Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាល​ជលផល ជូនដំណឹង​ស្តីពី ការដេញថ្លៃ​ឈ្នួល​ដាយ​ត្រី លើក​ទី​២ នៅ​ភ្នំពេញ​

Views: 1

​ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជូនដំណឹង​ស្តីពី ការដេញថ្លៃ​ឈ្នួល​ដាយ​ត្រី ចំនួន ១១ គន្លង លើក​ទី​២ នៅ​រាជធានី​ភ្នំពេញ សម្រាប់ធ្វើ​អាជីវកម្ម ក្នុង​រដូវ​នេសាទ ឆ្នាំ​២០២២-២០២៣ និង ឆ្នាំ​២០២៣-២០២៤ ក្រោយពី​គ្មាន​អ្នកដាក់ពាក្យ​ដេញថ្លៃ កាលពី​លើក​ទី​១​។​

​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា ដោយ​លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល បន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល ចុះ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ បាន​សរស​រយោង កំណត់ហេតុ​ប្រជុំ​ថ្ងៃទី​៣ ខែសីហា ស្តីពី​ការដេញ​ថ្លៃឈ្នួល​ដាយ​ត្រី នៅ​រាជធានី​ភ្នំពេញ​ថា រដ្ឋបាល​ជលផល នឹង​រៀបចំ​ដេញថ្លៃ​ឈ្នួល​ដាយ​ត្រី ជា​លើក​ទី​២ សម្រាប់ធ្វើ​អាជីវកម្ម ក្នុង​រដូវ​នេសាទ ឆ្នាំ​២០២២-២០២៣ និង ឆ្នាំ​២០២៣-២០២៤ នៅ​ថ្ងៃទី​១៩ ខែសីហា ។​

​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១០ ខែសីហា​ថាៈ ការដេញថ្លៃ​ឈ្នួល​ដាយ​ត្រី លើក​ទី​១ នៅ​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២ ដោយមាន​អ្នកដាក់ពាក្យ ចំនួន​៨​នាក់ ដេញថ្លៃ​យក​គន្លង​ដាយ ចំនួន​៦ នៅសល់​គន្លង​ដាយ​ត្រី ចំនួន ១១ ទៀត គ្មាន​អ្នកដាក់ពាក្យ ដេញថ្លៃ លើក​ទី​១ និង​នៅក្នុង​ការប្រកាស លើក​ទី​២​នេះ ក៏​មិនទាន់មាន​អ្នកដាក់ពាក្យ នៅឡើយ​ដែរ​។ នៅពេល​ផុត​រយៈពេល​ប្រកាស​គន្លង​ដាយ​ត្រី ដែល​មិនមាន​អ្នកដាក់ពាក្យ ដេញថ្លៃ ត្រូវ​បង្វិល​ឱ្យទៅ​រដ្ឋបាល​ជលផល សម្រេច​នីតិវិធី​បន្តទៀត​។​

​ការដេញថ្លៃ​ឈ្នួល​ដាយ​ត្រី នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ដាយ​ត្រី​លេញ ដាយ​បង្កង នៅ​ខេត្តព្រៃវែង សម្រាប់ធ្វើ​អាជីវកម្ម ក្នុង​រដូវ​នេសាទ ឆ្នាំ​២០២២-២០២៣ និង ឆ្នាំ​២០២៣-២០២៤ លើក​ទី​១ នៅ​ខេត្តព្រៃវែង នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ គ្មាន​អ្នក​ដេញ តែមាន​អ្នក​សុំ​ជួល​បាន​ម្នាក់ នៅ​រាជធានី​ភ្នំពេញ ដេញថ្លៃ ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២ មាន​អ្នកដាក់ពាក្យ​ចំនួន ៨​នាក់ និង នៅ​ខេត្តកណ្តាល ដេញថ្លៃ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ មាន​អ្នកដាក់ពាក្យ ចំនួន​៤​នាក់​។​

​គន្លង​ដាយ​ត្រី ដែល​ត្រូវ​ដាក់ឱ្យ​ដេញថ្លៃ មាន​ចំនួន ១៧ នៅ​រាជធានី​ភ្នំពេញ ចំនួន ២៣ នៅ​ខេត្តកណ្តាល និង​ចំនួន​១៣ នៅ​ខេត្តព្រៃវែង ដែល​ក្នុងនេះ មាន​ដាយ​ត្រី​លេញ ចំនួន​៦ និង​ដាយ​បង្កង ចំនួន​៧៕/V​

Post navigation