Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តកសិករ ដាំម្រេច គួរពិនិត្យគុណភាព នៅមន្ទីរពិសោធន៍ ឲ្យត្រឹមត្រូវ មុនធ្វើការនាំចេញ

Views: 3

ដោយ: ពៅនិមល / ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យកសិករ អ្នកផលិតម្រេច ត្រូវធ្វើការពិនិត្យគុណភាពម្រេច នៅមន្ទីរពិសោធន៍ ឲ្យបានត្រឹមត្រូវសិន មុននឹងសម្រេចធ្វើការនាំចេញ។

នៅក្នុងដំណើរទស្សនកិច្ចខ្សែច្រវ៉ាក់ផលិតកម្មម្រេច របស់ក្រុមហ៊ុនសិលាផិភើរ ខូអិលធីឌី (Sela Pepper Co.,LTD) នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ លោករដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្ត ដល់ប្រជាកសិករ ឲ្យធ្វើការដាំម្រេច តាមលក្ខណៈបច្ចេកទេស ដើម្បីទទួលគុណភាព ស្តង់ដាល្អ ឆ្លើយតបនឹងតម្រូវទីផ្សារ និងមានតម្លៃខ្ពស់។

លោក ឌិត ទីណា បានណែនាំដល់កសិករ អ្នកផលិតម្រេច ត្រូវធ្វើការពិនិត្យគុណភាព ម្រេច នៅមន្ទីរពិសោធន៍ ឲ្យត្រឹមត្រូវ មុនធ្វើការនាំចេញ។ ជាមួយគ្នានេះ លោកបានស្នើឲ្យ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរខេត្តត្បូងឃ្មុំ ឲ្យយកចិត្តទុកដាក់ពន្យល់ ណែនាំ ដើម្បីឲ្យពួកគាត់ អាចទទួលបានវិញ្ញាបនបត្រ ការអនុវត្តកសិកម្មល្អ GAP នាពេលខាងមុខ ផងដែរ។

កញ្ញា ស៊ឹង សុផា អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Sela Pepper បានឲ្យដឹងថាៈ ម្រេច ត្រូវបានស្គាល់ជា ផលិតផលម្រេច ដែលមានគុណភាពល្អដាច់គេ លើទីផ្សារ ពិភពលោក ហើយកម្ពុជា ត្រូវបានចាត់ចូលជាប្រទេស ដែលមានចំណាត់ថ្នាក់ទី៥ លើពិភពលោក ដែលផលិតម្រេច ចំនួនច្រើន រហូតដល់ ២៥ ០០០ តោន ក្នុងមួយឆ្នាំ។
កញ្ញា បានរៀបរាប់ឲ្យដឹងទៀតថាៈ ដោយហេតុថា នៅឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២ ជំងឺរាតត្បាតជំងឺកូវីដ-១៩ ការផលិត និងការនាំចេញ មានការរាំងស្ទះជាខ្លាំង ដោយសារតែវិបត្តិសេដ្ឋកិច្ចពិភពលោក និងកង្វះទូកុងតឺនឺ ទើបធ្វើឲ្យតម្លៃដឹកជញ្ជូន តាមផ្លូវទឹក ឡើងថ្លៃរហូតដល់ ១០ ដងឯណោះ។

កញ្ញា សុផា បានឲ្យដឹងទៀតថាៈ រហូតមកដល់ពេលនេះ ការប្រមូលទិញរបស់ក្រុមហ៊ុន នៅមានកម្រិតត្រឹមតែ ១០០ តោន ក្នុងមួយឆ្នាំ ប៉ុន្តែអ្វីដែលក្រុមហ៊ុន បានជោគជ័យកន្លង មក គឺការធ្វើទីផ្សារ ផ្សព្វផ្សាយ ម៉ាកផលិតផលប្រទេសកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងបង្កើនបាននូវតម្លៃបន្ថែម ជូនដល់កសិករ។ យើងសង្ឃឹមថា ក្នុងឆ្នាំ២០២៣នេះ ការប្រមូលទិញ នឹងកើនរហូតដល់ ១ ០០០ តោន ដោយសារតែការរៀបចំផែនការ ច្បាស់លាស់ និងការបើកទីផ្សារប្រទេសចិនដ៏ធំ នៅពេលឆាប់ៗនេះ។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្រ្តីកសិកម្ម ក្នុងពេលនេះ កញ្ញា បានប្រាប់ ឲ្យដឹងថាៈ ក្នុងគោលបំណង ដើម្បីប្រាប់ពីបញ្ហាប្រឈម របស់កសិករ​កំពុងជួបប្រទះ ក៏ដូចជា ចង់បើកទីផ្សារនាំចេញបន្ថែម ទៅកាន់ប្រទេសចិន ខណៈក្រុមហ៊ុន កញ្ញា បច្ចុប្បន្ន បានធ្វើការនាំចេញរួចហើយ ទៅកាន់ប្រទេសអាល្លឺម៉ង់ តៃវ៉ាន់ ប៉ូឡូញ សហរដ្ឋអាម៉េរិក វៀតណាម និងប្រទេសមួយចំនួនទៀត នៅអាស៊ីផងដែរ។

ក្រុមហ៊ុន Sela Pepper ជារោងចក្រកែច្នៃម្រេចរបស់កម្ពុជា ដំបូងគេ ចាប់ផ្តើមតាំងពី ឆ្នាំ២០១៥ ដែលមានទីតាំងនៅខេត្តត្បូងឃ្មុំ ដែលជាកន្លែងដាំដុះ និងកន្លែងប្រមូលផ្តុំ ម្រេចកម្ពុជា ច្រើនជាងគេ ក្នុងប្រទេស។ រោងចក្រនេះ អាចផលិតម្រេចចំនួន ១តោនកន្លះ ក្នុងម៉ោង ដែលមានបំពាក់ទៅដោយម៉ាស៊ីនសម្ងួត ម៉ាស៊ីនសម្អាត ម៉ាស៊ីនសម្លាប់មេរោគ ម៉ាស៊ីនកិន ម៉ាស៊ីនវេចខ្ចប់ និងបន្ទប់ពិសោធន៍។ រាល់គ្រប់ផលតិផលរបស់ ក្រុមហ៊ុនមួយ នេះ ត្រូវបានធានាទៅលើគុណភាព និងសុវត្ថិភាព ១០០% ហើយគោរពទៅតាមគោល ការណ៍ច្បាប់សង្គម៕ V / N

Post navigation