នកនិពន្ធ​ក៏​បាន​ជំរុញ​ឱ្យ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការវិភាគ​អំពី​និរន្តរភាព​បំណុល​របស់​ខ្លួន​ដើម្បី​គណនា​ហានិភ័យ​អាកាសធាតុ​ដែល​ប្រទេស​ងាយ​រងគ្រោះ​ប្រឈមមុខ​​ផងដែរ​។​

​របាយការណ៍​បាន​រកឃើញថា “​ដោយហេតុ​ថា​ផល​ប៉ះពាល់​អាកាសធាតុ​កំពុង​បង្កើន​ថ្លៃ​ដើមទុន​សម្រាប់​ប្រទេស​ដែល​ងាយ​រងគ្រោះ ការផ្សារភ្ជាប់​គ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​ការប្រែប្រួល​អាកាសធាតុ​និង​និរន្តរភាព​បំណុល​ចាំបាច់​ត្រូវតែ​យកចិត្តទុកដាក់ ហើយ​គួរតែ​ជូនដំណឹង​ដល់​ការពិភាក្សា​អំពី​ប្រទេស​ដែល​ត្រូវការ​ការបន្ធូរបន្ថយ​បំណុល​”​។​

​ប្រទេស​សេដ្ឋកិច្ច V20 រួមមាន បា​បា​ដូស កម្ពុជា កូ​ស្តារី​កា អេត្យូ​ពី ហុងឌូ​រ៉ាស់ លី​បង់ ម៉ារ៉ុក នេ​ប៉ាល់ ហ្វីលីពីន រ៉​វ៉ាន់ដា សេណេ​ហ្គាល់ ស៊ូដង់ តង់​ហ្សា​នី ទុយ​នី​ស៊ី ទូ​វ៉ា​លូ និង វៀតណាម​៕

សង្កាត់​ឈួង​មីនៅ​ខាង​ក្រៅ​ទីក្រុង​ហាណូយ​ត្រូវបាន​ជន់​លិច​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០២២​

Post navigation