Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការត្រៀម​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៧ ឆ្នាំ​២០២៣ នៅ​ខេត្តកំពង់ធំ​

Views: 4

ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ​ដោយមាន​ការចូលរួម​ពី​តំណាង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋបាលខេត្ត​និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ប្រមាណ​១២០​នាក់​។​កិច្ច​ប្រជុំបាន​ប្រព្រឹត្តិ​ទៅនា​រសៀល​ថ្ងៃទី​៣១ ខែមករា​នេះ​នៅ​សាលាខេត្ត​កំពង់ធំ​ពិធីបុណ្យ​ទន្លេ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៨-១០ ខែមីនា​ក្រោម​ប្រធានបទ «​ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន និង​អនាគត​»​។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​នា​ល្ងាច​ថ្ងៃទី​៩ ខែមីនា​។​

​ប្រភព​ក្រសួងទេសចរណ៍​នៅ​រសៀល​ថ្ងៃទី​៣១ ខែមករា​បានឱ្យដឹងថា ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧​នេះ នឹងមាន​ព្រឹត្តិការណ៍ និង​សកម្មភាព​ទាក់ទាញ​ជាច្រើន ដូចជា​ការផ្សាយ​ផ្ទាល់​នូវ​ការសម្ដែង​ទស្សនីយភាព​សិល្បៈ និង​ការប្រគំ​តន្ត្រី មហោស្រព​ម្ហូបអាហារ​ខ្មែរ និង​អន្តរជាតិ ស្រា និង​ភេសជ្ជៈ ការតាំងពិព័រណ៍​ផលិតផល​ក​សិ​ទេសចរណ៍ និង​ផលិតផល​ក្នុងស្រុក និង​សកម្មភាព​កីឡា​លើគោក និង​លើទឹក​

​ដើម្បី​ជំរុញ​ដំណើរការ​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៧​នេះ​ឲ្យ​បាន​រលូន និង​ទទួលបាន​ជោគជ័យ រាជរដ្ឋាភិបាល​បានចេញ​សេចក្ដីសម្រេច​មួយ​លេខ ០៩​សសរ ចុះ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣ ស្ដីពី​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ចាប់ពី​ថ្ងៃទី​០៨-១០ ខែមីនា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន និង​អនាគត​»​។​

​បន្ថែម​លើ​នេះ​លោក ថោង ខុន ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ក៏បាន​ចេញ​ជា​សេចក្ដីសម្រេច​មួយ​លេខ ០២៤​សសរ ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣ ស្ដីពី​ការបង្កើត និង​តែងតាំង​សមាសភាព​អនុគណៈកម្មការ និង​លេខាធិការដ្ឋាន ដែល​រួមមាន​៖​អនុគណៈកម្មការ​រៀប​ចំ​ខ្លឹមសារ និង​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​, អនុគណៈកម្មការ​ហិរញ្ញវត្ថុ ស្នាក់នៅ ហូបចុក ដឹកជញ្ជូន និង​បដិសណ្ឋារកិច្ច​, អនុគណៈកម្មការ​ឃោសនា​ផ្សព្វផ្សាយ តាំងពិព័រណ៍​សមិទ្ធិផល​នានា និង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ ក្រុម​តន្ត្រី​ចល័ត​ពេល​ថ្ងៃ មហោស្រព​ម្ហូបអាហារ និង​តុបតែង​លំអរ​ក្នុង​ពិធី​, អនុគណៈកម្មការ​រៀប​ចំ​ទស្សនីយភាព​សិល្បៈ​និង​ព្យុហយាត្រា​, អនុគណៈកម្មការ​រៀប​ចំ​កីឡា​លើគោក និង​កីឡា​លើទឹក​, អនុគណៈកម្មការ​សន្តិ​សុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សង្គ្រោះបន្ទាន់​និង លេខាធិការដ្ឋាន​។​

​ប្រភព​ដដែល​បន្តថា ក្រោយពី​អនុគណៈកម្មការ​នីមួយៗ​បាន​ឡើងរាយការណ៍​ពី​លទ្ធផល​ការងារ​រួចមក​លោក ថោង ខុន ប្រធាន​អង្គ​ប្រជុំបាន​ណែនាំ​ដល់​អនុគណៈកម្មការ​ទាំ​ង​អស់​និង​លេខាធិការដ្ឋាន​បន្ត​ខិតខំ​អនុវត្ត​ការងារ​របស់ខ្លួន​ឲ្យ​បានល្អ ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាលខេត្ត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​ផ្នែក​ឯកជន​សំដៅ​ធ្វើឱ្យ ព្រឹត្តិការណ​បុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ធំ​ក្លាយជា​ឱកាស​ដ៏​ល្អប្រសើរ​សម្រាប់​ពង្រឹងគុណភាព​ផលិតផល​សេវាកម្ម​ទេសចរណ៍ និង​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខេត្ត ពិសេស​លើកកម្ពស់​មុខមាត់ និង​កិត្យានុភាព​របស់​ខេត្តកំពង់ធំ​៕​សរន​

Post navigation