Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​អនុម័ត​ច្បាប់​ថ្មី​ស្តីពី​គណបក្សនយោបាយ​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល ដែល​គ្រប់គ្រង​ដោយ​យោធា​មី​យ៉ាន់​ម៉ា​បានអនុម័ត​ច្បាប់​ថ្មី​មួយ​ស្តីពី​ការចុះឈ្មោះ​គណបក្សនយោបាយ​ដែល​នឹង​ធ្វើឱ្យមាន​ការលំបាក​សម្រាប់​ក្រុម​​ប្រឆាំង​ក្នុងការ​ប្រជែង​ជាមួយ​បេក្ខជន​ដែល​គាំទ្រ​ដោយ​កងទ័ព​នៅ​ក្នុងការ​បោះឆ្នោត​ទូទៅ ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ចុងឆ្នាំ​នេះ​។​

​ច្បាប់​បោះឆ្នោត​ថ្មី ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​មករា​នៅក្នុង​កាសែត​រដ្ឋ Myanma Alinn គឺកំណត់​ការផ្តល់​មូលនិធិ​អប្បបរមា​និង​កំហិត​ចំនួន​សមាជិកភាព​សម្រាប់​គណបក្ស​ដែល​ចូល​​រួម​ក្នុង​ការបោះឆ្នោត​។ ច្បាប់​នេះ​ក៏​ហាមឃាត់​ការចូលរួម​ដោយ​គណបក្ស ឬ​បេក្ខជន​ដែល​ត្រូវបាន​ចាត់ទុក​ថា​ខុសច្បាប់​ឬ​ជាប់​ពាក់ព័ន្ធ​នឹង​អង្គការ​នានា​ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​យោធា​ថា​ជា​​ក្រុម​ភេរ​វករ​ផងដែរ​។​

​រំលឹកថា កងទ័ព​បាន​ដណ្តើម​អំណាច​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២១ ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី អ៊ុង​សាន សូ​ជី​ដោយ​ចាប់ខ្លួន​លោកស្រី​និង​សមាជិក​កំពូល​នៃ​គណបក្ស​សម្ពន្ធជាតិ​ដើម្បី​ប្រជា​ធិ​​បតេ​យ្យ​ដែល​កំពុង​គ្រប់គ្រង​អំណាច​របស់​លោកស្រី ដែល​បាន​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​សម្រាប់​អាណត្តិ​ទី​ពីរ​នៅក្នុង​ការបោះឆ្នោត​សកល​ខែវិច្ឆិកា ឆ្នាំ ២០២០​។​

​កងកម្លាំង​សន្តិសុខ​បាន​បង្ក្រាប​ការប្រឆាំង​ជា​ទូទៅ​ដោយ​ប្រើ​កម្លាំង​យ៉ាង​សាហាវ​សម្លាប់​ជន​ស៊ីវិល​ជិត ២.៩០០ នាក់ និង​ចាប់ខ្លួន​មនុស្ស​រាប់ពាន់​នាក់​ទៀត​ដែល​ចូលរួម​ក្នុង​ការតវ៉ា​អហិង្សា​។ ការបង្ក្រាប​យ៉ាង​សាហាវ​នេះ​បាន​បង្ក​ឱ្យ​មាន​ការតស៊ូ​ប្រដាប់​អាវុធ​នៅក្នុង​ផ្នែក​ភាគច្រើន​នៃ​ប្រទេស​។ រដ្ឋាភិបាលយោធា​បានចាត់ទុក​អង្គការ​ធំៗ​ដែល​ប្រឆាំង​នឹង​ការគ្រប់គ្រង​របស់​កង​ទ័ព​ថា​ជា​ក្រុម “​ភេរ​វករ​” ហើយ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួកគេ​ត្រូវបាន​ប្រកាសថា​ខុសច្បាប់​។​

​ច្បាប់​ថ្មី​នេះ​ផ្តល់​ពេល​ពីរ​ខែ​ដើម្បី​ចុះ​ឈ្មោះ​ឡើងវិញ​ជាមួយ​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​សហភាព ហើយ​និយាយ​ថា បក្ស​ណា​ដែល​មិន​មក​ចុះឈ្មោះ “​នឹង​ត្រូវ​អ​សុពលភាព​ដោយ​ស្វ័យប្រវត្តិ​”​ហើយ​​ចាត់ទុក​ថា​ត្រូវ​បាន​រំលាយចោល​។​

​គណបក្ស​ដែល​ប្រកួតប្រជែង​ទូទាំង​ប្រទេស​ត្រូវ​មាន​ស​មាជិក​យ៉ាងតិច ១០០.០០០ នាក់​ក្នុង​រយៈពេល​បី​ខែ​បន្ទាប់​ពី​ការចុះឈ្មោះ ដែល​ខ្ពស់​ជាង​កម្រិត​អប្បបរមា ១០០​ដង​ដែល​មានចែង​ក្នុង​ច្បាប់​​ដែល​បាន​ប្រើ​ក្នុង​ការបោះឆ្នោត​ឆ្នាំ ២០២០​។ ច្បាប់​នេះ​ចែងថា គណបក្ស​នានា​ក៏​ត្រូវ​បើក​ការិយាល័យ​យ៉ាងហោចណាស់​ពាក់កណ្តាល​នៃ​ទីប្រជុំជន​ចំនួន ៣៣០ របស់​ប្រទេស​ក្នុង​រយៈពេល​ប្រាំ​មួយខែ ហើយ​ត្រូវតែ​អាច​ប្រកួតប្រជែង​បាន​យ៉ាង​ហោច​ណាស់​ពាក់កណ្តាល​នៃ​មណ្ឌល​បោះឆ្នោត​ទាំងអស់​។​

​ក្រុម​អ្នក​រិះគន់​បាន​និយាយ​រួចហើយ​ថា ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​យោធា​នឹងមិន​សេរី​ឬ​យុត្តិធម៌​នោះទេ ដោយសារតែ​មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី​ហើយ​មេដឹកនាំ​ភាគច្រើន​នៃ​គណបក្ស​សម្ពន្ធ​​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​ស៊ូ​ជី​ត្រូវបាន​ចាប់ខ្លួន​។ លោកស្រី​ស៊ូ​ជី អាយុ ៧៧ ឆ្នាំ កំពុង​ជាប់​ពន្ធនាគារ​សរុប​ចំនួន ៣៣ ឆ្នាំ​បន្ទាប់ពី​ត្រូវបាន​ផ្តន្ទាទោស​នៅក្នុង​ការកាត់ក្តី​ជា​បន្តបន្ទាប់​ដែល​​មាន​ចរិត​នយោបាយ ដែល​ប្តឹង​ដោយ​អាជ្ញាធរ​យោធា​៕

​មេដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា លោក មីន អ៊ុង​ហ្លាំង ថ្លែង​សារ​នៅ​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃទី​២៣ មិថុនា ឆ្នាំ​២០២១​

Post navigation