Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីការបរទេស ៖ «កម្ពុជា នឹងបន្តអនុវត្តនយោបាយការ បរទេសឯករាជ្យនិងផ្អែកលើច្បាប់ ដែលការពារផល ប្រយោជន៍ស្នូល ធានាអធិបតេយ្យភាពនិងសន្តិភាព និង ជំរុញទំនាក់ទំនងសេដ្ឋកិច្ច»

Views: 2

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជា​ណា​ចក្រកម្ពុជា បានអញ្ជើញធ្វើបទបង្ហាញជូនគណៈកម្មការកិច្ចការ​បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «គោល​នយោបាយការបរទេសកម្ពុជា ក្នុងបរិបទថ្មីនៃ​សណ្តាប់​ធ្នាប់ពិភពលោក» ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នំា២០២៣ នៅវិមានរដ្ឋសភា។

«ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរក​ប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសកល ពហុប៉ូល និង​ស្មុគ្រស្មាញ។ ការវិវត្តនេះបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់​ទំនង​អន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកប​ដោយគ្រោះ​ថ្នាក់» ។នេះគឺជាសេចក្តីផ្តើមនៃបទបង្ហាញរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ។

ចំពោះបរិបទអន្តរជាតិនិងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរៀបរាប់ដោយសង្ខេបនូវការវិវត្តមួយចំនួន ដូចជា ការ​ប្រកួតប្រជែងរវាងមហាអំណាចធំៗ ការបង្កើតសម្ព័ន្ធភាព​និងគំនិតផ្តួចផ្តើម យ៉ាងច្រើនអនេកលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍ នៅពាសពេញតំបន់ ផលប៉ះពាល់នៃជំងឺរាត​ត្បាតកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន វិបត្តិនៅមីយ៉ាន់ម៉ា និង​ភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាដើម។ល។
ចំពោះទិដ្ឋភាពក្នុងប្រទេសវិញ បទបង្ហាញក៏បានរំលេចផងដែរនូវ​ការ​គ្រប់គ្រងប្រកបដោយជោគជ័យនូវជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា ។ ការសម្រេចបាននូវស្នាដៃដ៏ធំធេងក្នុងការធ្វើជា​ប្រធាន​អាស៊ាននៅឆ្នាំ២០២២ កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មនិង​ស្មោះត្រង់ក្នុងតួនាទីជាប្រធានអាស៊ាន និងជាប្រេសិតពិសេស ដើម្បីដោះស្រាយវិបត្តិដ៏ស្មុគស្មាញនិងចាក់ឬសយ៉ាងជ្រៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងការទទួលស្គាល់ជាអន្តរជាតិចំពោះ​នយោបាយ​ការបរទេសឯករាជ្យ និងផ្អែកលើច្បាប់ របស់កម្ពុជា។

ជាទីបញ្ចប់ ក្នុងបរិបទនៃការប្រកួតប្រជែងដ៏ខ្លាំងក្លា និងភាព​មិនប្រាកដប្រជានៅក្នុងទំនាក់ទំនងអន្តរជាតិលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីនយោបាយការបរទេសដែល​ព្រះរាជាណាចក្រកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់។ ក្នុងចំណោមនយោ​បាយ​ការបរទេសទាំងនោះ រួមមាន ការការពារផលប្រយោជន៍​ស្នូលរបស់កម្ពុជា ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ នយោបាយ​ការទូតបុរេសកម្ម ដែលធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការអនុវត្ត​នយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ស្របតាម គោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហ​ប្រជាជាតិ និងអាស៊ាន ព្រមទាំងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជា​មួយ​ដៃគូដែលមានស្រាប់ និងដៃគូថ្មីៗ៕សរន / N

Post navigation