Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រី​ទេសចរណ៍ ណែនាំ​ឱ្យ​មន្ទីរ​ទេសចរណ៍ ទប់ស្កាត់​ល្បែងស៊ីសង ក្នុង​អាជីវកម្ម​ទេសចរណ៍​

Views: 9

ដោយ​: សុផល / ភ្នំពេញ​៖ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់ សកម្មភាព​ល្បែងស៊ីសង នៅ​ទូទាំងប្រទេស លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានប្រកាស​ឱ្យ​ប្រធាន​មន្ទីរ​ទេសចរណ៍ ទាំង​២៥ រាជធានី​-​ខេត្ត ចូលរួម​សហការ ទប់ស្កាត់ សកម្មភាព​ល្បែងស៊ីសង ក្នុង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ឱ្យបាន​ផុសផុល​។​

​តាមរយៈ​សារាចរ​ណែនាំ ស្ដីពី​ការបង្ការ និង​ទប់ស្កាត់​សកម្មភាព​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ណែនាំ​ទៅកាន់ ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​បន្ត​ចុះ​ក្រើនរំលឹក និង​ណែនាំ​ដល់ គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​រាល់​ច្បាប់ បទ​ប្បញ្ញត្តិ​ជា​ធរមាន និង​លក្ខខណ្ឌ​នានា ដែលមាន​ភ្ជាប់​នឹង​អាជ្ញា​បណ្ណ​ទេសចរណ៍​។​

​លោក​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ត្រូវ​ចាត់តាំង​ឱ្យមាន​បុគ្គលិក ប្រចាំការ ដើម្បី​តាមដាន និង​រាយការណ៍ ឬ​ប្ដឹង​ជាបន្ទាន់​ទៅ​នគរបាល​ទេសចរណ៍ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​នៅ​ជិត​បំផុត ក្នុងករណី​សង្ស័យថា មានការ​ប្រព្រឹត្ត បទល្មើស​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ឬ​បទល្មើស​ផ្សេងទៀត​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បន្ត​ណែនាំ​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងឡាយ មិនត្រូវ​ធ្វេសប្រហែស ឬ​បង្កលក្ខណៈ​ឱ្យ​ជន​ឆ្លៀតឱកាស​ប្រើប្រាស់ ទីតាំង​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ឬ​បទល្មើស​ផ្សេងទៀត​នោះឡើយ​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញឱ្យមាន​កិច្ចសហការ ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អាជ្ញាធរ​ដែនដី ដើម្បី​អនុវត្ត​ចំពោះ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ទាំងឡាយណា ដែល​មិនបាន​រៀបចំ​ទីតាំង​របស់ខ្លួន​តាម​កា​រ​ណែនាំ ទោះបីជា​អ​ចេតនា​ក្តី នឹង​ក្លាយជា​កម្មវត្ថុ​នៃ ការលុបចោល​អាជ្ញា​បណ្ណ​ទេសចរណ៍ ស្របតាម​ស្មារតី​មាត្រា​៤៤ នៃ​ច្បាប់​ស្តីពី​ទេសចរណ៍​។​

​គួរ​ជម្រាប​ថា ការចេញ​សារាចរ​ណែនាំ​នេះ​ធ្វើឡើង ដោយយោង​តាម​សារ​សំឡេង ពិសេស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ ដែល​បញ្ជា​ឱ្យ​ក្រសួង ស្ថាប័ន មន្ត្រី​មាន​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ ចូលរួម​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ នៅ​ទូទាំងប្រទេស​កម្ពុជា​៕/V​

Post navigation