Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម វិនិយោគ និង​ឧស្សាហកម្ម​របស់​ក្រុម​ទេស G20

Views: 4

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០២២ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម វិនិយោគ និង​ឧស្សាហកម្ម​របស់​ក្រុម​ទេស G20 ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​២១​ដល់​២៣ ខែកញ្ញា ឆ្នាំ​២០២២ បន្ទាប់ពី​ខាង​ភាគី​ឥណ្ឌូនេស៊ី​ដែលជា​ម្ចាស់ផ្ទះ បាន​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ក្នុង​គោលបំណង ផ្លាស់ប្ដូរ​ទស្សនាទាន​ល្អៗ​លើ​និន្នាការ​សេដ្ឋកិច្ច​តំបន់ និង​សាកល ជាពិសេស​នៅក្នុង​បរិការណ៍​នៃ​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩​។​

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី បណ្ដា​រដ្ឋមន្ត្រី ដែល​មកពី​ក្រុម​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​G20 និង​ប្រទេស​មិនមែន​សមាជិក​ផ្សេងទៀត ដែល​ត្រូវបាន​អញ្ជើញ​ចូលរួម ព្រមទាំង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នានា ប្រមាណ​ជិត ៣០ ប្រទេស និង​ស្ថាប័ន​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ចូលរួម​ផ្លាស់ប្ដូរ​ទស្សនាទាន​ល្អៗ ក៏ដូចជា​អនុសាសន៍​មួយចំនួន ទៅលើ​ការងារ​សំខាន់ៗ ដូចជា កំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក តួនាទី​របស់​ប្រព័ន្ធ​ពហុភាគី​និយម​នៅក្នុង​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ការឆ្លើយតប​របស់​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​វិនិយោគ នៅ​ក្នុងការ​វិបត្តិ​កូ​វីដ​-១៩ និង​ការរៀបចំ​ប្រព័ន្ធ​សុខាភិបាល​សាកល ពាណិជ្ជកម្ម​ឌីជីថល និង​ច្រវាក់​តម្លៃ​សាកល ការវិនិយោគ​ប្រកបដោយ​ចីរភាព​នៅក្នុង​ការស្ដារ​សេដ្ឋកិច្ច​សាកល ឧស្សាហ​តូបនីយកម្ម​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព​តាមរយៈ​បដិវត្ត​ឧស្សាហកម្ម ៤.០​។​

​បន្ថែម​ពីនេះ លោក រដ្ឋមន្ត្រី បាន​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ ស្ដីពី​កំណែទម្រង់​ប្រព័ន្ធ​ដោះស្រាយ​វិវាទ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែលជា​ព្រឹត្តិការណ៍​អម​មួយ​នៅក្នុង​កិច្ចប្រជុំ​G20 ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) ផងដែរ​។​

​លើសពីនេះ​ទៀត លោក​រដ្ឋមន្ត្រី បាន​ឆ្លៀតឱកាស​អនុញ្ញាត​ទទួល​ជួប​ទ្វេភាគី​ជាមួយ​ប្រទេស​មួយចំនួន ដូចជា ចក្រភព​អង់គ្លេស អេ​មី​រ៉ាត់​អារ៉ាប់​រួម លោកស្រី​នាយក​ប្រតិបត្តិ របស់​អង្គការ UNESCAP ប្រចាំ​ទីក្រុង​បាងកក ជាដើម ដើម្បី​ពិភាក្សា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម របស់​កម្ពុជា​៕​ N

Post navigation