Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីទេសចរណ៍ចេញអនុសាសន៍ណែនាំប្រាំចំណុចសម្រាប់ការសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស

Views: 1

ដោយៈសុផល/ ភ្នំពេញ៖ក្រសួងទេសចរណ៍នារសៀលថ្ងៃទី២៦ខែមករាបានរៀបចំកិច្ចប្រជុំពេញអង្គលើកទី០១របស់គណៈកម្មការអន្តរក្រសួងដើម្បី​សម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាអនុប្រធាន និងសមាជិកគណៈកម្មការអន្តរក្រសួង សរុបប្រមាណជិត ៩០នាក់។

កិច្ចប្រជុំពេញអង្គលើកទី០១នេះ បានផ្តោតលើរបៀបវារៈសំខាន់ៗ មានដូចជា៖ -ការអានសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាល លេខ ០១ សសរ ចុះថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៣ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង -របាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់គណៈកម្មការអន្តរក្រសួង -របាយការណ៍វឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត -ការងារទិដ្ឋាការ (Single Visa) រវាងកម្ពុជា-ម៉ាល់ឌីវ។

បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទេសចរណ៍ អានសេចក្តីសម្រេច និងរាយការណ៍លទ្ធផលការងារតាមរបៀបវារៈរួចមក លោក ថោង ខុន ប្រធានអង្គប្រជុំ បានដាក់ចេញនូវអនុសាសន៍ណែនាំចំនួន ០៥ចំនុច សម្រាប់គណៈកម្មការអន្តរក្រសួងអនុវត្តបន្ត រួមមាន៖ ១-អនុវត្តតួនាទីភារកិច្ចគណៈកម្មការអន្តរក្រសួងនេះតាមសេចក្តីសម្រេចដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរឲ្យកាន់តែប្រសើរ។ គណៈកម្មការអន្តរក្រសួងនេះគឺជាយន្តការល្អ និងអនុវត្តការងារបានប្រសិទ្ធភាពខ្ពស់ ដែលប្រទេសខ្លះនៅអឺរ៉ុបក៏បានសិក្សាយកគំរូតាមយន្តការអន្តរក្រសួងដែលកម្ពុជាកំពុងអនុវត្តផងដែរ ២-យកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹងរបស់ភ្ញៀវទេសចរ ក៏ដូចជាកាត់បន្ថយរបាំងមិនចាំបាច់ លុបបំបាត់ភាពអសកម្ម ដែលធ្វើឲ្យប៉ះពាល់ និងរំខានដល់ការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ ៣-បន្តផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាស្តីពីដំណើរទេសចរណ៍បើកបរដោយខ្លួនឯងតាមផ្លូវគោក ដើម្បីទាក់ទាញភ្ញៀវទេសចរបើកបរដោយខ្លួនឯងពីបណ្តាប្រទេសជិតខាង ជាពិសេសភ្ញៀវទេសចរចិនដែលមកតាមព្រំដែនកម្ពុជា-ឡាវ ៤-ណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នដូចជាអន្តោប្រវេសន៍ គយនិងរដ្ឋាករ និងចត្តាឡីស័កដែលត្រូវបម្រើការនៅតាមច្រកទ្វារអន្តរជាតិត្រៀមលក្ខណៈសម្បត្តិ សម្រាប់កំពង់ផែទេសចរណ៍ខេត្តកំពតដែលនឹងបើកដំណើរឆាប់ៗខាងមុខនេះ ៥-គណៈកម្មការអន្តរក្រសួងត្រូវជួបប្រជុំរៀងរាល់ត្រីមាស (៣ខែ) ម្តង ដើម្បីត្រួតពិនិត្យ និងពង្រឹងគុណភាពការងារចំពោះមុខក៏ដូចជាដោះស្រាយបន្ទាន់បញ្ហាអវិជ្ជមាននានា៕សរន/R

Post navigation