Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រី ថោង ខុន បង្ហាញ​អំពី​កិច្ចខិតខំ​កម្ពុជា​ក្នុងការ​ស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​

Views: 7

ដោយៈ​សុផល​/​ភ្នំពេញៈ តប​តាម​ការអញ្ជើញ​របស់​ឥណ្ឌូនេស៊ី​ជា​ម្ចាស់ផ្ទះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២​នេះ បាន​ដឹកនាំគណៈប្រតិភូ​ក្រសួងទេសចរណ៍​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​ប្រទេស G20 នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។​

 ( លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា )

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ទទួលបន្ទុក​ទេសចរណ៍ នៃ​ប្រទេស​G20, ប្រទេស​ជា​ភ្ញៀវ​ចំនួន ២៤​ប្រទេស ព្រមទាំង​មាន​អង្គការ និង​សហគមន៍​អន្តរជាតិ​ពាក់ព័ន្ធ​ចំនួន​៩ ផងដែរ​ក្នុងនោះ​ក៏មាន​ដូចជា អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO), ដៃគូរ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​ធំៗ​ក្នុង​ពិភពលោក​មួយចំនួន​។​

​ក្នុងនាម​កម្ពុជា ជា​ប្រធាន​អាស៊ាន និង​តំណាង​ឲ្យ​វិស័យ​ទេសចរណ៍​អាស៊ាន លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ជូន​អង្គប្រជុំ​ថា ប្រធានបទ​សម្រាប់​ប្រធាន G20 ឥណ្ឌូនេស៊ី ឆ្នាំ​២០២២​នេះ គឺ «​ស្តារឡើងវិញ​ទាំងអស់គ្នា​, ស្តារឡើងវិញ​ខ្លាំង​ជាង​មុន (Recover Together, Recover Stronger )» ដើម្បី​បង្កើនល្បឿន​នៃ​ការស្ដារ​ឡើងវិញ​បន្ទាប់ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ប្រធានបទ​នេះ ពិតជា​ស្រប​នឹង​ប្រធានបទ​អាស៊ាន​ឆ្នាំ​២០២២ ក្រោម​ភាពជា​ប្រធាន​របស់​កម្ពុជា «A.C.T: Addressing Challenges Together (​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​)» ហើយ​ជាពិសេស​កាន់តែ​ជាប់​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​។​

​ក្នុង​សុន្ទរកថា លោក​រដ្ឋមន្ត្រី​បាន​ចែករំលែក​បទពិសោធន៍ នៃ​កិច្ចខិតខំ​ស្ដារ​វិស័យ​ទេសចរណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ព្រមទាំង​បង្ហាញ​អំពី​អាទិភាព​មួយចំនួន​ក្នុងការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន ដែល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ដឹកនាំ​ដោយ​កម្ពុជា បានដាក់ចុះ នា​អំឡុង​វេទិកា​ទេសចរណ៍​អាស៊ាន ២០២២ (ATF2022) នៅ​ក្រុងព្រះសីហនុ ។

​លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង​និង​គួសបញ្ជាក់​អំពី បទពិសោធន៍​កម្ពុជា​ក្នុង​រយៈពេល​ជាង ២​ឆ្នាំ កន្លងមកនេះ នៅក្នុង​ការទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ និង​ដោះស្រាយ​ផលប៉ះពាល់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព តាមរយៈ​ការដាក់​ចុះ​នូវ​វិធាន​សុខាភិបាល និង​រដ្ឋបាល ការអន្តរាគមន៍​សេដ្ឋកិច្ច និង​សង្គម​នានា ក្នុង​ស្មារតី​បុ​រេ​សកម្ម​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​បន្ថែមថា បច្ចុប្បន្ន​កម្ពុជា​កំពុងតែ​អនុវត្ត​យ៉ាងសកម្ម និង​ជោគជ័យ​នូវ​ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ការស្តារ​ទេសចរណ៍​កម្ពុជា ២០២០-២០២៥ ហើយ​ក៏បាន​រំលឹក​ពី​ការ ឆ្លងកាត់​ការប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ នៅក្នុង​តំបន់​អាស៊ាន​។

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ប្រទេស G20 និង​ដៃគូ​អភិវឌ្ឍន៍​នានា ផ្ដល់​ការគាំទ្រ និង​សហការ​ជាមួយ​អាស៊ាន ដើម្បី​ជួយ​អភិវឌ្ឍ​ទេសចរណ៍​អាស៊ាន ស្របតាម​យុ​ទ្ឋ​សាស្ត្រ​អាទិភាព​នានា​ខាងលើ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​ប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស G20 មក​ទស្សនា​កម្ពុជា និង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គា​ម ២០២៣ នៅ​កម្ពុជា ផងដែរ​។​

​គួរកត់សម្គាល់​ផងដែរ​ថា វិស័យ​ទេសចរណ៍​ត្រូវបាន​ប្រទេស G20 និង​អង្គការ​ពិភព​លោកធំៗ ចាត់ទុកជា​វិស័យ​អាទិភាព ដែល​ត្រូវ​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​អភិវឌ្ឍន៍​ជាតិ និង​សាកលលោក ក្នុង​បរិបទ​ស្ដារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩៕​ N

Post navigation